អាជ្ញាធរ​អំពាវនាវ​ឲ្យ​អ្នក​រត់​គេច​ខ្លួន​ដោយសារ​ជម្លោះ​ដី​ចូល​មក​បំភ្លឺ​នៅ​តុលាការ

2009-07-02

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​២ កក្កដា​នេះ ថា​អ្នក​ភូមិ​ដែល​កំពុង​លាក់​ខ្លួន​តាម​ចម្ការ​ក្នុង​ព្រៃ​ដើម្បី​គេច​ចេញ​ពី​ដីកា​ស្វែងរក​ចាប់​ខ្លួន​របស់​តុលាការ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប​នឹង​មិន​មាន​ការចាប់​ខ្លួន​ឬ​ឃាត់​ខ្លួន​ទៀត​ទេ ប្រសិន​បើ​អ្នក​ភូមិ​យល់​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ។

មេ​ឃុំ​ប៉ាតាង លោក គិត ចេន បញ្ជាក់​ថា ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​រតនគិរី​បាន​សរសេរ​លិខិត​មក​លោក​ក្នុង​បញ្ហា​នេះ ហើយ​លោក​កំពុង​ចលនា​ឲ្យ​អ្នក​ភូមិ​បង្ហាញ​ខ្លួន។

លោក គិត ចេន បាន​ឲ្យ​ដឹង​ថា ៖ «មនុស្ស​ហ្នឹង​គឺ​ឲ្យ​ខ្ញុំ​ប្រមូល​ដាក់​យក​ឡើង​ទៅ​ខេត្ត ...មិន​ទាន់​ប្រមូល​បាន»

សូម​បញ្ជាក់​ដែរ​ថា អ្នក​ភូមិ​ប៉ាតាង​ជាង​១០០​គ្រួសារ​កើត​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ​ឌីអឹមហ្រ្គូប​តាំងពី​ឆ្នាំ​២០០៥​មក ដោយ​អ្នក​ភូមិ​ប្តឹង​តវ៉ា​និង​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ប្រើ​អំណាច​រំលោភ​យក​ដី​ពួក​គាត់​៣០០​ហិកតារ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ចុង​ឆ្នាំ​២០០៨​និង​ដើម​ឆ្នាំ​២០០៩ អ្នក​ភូមិ​៣​នាក់​ត្រូវ​តុលាការ​ចាប់​ខ្លួន​និង​៧​នាក់​ទៀត​រត់​គេច​ពី​ការតាម​ចាប់​ខ្លួន​បន្ទាប់​ពី​ក្រុមហ៊ុន​ប្តឹង​ចោទ​អ្នក​ភូមិ​វិញ​ថា​រំលោភ​យក​ដី​ក្រុមហ៊ុន។

អ្នក​ភូមិ​ឈ្មោះ ស្វិន វេវ ដែល​កំពុង​លាក់​ខ្លួន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ច្របូក​ច្របល់​មិន​ដឹង​ជឿ​អ្នក​ណា ចេញ​មក​សុទ្ធតែ​គំរាម​អ៊ីចឹង»

ចំណែក​អ្នក​ភូមិ​ឈ្មោះ តុល អឿ បញ្ជាក់​ពី​ទី​លាក់​ខ្លួន​ដែរ​ថា ៖ «នៅ​ខ្លាច​រហូត អត់​ទុក​ចិត្ត​មេ​ឃុំ មេ​ភូមិ»

ចៅក្រម​ស៊ើប​អង្កេត លោក ថោ សារ៉ន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពិស្តារ​ពី​ករណី​នេះ​ទេ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ជា​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ។

យ៉ាង​នេះ​ក្តី​ប្រភព​ឯកសារ​ចុះ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០០៩ ចុះ​ហត្ថលេខា​និង​ត្រា​អនុបណ្ឌិត ថោ សារ៉ន សរសេរ​ផ្ទាល់​ដៃ​ទៅ​កាន់​មេ​ឃុំ​និង​ក្រុមប្រឹក្សា​ឃុំ​ប៉ាតាង​ថា​មិន​មាន​ការចាប់​ខ្លួន​ឬ​ឃុំ​ខ្លួន​អ្នក​ភូមិ​ទេ​ក្នុង​ការ​ដែល​អ្នក​ភូមិ​ចូល​ទៅ​បំភ្លឺ​ចំពោះ​តុលាការ។

មេធាវី​ការពារ​ក្តី​អ្នក​ភូមិ​ប៉ាតាង​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បី​នាក់ លោក ឡុង លន់ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា នឹង​មាន​ការដោះលែង​អ្នក​ភូមិ​ទាំង​បី​នាក់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

លោក​បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​មាន​ជំនឿ​ថា មិន​មាន​ការឃុំ​ខ្លួន​ឬ​ក៏​ការឃាត់​ខ្លួន​ទៀត​ទេ​យោង​ទៅ​តាម​លិខិត​លោក​បាន​សរសេរ​ច្បាស់»

អ្នក​ភូមិ​៧​នាក់​ដែល​រត់​គេច​ខ្លួន​មាន​ឈ្មោះ ស្វិន វេវ, តុល អឿ, ប៉ូច នាត, ហ្សែ ខាំនា, សេវ គ្រីច, ស្វិន ទូ និង ឡេង ម៉ូ។

កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ​មាន​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​ឌីអឹមហ្រ្គូប​ជាមួយ​អ្នក​ភូមិ​សាយ៉ោះ​លើ​២៣​គ្រួសារ​មាន​ព្រំ​ដី​ជាប់​នឹង​អ្នក​ភូមិ​ប៉ាតាង​ដែរ ធ្វើ​ឲ្យ​អ្នក​ភូមិ​ម្នាក់​រង​ការបាញ់​របួស​ភ្លៅ​និង​អ្នក​ភូមិ​ជាង​១០​នាក់​រង​ការបាញ់​គំរាម​ពី​កង​ប្រដាប់​អាវុធ​ដែល​គេ​ដាក់​សម្រាប់​ការពារ​ក្រុមហ៊ុន។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​នា​រសៀល​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យ​ដឹង​ថា អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​មាន​ឈ្មោះ សេវ គ្រីត បាន​ចូល​មក​កាន់​តុលាការ​ហើយ ហើយ​បន្ទាប់​ពី​បាន​បំភ្លឺ​ជូន​តុលាការ​អ្នក​ភូមិ​រូប​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​តាមរយៈ​ដីកា​មិន​ចាប់​ខ្លួន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ជន​ប្រដាប់​អាវុធ​បាញ់​គំរាម​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​នៅ​បាត់ដំបង

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ​បន្ត​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី

ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដី