អ្នក​ភូមិ​ដុត​ខ្ទម​របស់​ក្រុមហ៊ុន​លី​យ៉ុងផាត់​ក្នុង​ជម្លោះ​ដី​នៅ​កំពង់ស្ពឺ

ប្រជាពលរដ្ឋ​ជា​កសិករ​ចំនួន ២០០​នាក់​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដុត​បំផ្លាញ​ខ្ទម​តូចៗ​ចំនួន ៦​ខ្នង​របស់​ក្រុមហ៊ុន Sugar កំពង់ស្ពឺ ដើម្បី​សម្ដែង​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ក្រុមហ៊ុន​ដែល​កំពុង​ប្រើប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ធ្លី​ប៉ះពាល់ និង​រំលោភ​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ១​ពាន់​ហិកតា។

ជាមួយ​គ្នា​នេះ តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ដីកា​ភ្លាមៗ​ស្វែងរក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ១៦​នាក់​ដែល​គេ​សង្ស័យ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នោះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​គ្រួសារ​នៅ​ក្នុង​ភូមិ​ចំនួន ១២​ភូមិ ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កំពុង​តែ​រង​គ្រោះ​បាត់បង់​ដី​ធ្លី​កសិកម្ម។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ លោក ជា ហ៊ាន ដែល​កំពុង​តែ​តាមដាន​ស្ថានការណ៍​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ស្រុក​ថ្ពង គឺ​នៅ​ឃុំ​អមលាំង មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​គាត់​មិន​ពេញ​ចិត្ត​ចំពោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ហៅ​ថា ក្រុមហ៊ុន Sugar កំពង់ស្ពឺ​ហ្នឹង បាន​ឈូស​ឆាយ​ទៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ជា​ដី​ស្រែ ដី​ចម្ការ ដី​លំនៅ​ឋាន​របស់​គាត់។ មាន​ការ​ដុត​ខ្ទម​របស់​ក្រុមហ៊ុន​អស់ ៦​ខ្នង ហើយ​គាត់​នឹង​បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត បើសិន​ជា​ក្រុមហ៊ុន លី យ៉ុងផាត់ មិន​ព្រម​ដោះស្រាយ​គោល​នយោបាយ​ឲ្យ​គាត់​ទេ គាត់​នឹង​ធ្វើ​ការ​តវ៉ា​រហូត​ទៅ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី»

ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រង​គ្រោះ​ជា​ច្រើន​ពាន់​គ្រួសារ នៅ​ក្នុង​ភូមិ​ថ្នល់បំបែក ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ខេត្ត​កំពង់ស្ពឺ​មក​ថា ៖ «មូលហេតុ មក​ឈូស​យក​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ។ ដល់​ពេល​យូរ​ទៅ​ឈូស​យក​ស្រែ​ប្រជាពលរដ្ឋ​អស់​អ៊ីចឹង ប្រជាពលរដ្ឋ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​កិច្ច​សន្យា ហើយ​ការ​ពិត​ចង់​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ​ហ្នឹង​បាន​ប៉ុន្មាន​អី​ប៉ុន្មាន ប៉ុន្តែ​ក្រុមហ៊ុន​នោះ​ឲ្យ​តម្លៃ​ស្រែ​ប្រជាពលរដ្ឋ​ដែល​មាន​កញ្ជ្រាំង គឺ​ឲ្យ ១​ហិកតា ២០០​(ដុល្លារ) ហើយ​ដី​អត់​កញ្ជ្រាំង​ឲ្យ ១​ហិកតា ១០០ ហើយ​ដល់​ពេល​អ៊ីចឹង​ប្រជាជន​សុំ ១៥០០ ក្នុង ១​ហិកតា។ ដល់​ពេល​វា​អត់​បាន ជំទាវ​ថា ឲ្យ​ប្រជាជន​ហ្នឹង​យក​ខ្យល់​ទៅ។ អ៊ីចឹង​ប្រជាជន​ខឹង»

សុខ សេរី ៖ ប្រជាពលរដ្ឋ​មាន​គម្រោងការ​ធ្វើ​អី​ទៀត? ពលរដ្ឋ ៖ ឥឡូវ​កំពុង​ដេញ​គ្រឿង​ចក្រ​ឲ្យ​ចេញ​ទាំង​អស់។ សុខ សេរី ៖ ប៉ុន្មាន​គ្រឿង? ពលរដ្ឋ ៖ ប្រហែល​៥០​-​៦០​គ្រឿង។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Sugar កំពង់ស្ពឺ របស់​លោក លី យ៉ុងផាត់ បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​សុំ​ការ​ពន្យល់។

លោក កង ហ៊ាង ជា​អភិបាល​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ដឹង​រឿង​នេះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «យើង​ធ្វើ​បាតុកម្ម កូដកម្ម ធ្វើ​តាម​សន្តិវិធី ធ្វើ​តាម​ច្បាប់​ទៅ មាន​នរណា​គេ​ទៅ​ថា​អី! ទៅ​ដុត​បំផ្លាញ​ផ្ទះ​គេ អា​ហ្នឹង​វា​ត្រូវតែ​ខុស​ហើយ តុលាការ​គេ​ចាប់​ហើយ។ គេ​គ្មាន​ប៉ះពាល់​ដី​ធ្លី​គាត់​បន្តិច​បន្តួច​ឯ​ណា​ក្នុង​ការ​ធ្វើ​វិនិយោគ​ហ្នឹង! គាត់​ទេ​ដែល​ទាមទារ ក្នុង ៣​ចំណុច​ហ្នឹង មាន​ទាមទារ ១​ចំណុច អា​២​វា​មិន​អី​ទេ ប៉ុន្តែ​អា​ទី​៣​នេះ​ទាមទារ​សុំ​ដី​ព្រៃ វា​អត់​ត្រូវ!»

ជម្លោះ​ដី​ធ្លី​តឹងតែង​រវាង​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជាមួយ​នឹង​ក្រុមហ៊ុន Sugar កំពង់ស្ពឺ របស់​លោក លី យ៉ុងផាត់ នោះ បាន​ចាប់ផ្ដើម​តាំង​ពី​ដើម​ឆ្នាំ​២០១០ កន្លង​មក​នេះ។

ប្រភព​ពី​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​ផ្ដល់​ដី​សម្បទាន​ចំនួន ៨០០០​ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន លី យ៉ុងផាត់ នោះ ក្នុង​ឆ្នាំ​២០១០​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ​ដាំ​ដើម​អំពៅ​ផលិត​ជា​ស្ករ​ស៕