នៅស្របពេលគ្នានេះដែរប្រភពបានឲ្យដឹងថា អាជ្ញាធរវៀតណាមបានសន្យាថា នឹងសាងសង់ផ្ទះទំហំទទឹង៤ម៉ែត្រនិងបណ្តោយ៨ម៉ែត្រឲ្យគ្រួសារនីមួយៗដែលបានបាត់បង់ដីស្រែកសិកម្មនោះជាថ្នូរ ប៉ុន្តែគ្រួសារទាំងនោះបានបដិសេធមិនព្រមទទួល។
គ្រួសារខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាងនៃទឹកដីខែ្មរកម្ពុជាក្រោម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ៖ «គេចុះគំរាមហ្នឹងពីថ្ងៃ១៣បារាំង គំរាមដើរតាមផ្ទះ សុទ្ធតែខាងនគរបាលគេ ទៅមួយផ្ទះៗប្រហែលជាពី១៥នាក់ទៅ២០នាក់ ដកពាក្យបណ្ដឹងទៅ ឈប់ប្ដឹងទៅ ចង់បានអីរដ្ឋគេឧបត្ថម្ភឲ្យ។ បងប្អូនថាមិនព្រមទេ មកពីដីជីដូនជីតាខ្ញុំច្រើនណាស់ ហើយរដ្ឋឧបត្ថម្ភហ្នឹងហូបមិនគ្រប់ទេ។ រដ្ឋគ្រាន់តែធ្វើផ្ទះឲ្យហ្នឹង ហើយដីជីដូនជីតាខ្ញុំបាត់ច្រើន។ ឥឡូវទាមទារតែរដ្ឋអំណាចសងដីហ្នឹងមក។ គេថាបើមិនដក គេចាប់ដាក់គុកទាល់តែអស់ហ្នឹង»។
គ្រួសារខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងដែរថា លោកមានដីស្រែដូនតាចំនួន២ហិកតារ ហើយបានបាត់បង់ដីនោះតាំងពីឆ្នាំ១៩៧៩មកម៉្លេះ។ លោកសន្យាថានឹងមិនដកពាក្យបណ្ដឹងតាមការគំរាមនោះទេ។
លោកបានបន្តថា ៖ «តែខ្ញុំចុះទៅធ្វើដី គេចាប់ហើយ។ ឥឡូវខ្ញុំប្ដេជ្ញាថា ខ្ញុំសុខចិត្តស្លាប់ក្នុងដីស្រែរបស់ខ្ញុំចុះ»។
សុខ សេរី ៖ អ៊ីចឹងលោកមិនដកពាក្យបណ្ដឹងទេ? ពលរដ្ឋខ្មែរក្រោម ៖ ខ្ញុំអត់ដកទេ ប្ដេជ្ញាសុខចិត្តស្លាប់។
នៅមិនទាន់អាចទាក់ទងមន្រ្តីនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបានទេនៅថៃ្ងអាទិត្យ ទី១៥ ខែវិច្ឆិកានេះ ដើម្បីសុំការបញ្ជាក់អំពីរឿងនេះ។
លោក ថាច់ សេដ្ឋា ជាប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «អានេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋត្រូវតែប្ដឹងទាមទារមកវិញ ព្រោះពីមុនជាដីរបស់ប្រជាពលរដ្ឋខ្មែរ ដល់ពេលសម័យ ប៉ុល ពត កៀរទៅហើយ ត្រឡប់មកវិញយកដីគ្នាអស់ ហើយទាមទារ គំរាមកំហែងគ្នាទៀត ដូច្នេះវាជារឿងមួយអយុត្តិធម៌ណាស់»។
ក្រុមគ្រួសារខែ្មរកម្ពុជាក្រោមចំនួនប្រមាណ៣០០គ្រួសារនៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ឬខេត្តមាត់ជ្រូក នៃប្រទេសវៀតណាមនោះ បានបាត់បង់ដីស្រែកសិកម្មជាច្រើនរយហិកតារចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ដោយសារតែពួកគាត់បានរត់គេចពីការវាយប្រយុទ្ធគ្នារវាងកងទ័ពខែ្មរក្រហមនិងកងទ័ពវៀតណាមនៅពេលនោះ។ ដីស្រែទាំងនោះត្រូវបានគេរឹបយកនៅគ្រាដែលពួកគាត់មួយចំនួនបានរត់គេចខ្លួនទៅកាន់វៀតណាមភាគខាងក្រោម និងមួយចំនួនទៀតបានរត់គេចខ្លួនមកកម្ពុជា។
ពួកគាត់ទាំងនោះបានដាក់ពាក្យបណ្តឹងទាមទារដីស្រែដែលបាត់បង់នោះកាលពីឆ្នាំ២០០០កន្លងទៅ ប៉ុន្តែគ្មានដំណោះស្រាយទេរហូតមកដល់ពេលនេះ៕
