ព្រះភិក្ខុសង្ឃខែ្មរកម្ពុជាក្រោម ព្រះនាម ថាច់ វិមាន ព្រះជន្មាយុ៤៣ឆ្នាំ និងជាសមាជិកសហព័ន្ធខែ្មរកម្ពុជាក្រោមប្រចាំនៅក្នុងប្រទេសកម្ពុជាដែលបានតាមដានរឿងនេះបានមានពុទ្ធដីកាថា ៖ «ឃើញថានេះគឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរជាទីបំផុត ហើយបើសិនណាមានការដោះស្រាយឬមិនមានការដោះស្រាយក៏ត្រូវតែឆ្លើយតបនូវការស្នើសុំ ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរក្រោមដែលជាម្ចាស់ទឹកដី ហើយជាជនជាតិដើមហ្នឹងផងដែរ មិនមែនថាយកអាជ្ញាយកទៅគាបសង្កត់ហើយដើម្បីសម្លុតបំភ័យខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាមបានចែងហ្នឹងទេ»។
ភរិយារបស់លោក វិន បា ដែលរងការចាប់ខ្លួនដោយនគរបាលវៀតណាម សុំមិនប្រាប់ឈ្មោះបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទតាមសំនៀងដូច្នេះថា ៖ «ប្ដីខ្ញុំ វិន បា កំពុងជាប់គុក ខ្ញុំខ្លាចហើយ ខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំទៅស្រុកហើយ។ ខ្ញុំសុំឲ្យមេឃដីជួយប្ដីខ្ញុំផង សុំកុំសួរខ្ញុំទៀតខ្ញុំមិនហ៊ាននិយាយទេ ខ្ញុំខ្លាចណាស់លោកអើយ!»។
ព្រះភិក្ខុ ថាច់ វិមាន ក៏បានមានពុទ្ធដីកាបញ្ជាក់បន្តទៀតថា ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមដទៃទៀតនៅខេត្តនានាលើទឹកដីខែ្មរកម្ពុជាក្រោមនោះកំពុងតែមានការភ័យខ្លាច។
ផ្អែកតាមប្រភពពីក្រុមអ្នកតាមដាននិងឃ្លាំមើលស្ថានការណ៍រស់នៅរបស់ខែ្មរកម្ពុជាក្រោមបានឲ្យដឹងថា លោក វិន បា អាយុ៤៧ឆ្នាំ ជាកសិករខ្មែរកម្ពុជាក្រោម និងធ្លាប់បានចូលរួមនៅក្នុងការតវ៉ាទាមទារដីធ្លីកាលពីឆ្នាំ២០០០កន្លងរៀងមក ត្រូវបាននគរបាលវៀតណាមចំនួន១០នាក់បានចាប់ខ្លួនកាលពីថៃ្ងទី៣០ ខែឧសភាកន្លងទៅនេះ ដោយសារតែលោកធ្លាប់បានចូលរួមក្នុងការទាមទារដីធ្លីជាច្រើនរយហិកតារសម្រាប់គ្រួសារខែ្មរកម្ពុជាក្រោមជាច្រើនរយគ្រួសារដែលរងការបាត់បង់ដីធ្លីកាលពីឆ្នាំ១៩៧៩មកម៉្លេះ នៅគ្រាដែលមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតណាមនិងកងទ័ពខែ្មរក្រហមបានធ្វើឲ្យរដ្ឋាភិបាលវៀតណាមរឹបយកដីធ្លីនោះនៅគ្រាដែលពួកគាត់រត់គេចពីការវាយប្រយុទ្ធគ្នានោះ។
គេកត់សម្គាល់ឃើញថា ការចាប់ខ្លួន លោក វិន បា ជាខែ្មរកម្ពុជាក្រោម កាលពីថៃ្ងទី៣០ ខែឧសភាកន្លងទៅនេះ បានធ្វើទ្បើងនៅមុនពេលដែលសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកកំពុងតែរៀបចំការតវ៉ាដោយសន្តិវិធីដោយខែ្មរកម្ពុជាក្រោមនានានៅក្នុងប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា និងអូស្រ្តាលី ព្រមទាំងប្រទេសកម្ពុជាផង ដើម្បីរំឭកខួប៦០ឆ្នាំនៃការបាត់បង់ទឹកដីខែ្មរកម្ពុជាក្រោមកាលពីថៃ្ងទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយសារតែអាណានិគមបារាំងបានកាត់ទឹកដីខែ្មរកម្ពុជាក្រោមឲ្យទៅវៀតណាមកាន់កាប់ដោយគ្មានការយល់ព្រមពីខ្មែរឡើយ៕
