ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​ប្រើ​អំណាច​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​នៅ​ភូមិ​សំរោង​១ ឃុំ​សំរោង ស្រុក​​​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា​ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​សំរោង​ថា បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ចម្ការ​របស់​ពួកគាត់។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ គឺ​អ្នកស្រី ស៊ីណាត មាន​ប្រសាសន៍​ថា មេ​ភូមិ​សំរោង​១ គឺ​លោក មាស មុត បាន​មក​បង្ខំ​ឲ្យ​ពួកគាត់​ផ្តិត​មេ​ដៃ​ដោយ​គំរាម​ពួកគាត់​ថា ដី​នេះ​គឺ​គេ​យក​ទៅ​ធ្វើ​ជា​អាង​ស្តុក​ទឹក​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ទោះ​បី​ជា​មិន​ព្រម​ឲ្យ​ក៏​គេ​យក​ដែរ ហេតុ​នេះ​ហើយ​គាត់​មាន​ការ​ភ័យ​ខ្លាច​ក៏​ផ្តិត​មេ​ដៃ​ទៅ។

អ្នកស្រី ស៊ីណាត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អត់​មាន​ឲ្យ​ដោយ​សុទ្ធ​ចិត្ត​ទេ ព្រោះ​លោក​មេ​ឃុំ​គាត់​ជំរិត​ហើយ ដូច​ថា​ជំរិត​ខ្ញុំ​ទៅ​ចុះ ព្រោះ​គាត់​មក​និយាយ​ថា ទោះ​បី​ចែ​ឯង​ឲ្យ​ក៏ដោយ​មិន​ឲ្យ​ក៏ដោយ ច្បាប់​ត្រូវ​តែ​ធ្វើ​ហើយ គាត់​ថា​អ៊ីចឹង»

បុរស​ឈ្មោះ ម៉ម ពិសិដ្ឋ បន្ថែម ៖ «ខ្ញុំ​សំណូមពរ ខ្ញុំ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​សំណង​ដល់​ប្រជាជន​ដែល​ប៉ះពាល់​ដី​នៅ​ហ្នឹង​គិត​តាម​តម្លៃ​ទីផ្សារ»

មិន​អាច​សុំ​ការ​ពន្យល់​ពី​ប្រធាន​ភូមិ​សំរោង១ គឺ​លោក មាស មុត បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ធ្នូ​នេះ។ប៉ុន្តែ​មេ​ឃុំ​សំរោង គឺ​លោក ហ៊ុល នឿន ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ៖ «ដីហ្នឹង​គឺ​ទៅ​ធ្វើ​លទ្ធកម្ម បង​អ្នក​ធានា​ចំពោះ​ធ្វើ​ហ្នឹង។ ដី​ហ្នឹង​វា​អស់​តិច អត់​មាន​អស់​ច្រើន​ទេ ការ​ណែនាំ​គេ​ថា បើ​បាន​លើស​ពី​៥% អាហ្នឹង​បាន​មាន​សំណង ដល់​អាហ្នឹង​វា​តិច»

អភិបាល​ស្រុក​ភ្នំក្រវាញ គឺ​លោក ទូច សំបូរ មាន​ប្រសាសន៍​ពន្យល់​បញ្ហា​នេះ​ថា អាជ្ញាធរ​ស្រុក​មាន​គម្រោង​អភិវឌ្ឍ​វិស័យ​ធារាសាស្ត្រ​និង​ការពារ​បឹង​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព។ ជំហាន​ដំបូង​គឺ​អាជ្ញាធរ​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​ដំណើរ​ការ​នេះ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រសិន​បើ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ អាជ្ញាធរ​នឹង​មាន​ដំណោះ​ស្រាយ។

លោក ទូច សំបូរ មាន​ប្រសាសន៍​ដូច្នេះ ៖ «មាន​អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ប្រជា​កសិករ​យើង​ច្រើន​ណាស់ ធំធេង​ណាស់ ហើយ​បើ​យើង​មិន​គិត​អ៊ីចឹង ត្រី​នៅ​ក្នុង​ហ្នឹង​ក៏​ខូច​ខាត ទឹក​ក៏​អត់​បាន​ផល​សម្រាប់​រួម។ គាត់​(ប្រជាជន)​ធ្លាប់​ដណ្ដើម​យក​ដី​អី​បន្តិចៗ​អ៊ីចឹង យូរៗ​ទៅ​វា​អស់ អ៊ីចឹង​យើង​ត្រូវ​ការពារ ប៉ុន្តែ​ការពារ​នេះ​ក៏​មិន​មែន​ធ្វើ​តក់ក្រហល់​ទេ សិក្សា​ពន្យល់​គាត់​ទាល់​តែ​យល់ ហើយ​នឹង​ព្យាយាម​ទាល់​តែ​គាត់​យល់»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ភួង សុធា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លម្អិត​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ។ ប៉ុន្តែ​បើ​តាម​ផ្លូវ​ច្បាប់ ដីធ្លី​ទាំង​ឡាយ​ណា​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​និង​អាស្រ័យ​ផល នៅ​ពេល​រដ្ឋ​មាន​តម្រូវការ​យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​ក៏ដោយ ក៏​ត្រូវ​តែ​ធ្វើ​ការ​ពន្យល់ ព្រមទាំង​ផ្តល់​ជា​ថ្នូរ ឬ​ផ្តល់​ជា​សំណង​សម​ស្រប​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ៕