អ្នកភូមិមួយចំនួនដែលមិនទាន់ចាកចេញពីភូមិរបស់ខ្លួននៅឡើយនោះ បានស្នើសុំឲ្យអាជ្ញាធរខេត្តអន្តរាគមន៍ឲ្យបានក្រុមនិស្សិតចុះវាស់វែងដី និងផ្ដល់កម្មសិទ្ធិស្របច្បាប់ឲ្យពួកគេ។
អ្នកភូមិជាង ២០នាក់បាននាំគ្នាមកជួបជុំនៅសាលាខេត្តកោះកុង ស្នើឲ្យអភិបាលខេត្តជំរុញឲ្យក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីឲ្យពួកគាត់ ដែលកំពុងមានភាពប្រទាំងប្រទើសជាមួយក្រុមហ៊ុនចិន មិនទាន់ដាច់ស្រេចនៅឡើយនោះ។
ស្ត្រីអ្នកភូមិម្នាក់ក្នុងចំណោមពលរដ្ឋដែលទៅសាលាខេត្តកោះកុង ឈ្មោះ មឿង អាន ជាពលរដ្ឋរស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ បានថ្លែងនៅថ្ងៃទី២០ ធ្នូ ថា មន្ត្រីសាលាខេត្តបានទទួលពលរដ្ឋ និងឲ្យពួកគាត់បំពេញបែបបទក្នុងឯកសារអំពីប្រវត្តិដី និងគោលបំណងនៃការស្នើសុំរបស់ពលរដ្ឋ។
លោកស្រី មឿង អាន៖ «គោលបំណងយើងមកសួរថា ក្រុមនិស្សិតស្ម័គ្រចិត្តរបស់សម្ដេចហ្នឹង មកចុះវាស់វែង ប៉ុន្តែពួកយើងអ្នកអត់បានវាស់វែងហ្នឹង មិនឃើញគេចុះទៅវាស់ យើងមកសួរចៅហ្វាយខេត្តមើលថា តើគេចុះមកវាស់វែងឲ្យយើង ឬក៏អត់? ពីព្រោះអីដីយើងអត់ទាន់ទទួលសំណងអ៊ីចឹងណា។ ឥឡូវគាត់ថាចាំជូនឯកសារដីយើងហ្នឹងមកឲ្យយកមកដាក់នៅខេត្ត ហើយខេត្តគេបញ្ជូនមកអន្តរក្រសួងពិភាក្សាគ្នាមើលត្រូវដោះស្រាយឲ្យពួកយើងដែលនៅសេសសល់ ដោះស្រាយរបៀបណា»។
រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ បានសម្រេចជួលដីចំនួន ៣៦.០០០ហិកតារ ទៅឲ្យក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group) ចំនួន ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅទីនោះ ឈ្មោះក្បាលនាគ៧ ហើយក្រុមហ៊ុននឹងត្រូវអភិវឌ្ឍន៍ចប់ស្ថាពរក្នុងរយៈពេល ២០ឆ្នាំក្រោយ។
គម្រោងអភិវឌ្ឍន៍នេះបានធ្វើឲ្យប៉ះពាល់ដីចម្ការរបស់ប្រជាពលរដ្ឋចំនួន ៥ឃុំ ក្នុងនោះគឺមានឃុំតានូន ឃុំថ្មស ស្រុកបុទុមសាគរ និងឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ ក្នុងស្រុកគីរីសាគរ ដែលមានប្រជាពលរដ្ឋជាង ១.១៤៣គ្រួសារ ហើយបច្ចុប្បន្នមានពលរដ្ឋប្រមាណ ៣០០គ្រួសារទៀត ដែលក្រុមហ៊ុនមិនទាន់ដោះស្រាយសំណងជូននៅឡើយ ទើបពួកគាត់នាំគ្នាមកសាលាខេត្ត សុំឲ្យក្រុមនិស្សិតចុះវាស់វែងដី និងផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់។
ពាក់ព័ន្ធបញ្ហានេះ អភិបាលរងខេត្តកោះកុង លោក អ៊ុន ឆាលី មានប្រសាសន៍ថា លោកបានទទួលឯកសារ និងពាក្យបណ្ដឹងរបស់ពលរដ្ឋទាំងអស់ហើយ។ លោកថា ខេត្តនឹងធ្វើរបាយការណ៍នេះបញ្ជូនទៅគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិចារណាចំពោះការស្នើសុំរបស់ពលរដ្ឋនេះ។
លោក អ៊ុន ឆាលី៖ «ខ្ញុំសំណូមពរឲ្យពួកគាត់យកឯកសារដែលគាត់កាន់ មកជាមួយហ្នឹងណា ព្រមទាំងពាក្យបណ្ដឹងគាត់ដាក់មកសាលាខេត្ត ដើម្បីសាលាខេត្តយកឯកសារហ្នឹងទៅពិភាក្សាជាមួយគណៈកម្មការអន្តរក្រសួង ពីព្រោះតំបន់ដែលគាត់តវ៉ាហ្នឹង វាពាក់ព័ន្ធនឹងដីក្រុមហ៊ុនយូញៀន គឺជាដីដែលពាក់ព័ន្ធនឹងគណៈកម្មការអន្តរក្រសួងជាអ្នកធ្វើការចាត់ចែងដោះស្រាយ»។
យ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានមតិថា ប្រសិនជារដ្ឋាភិបាលបានដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋនោះ គឺជាដំណោះស្រាយមួយយ៉ាងល្អ និងជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋក្នុងការរស់នៅបន្តទៀត។
លោក នាង បូរ៉ាទីណូ៖ «គាត់ជាម្ចាស់ដីពិតប្រាកដដែលរស់នៅដីដែលពួកគាត់មានដំណាំចម្ការ មានលំនៅឋាន មានអីចឹង គួរណាស់តែនិស្សិតមកធ្វើការវាស់វែងជូនពួកគាត់ ព្រោះថាការទាមទារទាំងអស់នេះ វាមិនមែនជារឿងខុសច្បាប់ទេ។ មួយទៀត គឺពាក់ព័ន្ធការអភិវឌ្ឍ បើសិនជាកន្លែងទីតាំងថ្មីហ្នឹង ដែលអាចផ្ដល់ឲ្យពួកគាត់រស់នៅបានដោយសុខដុមរមនា ធ្វើហេដ្ឋារចនាសម្ពន្ធ មន្ទីរពេទ្យ ផ្លូវថ្នល់ មានអីគ្រប់គ្រាន់ អ្នកដែលទទួល គឺគេនឹងពេញចិត្តក្នុងការទៅរស់នៅតំបន់ថ្មីហើយ»។
ក្រុមប្រជាពលរដ្ឋដែលបានចូលសាលាខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២០ ធ្នូ ក្រោយពីបានរៀបចំឯកសារ និងពាក្យបណ្ដឹងដាក់ជូនសាលាខេត្តរួចរាល់ហើយនោះ ពួកគាត់បានវិលត្រឡប់ទៅភូមិវិញដោយសង្ឃឹមថានឹងទទួលបានដំណោះស្រាយ ហើយបញ្ចប់បញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
