ប្រជាពលរដ្ឋភូមិគីឡូ១២ ឃុំកោះតូច អ្នកស្រី សួន សៀន អាយុ៦៤ឆ្នាំ បានមានប្រសាសន៍ឲ្យដឹងថា ដីចម្ការទុរេនរបស់គាត់ទំហំ៤ហិកតាត្រូវរងផលប៉ះពាល់ដោយការឈូសកំណត់ព្រំដីនោះ។
អ្នកស្រី សួន សៀន ឲ្យដឹងដូច្នេះ ៖ «ខាងហ្នឹងខាងសុខគង់ ខាងក្រោមហ្នឹងដីកសិកម្ម គេថា ខាងខាំឡែនគេទាក់ទង។ គេមិនទាន់ទេព្រឹកមិញ (៣ កុម្ភៈ)។ កាលពីម្សិលមិញគេនិយាយថា ក្រុមហ៊ុនខាំឡែន ដល់ថ្ងៃហ្នឹងខាងស្រុក អាជ្ញាធរឃុំអីទៅ បរិស្ថានគេអត់និយាយទេ និយាយថា ដីកសិកម្មវិញ គេក្រឡាស់ពាក្យថា ដីកសិកម្មដីខាងក្រោម ដីលើដីបរិស្ថាន។ ចេះតែអង្វរខ្ញុំប្រជាជនហ្នឹងថា ឲ្យបើករបងហ្នឹងទៅ ហើយបើទៅរានខ្ញុំឈប់ភ្ជួរហើយ ខ្ញុំអត់ព្រមបើកទេ តែបើកភ្ជួរហើយ។ គេអត់ព្រមទេ គេនៅតែចង់ឲ្យខ្ញុំរុះរបងធ្វើផ្លូវត្រង់ចម្ការគេ ហើយដល់ធ្វើផ្លូវត្រង់ចេញពីចម្ការខ្ញុំមកចេះតែប៉ះហើយ ប្រជាជនច្រើនណាស់។ ចម្ការខ្ញុំធ្វើតាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៦ ចេញបង្កាន់ដៃឲ្យខ្ញុំ ដល់គេនិយាយលើកឡើងគេថា អត់ទទួលស្គាល់ទេបង្កាន់ដៃហ្នឹងយូរយារមកហើយ គេយកតាមដំណាក់កាលឥឡូវនេះ»។
អ្នកស្រីបានមានប្រសាសន៍ទៀតថា ដីចម្ការរបស់គាតជាកេរដូនតា ហើយមិនត្រឹមតែប៉ុណ្ណោះ មានលិខិតកាន់កាប់ត្រឹមត្រូវផងដែរ។
មេឃុំកោះតូច លោក ឈូក ផូ បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពគ្រឿងចក្រឈូសឆាយនោះបានផ្អាកសកម្មភាពបណ្តោះអាសន្នហើយដើម្បីរងចាំដំណោះស្រាយពីអភិបាលខេត្ត។
លោក ឈូក ផូ មានប្រសាសន៍ដូច្នេះ ៖ «យើងគ្រាន់តែមានគោលការណ៍មួយ ព្រោះខាងឧទ្យានជាតិគេចង់ឈូសកំណត់ព្រំប្រទល់ឧទ្យានជាតិនិងព្រំប្រទល់របស់ខាំឡែន ហើយមួយទៀតពាក់ព័ន្ធនឹងដីរបស់អ្នកភូមិយើង។ ព្រឹកមិញយើងបានដោះស្រាយហើយ ហាមឃាត់ដើម្បីរង់ចាំការដោះស្រាយសិន ឲ្យគ្រឿងចក្រគេផ្អាកសិនព្រឹកមិញហ្នឹង ចាំដល់ថ្ងៃសុក្រ យើងជួបគ្នាជាមួយតំណាងប្រជាពលរដ្ឋយើងនៅកន្លែងគេឈូសឆាយហ្នឹង ទៅសាលាខេត្តថ្ងៃសុក្រ»។
លោកស្រី ទ្រី ឈូន អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលនិងអាជ្ញាធរដែនដីគួរតែពិនិត្យឲ្យបានច្បាស់នូវទីតាំងដីធ្លីមុនពេលផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការវិនិយោគនោះ។
លោកស្រី ទ្រី ឈូន មានប្រសាសន៍ថា ៖ «ដីនៅតំបន់ហ្នឹងមានបញ្ហាចម្រូងចម្រាសណាស់ ពីមុនវាជាសួនឧទ្យាន ប៉ុន្តែក្រោយមករដ្ឋាភិបាលបានកាត់ទៅឲ្យឯកជន។ មិនមែនមានតែក្រុមហ៊ុនម៉ូតែលសុខាមួយទេ សូម្បីតែក្រុមហ៊ុនខាំឡែន ក៏ទើបបញ្ចប់សាច់រឿងថ្មីៗហ្នឹងដែរ។ ជួរចំនៀរភ្នំបូកគោទាំងអស់។ សំខាន់ចង់ឲ្យអាជ្ញាធរសិក្សារកឲ្យឃើញសិន មិនមែនចេះតែធ្វើបានភ្លាមៗទេ រកឲ្យឃើញថា នរណាភោគៈស្របច្បាប់ នរណាមិនស្របច្បាប់»។
លោកស្រីបានថ្លែងដោយសុំឲ្យអាជ្ញាធរដែនដីរួមជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនោះជួបចរចាគ្នាដើម្បីទទួលបានដំណោះស្រាយសមរម្យទាំងពីរភាគីនោះ៕
