អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលដែលកំពុងបម្រើការនៅខេត្តឧត្តរមានជ័យចំនួនជាង១០អង្គការ បានជួបប្រជុំគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងមក ដោយពួកគេបានព្រមព្រៀងជាមួយគ្នាថានឹងចុះហត្ថលេខារួមគ្នាដើម្បីដាក់សំណើនេះទៅអភិបាលខេត្ត។
លោក ស្រី ណារ៉េន បានបញ្ជាក់ថា ៖ «NGO(អង្គការក្រៅរដ្ឋាភិបាល)ទាំងអស់ហ្នឹង គឺថាមានការព្រួយបារម្ភ ប្រសិនបើគាត់មិនបានច្រូតស្រូវអស់ហ្នឹង គាត់នឹងជួបការលំបាកស្បៀងអាហាររបស់គាត់ ហើយគាត់ខ្វះខាតការហូបចុកជីវភាពប្រចាំថ្ងៃហ្នឹងណា។ គាត់បានច្រូតប្រមូលផលរបស់គាត់ហ្នឹង ជួយកាត់បន្ថយភាពក្រីក្ររបស់គាត់មួយចំណែកដែរ»។
ជាមួយគ្នានឹងគម្រោងនេះ អាជ្ញាធរខេត្តនៅតែប្រកាន់ជំហររឹងមាំនៅឡើយទេ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន បានមានប្រសាសន៍ឆ្លើយតបនឹងបញ្ហានេះថា លោកនឹងមិនអនុញ្ញាតឲ្យក្រុមអ្នកភូមិទាំងនោះបានចូលទៅច្រូតកាត់ប្រមូលផលស្រូវដោយខ្លួនឯងបានទេ គឺអាជ្ញាធរបានចាត់ចែងមន្ត្រីភូមិឃុំឲ្យប្រមូលផលទាំងនោះ ហើយយកមកចែកជូនអ្នកភូមិវិញ។
លោក ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ «មិនឲ្យគាត់ចូលទេ អ្នកនោះទៅរកប្លង់ដីរបស់ខ្លួននៅត្រង់ណា! បើវាអត់បង្គោលហ្នឹង វែកៗចម្ការអំពៅគេព្រោះហ្នឹង។ មានតំណាងភូមិ មានតំណាងឃុំជាអ្នកប្រមូលផល គេច្រូតឲ្យយកទៅចែកគ្នា ព្រោះអ្នកទៅច្រូតហ្នឹងប្រុងទៅនៅទៀតណា បានគេមិនឲ្យចូលហ្នឹង! គេសុខចិត្តច្រូតឲ្យ»។
ចំណែកក្រុមអ្នកភូមិបានមានប្រសាសន៍ថា កាលពីបួនប្រាំថ្ងៃមុននៅពេលស្រូវទុំល្មមច្រូតកាត់ ពួកគេបានសាកល្បងទៅសុំមេភូមិនិងកងការពារដីឲ្យក្រុមហ៊ុននោះដើម្បីបានចូលច្រូតយកស្រូវរបស់គេ ប៉ុន្តែមិនត្រូវបានគេអនុញ្ញាត។
ក្រុមអ្នកភូមិបានឲ្យដឹងថា ៖ «កាលដែលស្រូវកំពុងអាចច្រូតបាននោះ ពួកខ្ញុំសុំអាជ្ញាធរភូមិហើយនិងប៉ូលិសដែលនៅការពារដីក្រុមហ៊ុននោះ ប៉ុន្តែគេអត់ឲ្យច្រូត។ គេទុកឲ្យគ្រឿងចក្រមកច្រូតឲ្យចែកគ្នា។ ខ្ញុំតាមដានមើលទៅដូចអត់មានឲ្យប្រជាពលរដ្ឋទេ មានតែឡើងជញ្ជីងឲ្យឈ្មួញវិញ»។
ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីចំនួនផ្ទៃដីដែលប្រជាពលរដ្ឋធ្វើស្រូវទីនោះថាប៉ុន្មានរយហិកតារច្បាស់លាស់ទេ ដោយក្រុមអង្គការសិទ្ធិមនុស្សបានត្រឹមតែដឹងថា ចំនួនអ្នកភូមិប្រមាណជាង៧០គ្រួសារត្រូវបានអាជ្ញាធរបណ្តេញឲ្យចាកចេញកាលពីថ្ងៃទី៩ ខែតុលាកន្លងមក ហើយក្នុងចំណោមគ្រួសារទាំងនោះខ្លះមានដីស្រែពី៣ទៅ៥ហិកតារយ៉ាងតិច៕
