បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​កោះតូច ខែត្រ​កំពត

តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​តាកែវ​បាន​សម្រេច​ដាក់​សំណើ​ឲ្យ​ចៅក្រម​តុលាការ​ខេត្ត​កំពត​ឃុំ​ខ្លួន​ភាគី​ដើម​បណ្តឹង​និង​ជន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​សរុប​៧​នាក់ ក្នុង​ករណី​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​ខេត្ត​កំពត ដែល​បណ្តាល​ឲ្យ​ភាគី​ម្ចាស់​ដី​គឺ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ មូល លន់ ត្រូវ​ជាប់​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន តំណាង​អយ្យការ​ខេត្ត​តាកែវ ព្រះរាជអាជ្ញា មាស សុភ័ក្ត្រ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​លើ​បណ្តឹង​របស់​អ្នកស្រី មូល លន់ ដែល​បាន​ប្តឹង​ចោទ​ប្រកាន់​ភាគី​ដើម​បណ្តឹង​ថា​បាន​ក្លែង​បន្លំ​ឯកសារ​រហូត​ដល់​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​ចាញ់​ក្តី និង​ត្រូវ​ជាប់​ពន្ធនាគារ​ថែម​ទៀត​នោះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​តាកែវ គឺ​លោក មាស សុភ័ក្ត្រ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ទេ។

លោក មាស សុភ័ក្ត្រ បាន​មាន​ប្រសាសន៍​ថា ៖ «ទាក់ទិន​នឹង​កិច្ច​ការងារ​នេះ​សូម​អធ្យាស្រ័យ នេះ​ជា​ការ​សម្ងាត់​នៃ​ការ​ស៊ើប​អង្កេត ដោយសារ​ថា​ជា​មូលដ្ឋាន​ដំបូង​ក្នុង​ការ​សម្រេច​ចោទ​ប្រកាន់... ខ្ញុំ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាំង​អស់។ សូម​អធ្យាស្រ័យ!»

ជម្លោះ​ដី​ភូមិ​រវាង​អ្នកស្រី មូល លន់ និង​សាច់​ញាតិ​ខាង​ប្តី​គាត់ គឺ​ឈ្មោះ សែម ស៊ន, សែម ហ៊ង, សែម ម៉ៅ និង សែម យឿន នៅ​ក្នុង​ភូមិ​ព្រែកអំពិល ឃុំ​កោះតូច ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​កាត់​ឲ្យ​អ្នកស្រី មូល លន់ ចាញ់​ក្តី​ដោយ​តម្រូវ​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​និង​ត្រូវ​សង​ប្រាក់​ឲ្យ​ភាគី​ដើម​បណ្តឹង​ផងដែរ។

អ្នកស្រី មូល លន់ បញ្ជាក់​ថា ការ​កាត់​ក្តី​នេះ​មាន​ភាព​អ​យុត្តិធ៌ម ដោយសារ​ក្រុម​មនុស្ស​មួយចំនួន​ដូច​ជា លោក ហួន ម៉ានី ចៅក្រម​និង​ជា​ប្រធាន​តុលាការ​ខេត្ត​កំពត ព្រម​ទាំង លោក ម៉ាន់ បូរ៉េត ជា​ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​កំពត, លោក ឈូក ផូ មេ​ឃុំ​កោះតូច, អ្នកស្រី វង់ ភារី គិលានុបដ្ឋាយិកា​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តាកែវ បាន​ឃុបឃិត​ជាមួយ​ភាគី​ដើម​បណ្តឹង​ក្លែង​ឯកសារ​ដោយ​បន្លំ​ស្នាម​មេ​ដៃ​ប្តី​គាត់​ក្នុង​ការ​ប៉ុនប៉ង​រំលោភ​យក​ដី​ធ្លី​ដែល​ជា​មរតក​របស់​ប្តី​គាត់។

បើ​ទោះ​បី​ជា​អ្នកស្រី​បាន​ដាក់​បណ្ដឹង​ស្ទើរ​គ្រប់​កន្លែង ប៉ុន្តែ​ពុំ​ត្រូវ​បាន​ស្ថាប័ន​ណា​មួយ​លើក​យក​មក​ពិចារណា​ឡើយ។ ថ្មីៗ​នេះ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​រក​ឃើញ​ថា ឯកសារ​ដែល​តុលាការ​ខេត្ត​កំពត​ប្រើប្រាស់​ក្នុង​ការ​កាត់​ឲ្យ​អ្នកស្រី មូល លន់ ចាញ់​ក្តី​នោះ គឺ​ជា​ឯកសារ​ក្លែង​បន្លំ។

ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ឯកសារ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​អាច​ជួយ​ឲ្យ​អ្នកស្រី មូល លន់ ឈាន​ទៅ​ដល់​ការ​ជំនុំ​ជម្រះ​ក្តី​សា​ឡើង​វិញ​ផងដែរ។

លោក សុក សំអឿន បាន​បញ្ជាក់​ថា ៖ «បើ​សិន​ជា​តុលាការ​កំពូល​យល់​ព្រម គេ​នឹង​សើរើ គេ​នឹង​ពិនិត្យ​មើល ហើយ​គេ​បើក​សវនាការ​សម្រេច​ទទួល​បណ្ដឹង​សើរើ​ហ្នឹង​ឬ​អត់​អ៊ីចឹង​ណា៎! ហើយ​ប្រសិន​បើ​គេ​ទទួល គេ​បញ្ជូន​ទៅ​តុលាការ​ថ្នាក់​ក្រោម​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ម្ដង​ទៀត»

ថ្វី​បើ​មាន​ពន្លឺ​ខ្លះៗ​ថា ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​កំពត​ត្រូវ​បាន​អះអាង​ថា​អ​យុត្តិធម៌ ប៉ុន្តែ​មក​ដល់​ពេល​នេះ អ្នកស្រី មូល លន់ កំពុង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕