លោក តឺយ ជ្រែន តំណាងសហគមន៍នៅទីនោះ បានផ្តល់សម្ភាសន៍នៅថ្ងៃទី១១ វិច្ឆិកា ថា ទោះបីជាមានការអន្តរាគមន៍ផ្តោះប្តូរជាប្រាក់ច្រើនបែបណាក៏ដោយ ក៏អ្នកស្រុកអះអាងថាមិនអនុញ្ញាតឲ្យក្រុមហ៊ុនបន្តអភិវឌ្ឍប៉ះលើដីត្រណមជាទីសក្ការបូជាតទៅទៀតបានឡើយ ផ្ទុយទៅវិញពួកគេបានតម្រូវឲ្យក្រុមហ៊ុនចាកចេញដោយធ្វើការលោះលាងសងក្របីសងស្រាដើម្បីសែនព្រេនសុំខមាទោសដែលគេបានធ្វើដោយរំលោភទៀតផង។
លោក តឺយ ជ្រែន បានឲ្យដឹងថា ៖ «ទុកជាទីគោរពព្រៃខ្មោចជុំវិញហ្នឹង ថែរក្សាជាលក្ខណៈប្រពៃណី។ តាំងពីដូនតាអត់មានដាំអីទេ ព្រោះកន្លែងហ្នឹងគេមានជំនឿខ្លាំង ហើយអត់ហ៊ានបោះកន្ទុយបារីឆេះលើហ្នឹងក៏អត់បានដែរ។ យើងអត់មានធ្វើការប្រកបកសិកម្ម ដាំផ្លែឈើផ្លែអីលើហ្នឹងបានទេ»។
លោក តឺល ធិះ តំណាងសហគមន៍ម្នាក់ទៀត បានឲ្យដឹងថា សហគមន៍នៅតែរក្សាពាក្យបណ្តឹងឲ្យអង្គការក្រៅរដ្ឋាភិបាលជួយដដែល ដើម្បីឲ្យបណ្តេញក្រុមហ៊ុនកូរ៉េនោះចេញដោយពុំព្រមទទួលយកការសម្រុះសម្រួលណាមួយដែលផ្ទុយនឹងឆន្ទៈរបស់ប្រជាពលរដ្ឋបានឡើយ។
លោក សុភ័ក្ត្រ មន្ត្រីនៃអង្គការ CLEC ដែលដើរតួជាអ្នកសម្របសម្រួលរឿងនេះ បានបញ្ជាក់ពីការងារដែលបានធ្វើកន្លងមកថា បន្ទាប់ពីមានការតវ៉ាក្រុមហ៊ុនក៏បានផ្អាកសកម្មភាពដែរ។ ចំពោះការសាងសង់មូលដ្ឋាននិងការដាំដុះលើដីត្រណមឲ្យរុះរើចេញ ហើយការជួបដោះស្រាយរឿងនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ប៉ុន្តែដោយតំណាងក្រុមហ៊ុនកូរ៉េទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក៏ត្រូវលើកទៅថ្ងៃក្រោយ ហើយថា ក្រុមហ៊ុនមិនមានជំហរដាច់ខាតក្នុងការចង់គ្រប់គ្រងដីនោះទេ ដោយក្រុមហ៊ុនមិនទាន់មានអាជ្ញាប័ណ្ណអភិវឌ្ឍន៍នៅឡើយ។
លោក សុភ័ក្ត្រ បានបញ្ជាក់ថា ៖ «ខាងក្រុមហ៊ុនក៏មិនទាន់មានជំហរដាច់ខាតត្រូវតែនៅតំបន់ហ្នឹងដែរ តែគ្រាន់តែខាងភាគីក្រុមហ៊ុនសុំពេលជួបជជែកជាមួយភាគហ៊ុនរបស់គាត់ ដោយសារគាត់មានភាគហ៊ុនខ្មែរ១៥នាក់ទៀត»។
លោក ស៊ិញ សុន អភិបាលស្រុកអូររាំង បានអះអាងថា ក្រុមហ៊ុនត្រូវតែកាត់ចេញនូវផលប៉ះពាល់ដែលមានកន្លងមក។
លោក ស៊ិញ សុន បានមានប្រសាសន៍ថា ៖ «ត្រូវកាត់កងចែកចំកន្លែងហ្នឹង បើគាត់ឲ្យអភិវឌ្ឍកន្លែងណាដែលមិនប៉ះពាល់ហ្នឹង គឺបន្តទៅខាងហ្នឹង។ ខេត្តរកឯកសារហ្នឹង គាត់នឹងរៀបចំធ្វើពិធីប្រជុំមួយ»។
ក្រុមហ៊ុនកូរ៉េ VISION HILAND ទទួលបានសិទ្ធិសិក្សាលើផ្ទៃដីប្រមាណ១០០ហិកតារ ក្នុងនោះបានឈូសឆាយដាំដុះហើយបានប្រមាណ៣០ហិកតារ ហើយដីដែលប៉ះពាល់កន្លែងត្រណមត្រូវបានតំណាងសហគមន៍ឲ្យដឹងថា ក្រោយពីស្ថានទូតចុះសាកសួរបានអះអាងថា វាប្រាកដណាស់ដែលក្រុមហ៊ុនត្រូវតែកាត់សងទៅប្រជាពលរដ្ឋវិញ៕
