ទាហាន​ការពារ​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប​រង​ការ​ចោទ​ថា​គំរាម​អ្នក​ភូមិ​ឲ្យ​ចាក​ចេញ​ពី​លំនៅ

អ្នក​ភូមិ​សាយ៉ោះ​លើ ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ តុលា ថា​ទាហាន​ការពារ​ក្រុមហ៊ុន​ឈ្មោះ​ឌីអឹមហ្គ្រូប បាន​គំរាម​ឲ្យ​អ្នក​ភូមិ​ចាក​ចេញ​ពី​ដី​លំនៅ​ឋាន​ហើយ​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន។

0:00 / 0:00

ស្ត្រី​ឈ្មោះ ផន ម្យែល បញ្ជាក់​ថា កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ មេ​ក្រុម​ទាហាន​ឈ្មោះ អឿន បាន​ហៅ​គាត់​ហើយ​ព្រមាន​ឲ្យ​រុះរើ​លំនៅ​ឋាន​មុន​ដំណាច់​ឆ្នាំ​នេះ បើ​ពុំ​នោះ​ទេ​ពួក​គេ​នឹង​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​លំនៅ​ឋាន​បាន​ទៀត​ឡើយ។

ស្ត្រី​ឈ្មោះ ផន ម្យែល បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ «មេ​ទាហាន​ក្រុមហ៊ុន​ហ្នឹង​គេ​ថា នៅ​ប៉ុន្មាន​គ្រួសារ​ពួក​ឯង? គេ​ថា​នៅ​៩​គ្រួសារ។ ឥឡូវ​ចាកចេញ​ឆ្នាំ​ហ្នឹង​ឲ្យ​ឆាប់​ទៅ បើ​មិន​ឆាប់ ឆ្នាំ​ក្រោយ​គេ​បិទ​ផ្លូវ​ហើយ»

អ្នក​ភូមិ​ជនជាតិ​ដើម​ទំពួន​ភូមិ​សាយ៉ោះ​លើ​ជាង​២០​គ្រួសារ​បាន​នាំ​គ្នា​មក​កាប់​ឆ្ការ​ព្រៃ​បង្កើត​បាន​ជា​ភូមិ​តូច​មួយ តាំង​ពី​ឆ្នាំ​១៩៩៦ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៦ ក្រុមហ៊ុន​ខាង​លើ​បាន​មក​ទិញ​ដី​នៅ​តំបន់​នោះ ហើយ​ធ្វើការ​ឈូស​ឆាយ​យក​ដី​ស្រែ​ចម្ការ​និង​ហ៊ុមព័ទ្ធ​យក​ទាំង​ដី​ភូមិ​លំនៅ​ឋាន​ដែល​ពួក​គាត់​កំពុង​រស់​នៅ​ទៀត​ផង។

អ្នក​ភូមិ​ម្នាក់​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា អ្នក​ភូមិ​រង​ការ​រំលោភ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង ហើយ​រហូត​មក​ទល់​ថ្ងៃ​នេះ អ្នក​ភូមិ​ជាង​១០​គ្រួសារ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ទៅ​រស់​នៅ​ភូមិ​ជិត​ខាង ដោយសារ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​និង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ទាហាន​ឈ្មោះ អឿន ដើម្បី​បំភ្លឺ​ជុំវិញ​សេចក្តី​រាយការណ៍​របស់​អ្នក​ភូមិ​បាន​ទេ ក៏​ប៉ុន្តែ លោក ម៉ុង ថែន មេ​បញ្ជាការ​យោធា​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ជា​អ្នក​សម្រេច​ឲ្យ​ដាក់​ទាហាន​និង​កង​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

លោក ម៉ុង ថែន បាន​បញ្ជាក់​ថា ៖ «រឿង​គាត់​ចាត់ចែង​ទៅ​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីចេះ​អីចុះ អា​ហ្នឹង​ជា​រឿង​ក្រុមហ៊ុន​ទេ»

តំណាង​ក្រុមហ៊ុន​ឌីអឹមហ្គ្រូប លោក សាយ ចំរើន បដិសេធ​ថា មិន​មាន​គោលកាណ៍​ឲ្យ​ទាហាន​បណ្តេញ​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា ដី​ទាំង​អស់​នៅ​តំបន់​នោះ​ក្រុមហ៊ុន​បាន​ទិញ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ពិចារណា​ផ្តល់​ដី​ដែល​អ្នក​ភូមិ​កំពុង​រស់នៅ​ទៅ​ឲ្យ​អ្នក​ភូមិ​វិញ។

លោក សាយ ចំរើន បាន​អះអាង​ថា ៖ «អត់​ទេ ខ្ញុំ​មិន​ឲ្យ​ដេញ​មិន​ឲ្យ​ធ្វើ​ទេ។ អា​ហ្នឹង​ចាំ​មើល​ខ្ញុំ​ទៅ​ស៊ើប​សួរ​មើល​យ៉ាង​ម៉េច?»

លោក ឈឹម សាវុធ មន្ត្រី​ស៊ើប​អង្កេត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ត្រូវ​គេ​រំលោភ​លើ​សិទ្ធិ​គ្រប់គ្រង​ដី​ធ្លី​និង​សិទ្ធិ​រស់​នៅ​តាម​លក្ខណៈ​ជនជាតិ​ដើម​ភាគ​តិច។

លោក ឈឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ខេត្ត​គួរតែ​ដក​ទាហាន​ទាំង​អស់​ហ្នឹង​យក​មក​ការពារ​ទឹក​ដី​វិញ ហើយ​កុំ​ឲ្យ​យក​ទៅ​ការពារ​ក្រុមហ៊ុន​ឯកជន​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៩ អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាង​២០​នាក់​ត្រូវ​បាន​ប៉ូលិស​ការពារ​ក្រុមហ៊ុន​បាញ់​ឲ្យ​របួស​ភ្លៅ បន្ទាប់​ពី​បាន​នាំ​គ្នា​ចូល​ទៅ​កាប់​ឆ្ការ​ដី​ដើម្បី​ដាំ​ដុះ។ រហូត​មក​ទល់​នឹង​ពេល​នេះ​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ឯ​ទីក្រុង​ភ្នំពេញ។

ចំណែក​តំណាង​អ្នក​ភូមិ​ដែល​ដឹកនាំ​ការ​តវ៉ា​បាន​រង​ការ​គំរាម​កំហែង ហើយ​ភៀស​ខ្លួន​ចាក​ចេញ​ពី​ភូមិ​បន្ទាប់​ពី​រង​ការ​បង្ខំ​ឲ្យ​ទទួល​ប្រាក់​៥.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ប្រគល់​ដី​បញ្ឈប់​ការ​តវ៉ា៕