មន្ត្រី​សាលា​ឃុំ​នៅ​ក្រចេះ​រង​ការចោទ​ថា​នាំ​មនុស្ស​ទៅ​កាប់​រាន​លើ​ដី​អ្នក​ស្រុក

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​មន្ត្រី​សាលា​ឃុំ​ថា​បាន​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ឲ្យ​ទៅ​កាប់​រាន​លើ​ដី​អ្នក​ស្រុក​ដែល​កំពុង​ដាំ​ដុះ។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បាន​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ​ថា ស្មៀន​ឃុំ​ស្វាយជ្រះ​បាន​នាំ​កម្មករ​មួយ​ក្រុម​ឲ្យ​ទៅ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​អ្នក​ស្រុក​ដែល​កំពុង​ដាំ​ដុះ​នៅ​ចំណុច​ត្រពាំងប៉ះលែង​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​ខាង​ជើង​ផ្លូវ​ជាតិ​លេខ​៧។

អ្នកស្រី ឃុន សេង អាយុ​៤៨​ឆ្នាំ បាន​រៀបរាប់​ពី​ការខ្លាច​បាត់បង់​ដី​ធ្លី​ដោយសារ​តែ​សកម្មភាព​របស់​មន្រ្តី​ឃុំ​ដែល​បាន​ធ្វើ។

អ្នកស្រី ឃុន សេង បាន​ឲ្យ​ដឹង​ថា ៖ «មាន​ជន​មួយ​ក្ដាប់​តូច​ជួល​កាលី​មក​កាប់​ឆ្ការ​លើ​ដី​នេះ ស្មៀន​ឃុំ​ម្នាក់​ដែល​បាន​ជូន​អ្នក​ចម្ងាយ​ចូល​ទៅ ថ្ងៃ​ទី​២​ឃើញ​កម្មករ​ចំនួន​ប្រហែល​ជា​១០​នាក់... គេ​ទៅ​ធ្វើ​ជំរំ ថ្ងៃ​ទី​៣​បាន​គេ​កាប់​ឆ្ការ»

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ មិថុនា ស្មៀន​ឃុំ​គឺ​លោក ឌុល សារា ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ដឹកនាំ​កម្លាំង​កម្មករ​ប្រមាណ​១០​នាក់​រួម​ទាំង​សម្ភារៈ​រណារ​យន្ត កាំបិត ពូថៅ ទៅ​ជាមួយ​ផង នាំ​គ្នា​ទៅ​កាប់​ព្រៃ​លើ​ដី​ប្រជាពលរដ្ឋ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ហាម​ឃាត់។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​បាន​ប្រកប​របរ​ដាំ​ដុះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ ហើយ​ពុំ​ដែល​មាន​អាជ្ញាធរ​ណា​ធ្លាប់​ហាម​ឃាត់​ឬ​រារាំង​ម្តង​ណា​ឡើយ។

លោក មុត អាយុ​៥៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​បាន​សួរ​ទៅ​ភូមិ​ឃុំ​តែ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​ជន​នៅ​ពី​ក្រោយ​ការកាប់​ទន្ទ្រាន​នោះ​ឡើយ។

លោក មុត បាន​បញ្ជាក់​ថា ៖ «រាល់​ថ្ងៃ​នេះ​ខ្ញុំ​ព្រួយ​បារម្ភ​ក្រែង​វា​អស់​រលីង​ដី​ហ្នឹង គ្មាន​អី​ធ្វើ។ ខ្ញុំ​សំណូមពរ​ឲ្យ​កម្មករ​ហ្នឹង​ឲ្យ​ដក​ចេញ ហើយ​ថៅកែ​ហ្នឹង​ត្រូវ​ដក​កម្លាំង​ចេញ​ឲ្យ​អស់ ឈប់​នៅ​កន្លែង​ដី​ហ្នឹង ឈប់​កាប់»

ស្មៀន​ឃុំ​ស្វាតជ្រៈ គឺ​លោក ឌុល សារ៉ា ត្រូវ​បាន​ភរិយា​ជម្រាប​ថា​លោក​មិន​នៅ​ផ្ទះ​ទេ ឯ​មេ​ឃុំ​មិន​អាច​ទំនាក់​ទំនង​បាន​ជំទប់។ ទី​មួយ​គឺ​លោក គិម សាន បាន​ឲ្យ​ដឹង​ថា គេ​ហាក់​ដូច​ជា​មាន​ការលាក់លៀម​ជាមួយ​លោក តែ​លោក​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​នៅ​សាលា​ឃុំ​នៅ​ថ្ងៃ​ច័ន្ទ។

អភិបាល​ស្រុក​ស្នួល​គឺ​លោក អ៊ីវ សាភុំ បាន​ជម្រាប​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​តែ​លោក​នឹង​ធ្វើការ​ស្រាវជ្រាវ។

លោក អ៊ីវ សាភុំ បាន​មាន​ប្រសាសន៍​ថា ៖ «សូម​បង​ប្អូន​យើង ប្រជាពលរដ្ឋ បើ​សិន​ជា​គាត់​មិន​កក់​ក្ដៅ ឬ​ក៏​មិន​មាន​ជំនឿ​លើ​ឃុំ​លើ​អី​ឲ្យ​គាត់​រាយការណ៍​មក​ស្រុក​មក ខ្ញុំ​នឹង​ដោះស្រាយ ហើយ​បើ​ខ្ញុំ​ក្ដាប់​បាន​អ៊ីចឹង ចាំមើល​ល្ងាច​នេះ​ខ្ញុំ​នឹង​ចុះ​ទៅ»

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រៈ​ធ្លាប់​ទទួល​រង​ការប៉ុនប៉ង​យក​ដី​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ម្តង​រួច​មក​ហើយ ហេតុ​នេះ​បាន​ជា​មាន​ការភ័យ​ព្រួយ​ខ្លាច​បាត់បង់​ដី​ធ្លី​ជា​បន្ត​ទៀត បន្ទាប់​ពី​ឃើញ​មាន​ក្រុម​អនាមិក​ដែល​បាន​ប្រើ​កម្មករ​ឲ្យ​ធ្វើ​សកម្មភាព​តាមរយៈ​មន្ត្រី​មាន​អំណាច​នៅ​សាលា​ឃុំ៕