ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដី

ក្រឡា​បញ្ជី​នៃ​តុលាការ​ខេត្ត​កំពង់ធំ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​ថា បាន​ធ្វើ​ការ​គំរាម​កំហែង​ពួកគាត់​ក្នុង​បញ្ហា​ទំនាស់​ដី​ធ្លី​មួយ។

0:00 / 0:00

ស្ត្រី​ឈ្មោះ គីវ ឃាង អាយុ​៤៨​ឆ្នាំ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្លែងខ្ពស់ ឃុំ​សានគរ រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​១១ វិច្ឆិកា​ថា លោក ប៊ុន សេង ដែល​ជា​ក្រឡា​បញ្ជី​នៃ​តុលាការ​ខេត្ត បាន​ហៅ​គាត់​ទៅ​គំរាម​ឲ្យ​គាត់​រុះរើ​ផ្ទះ​ចេញ​ពី​ដីធ្លី​ដែល​គាត់​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨២ មក​នោះ។ លោក ប៊ុន សេង ថែម​ទាំង​បាន​បំភ័យ​គាត់​ដោយ​ធ្វើការ​បិទ​ទ្វារ​ការិយាល័យ​ដោយ​ទុក​ឲ្យ​គាត់​អង្គុយ​ក្នុង​នោះ​តែ​ម្នាក់​ឯង​យ៉ាង​យូរ​ទៀត​ផង។ គាត់​បន្ត​ថា លោក ប៊ុន សេង ថែម​ទាំង​គំរាម​ប្រើ​អំពើ​ហិង្សា​ចំពោះ​អាជ្ញាធរ​ឃុំ ប្រសិន​បើ​អាជ្ញាធរ​ហ៊ាន​រារាំង​ចំពោះ​ការ​ចុះ​រុះរើ​នេះ​ផង។

ស្រ្ដី​ឈ្មោះ គីវ ឃាង បាន​រៀបរាប់​ដូច្នេះ ៖ «សម្លុត​ខ្ញុំ ឥឡូវ​ខ្ញុំ​ចូល​ដល់​ខាង​ក្នុង​នេះ គាត់​ចេញ​មក​វិញ​បាត់ មួយ​សន្ទុះ​រក​រឿង​ខ្ញុំ​ទៀត​ថា ឲ្យ​រើៗ បើ​មិន​រើ​ពួក​ប៉ូលិស​ទៅ​រើ​ហើយ មេ​ភូមិ មេ​ឃុំ គ្មាន​ដឹង​ជាង​តុលាការ​ទេ ប្រយ័ត្ន​តែ​ទំនាស់​តុលាការ​ទៀត មេ​ឃុំ​បែក​ពោះ​ហើយ»

ស្ត្រី​ឈ្មោះ គីវ ឃាង បាន​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ដែល​មាន​ដី​ជាប់​ជាមួយ​ដី​គាត់​ឈ្មោះ គន់ អ៊ូច។ ទំនាស់​នេះ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ​ធ្វើការ​សម្រុះ​សម្រួល​ម្តង​រួច​ហើយ តែ​ឈ្មោះ គន់ អ៊ូច មិន​យល់​ព្រម រួច​ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ហើយ​ក៏​កើត​មាន​ជា​ការ​កោះហៅ​ឈ្មោះ គីវ ឃាង ទៅ​គំរាម​យ៉ាង​ដូច្នេះ។

មេ​ភូមិ​ស្លែង​ខ្ពស់​លោក នៅ លី មាន​ប្រសាសន៍​ថា ប្រវត្តិ​នៃ​ការ​កាន់​កាប់​ដីធ្លី​បញ្ជាក់​ថា ឈ្មោះ គីវ ឃាង គឺ​ជា​ម្ចាស់​ដី​ដែល​មាន​ទំហំ​៣០​ម៉ែត្រ​បួន​ជ្រុង​នេះ ប៉ុន្តែ​ពុំ​ទាន់​ធ្វើ​ប្លង់​កម្មសិទ្ធិ​រឹង​នៅ​ឡើយ​ទេ។

ជំទប់​ទី​មួយ​ឃុំ​សានគរ គឺ​លោក ងិន ឃត ប្រតិកម្ម​ចំពោះ​ការ​គំរាម​របស់​ក្រឡា​បញ្ជី​ខេត្ត​យ៉ាង​ដូច្នេះ​ថា ៖ «តុលាការ​មិន​ទាន់​ចេញ​សាលក្រម​សម្រេច​ថា ដី​នេះ​ទៅ​ខាង​ណា​ទេ ស្រាប់​តែ​មាន​ថា ស្ថាប័ន​ណា​មក​រុះរើ​ហ្នឹង មិន​ទាន់​ចេញ​សាលក្រម​ផង ហើយ​បើ​ឃុំ​ហ៊ាន​ទៅ​យ៉ាង​ម៉េច​ទាត់​ធ្លាយ​ពោះ ឥឡូវ​ខ្ញុំ​រង់​ចាំ​តែ​ថ្ងៃ​ធ្លាយ​ពោះ! គាត់​មក​រុះរើ​ហ្នឹង​តើ​ច្បាប់​ពី​ណា​មក?»

ពុំ​អាច​សុំ​ការ​ពន្យល់​ពី​លោក ប៊ុន សេង ក្រឡា​បញ្ជី​ខេត្ត​កំពង់ធំ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​១២ វិច្ឆិកា​នេះ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

ចៅក្រម​និង​ជា​ប្រធាន​តុលាការ​ខេត្ត​លោក ឃន កុសល មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​បាន​ដឹង​ផង​រឿង​នេះ ទាល់​តែ​លោក​សួរ​លោ​កព្រះ​រាជ​អាជ្ញា​ជា​មេកើយ​របស់​គាត់»

មន្ត្រី​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពង់ធំ លោក គួយ កក្កដា បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រឡា​បញ្ជី​រូប​នេះ​ថា ជា​ការ​រំលោភ​ច្បាប់។

លោក គួយ កក្កដា មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​ជា​ទំនាស់​ដីធ្លី​មួយ​ដែល​មិន​ទាន់​មាន​ប្លង់​មាន​អី​ត្រឹមត្រូវ​ទេ មាន​តែ​បង្កាន់​ដៃ​កាន់​កាប់​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ ដី​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​ដូច​ខាង​សុរិយោ​ដី​ស្រុក​អី​អ៊ីចឹង ប៉ុន្តែ​ភាគី​ម្ខាង​យក​បណ្ដឹង​មក​ដាក់​តុលាការ ហើយ​ខាង​តុលាការ​ហៅ​ពលរដ្ឋ​មក​គំរាម​កំហែង​អី​អ៊ីចឹង គឺ​បើ​គិត​ទៅ​វា​ខុស​នឹង​ច្បាប់​ហើយ»

មន្ត្រី​ផ្នែក​អង្កេត​លីកាដូ​រូប​នេះ​បាន​មន្ទិល​ចំពោះ​សកម្មភាព​បែប​នេះ​ថា ជា​ទង្វើ​ក្នុង​បំណង​គាប​សង្កត់ ដើម្បី​លាភ​សក្ការៈ​និង​ផល​ប្រយោជន៍​បុគ្គល៕