ស្ត្រីឈ្មោះ ផន ម្យែល បញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រកន្លងទៅនេះ មេក្រុមទាហានឈ្មោះ អឿន បានហៅគាត់ហើយព្រមានឲ្យរុះរើលំនៅឋានមុនដំណាច់ឆ្នាំនេះ បើពុំនោះទេពួកគេនឹងបិទផ្លូវមិនឲ្យអ្នកភូមិធ្វើដំណើរចូលទៅកាន់លំនៅឋានបានទៀតឡើយ។
ស្ត្រីឈ្មោះ ផន ម្យែល បានឲ្យដឹងតាមរយៈអ្នកបកប្រែថា ៖ «មេទាហានក្រុមហ៊ុនហ្នឹងគេថា នៅប៉ុន្មានគ្រួសារពួកឯង? គេថានៅ៩គ្រួសារ។ ឥឡូវចាកចេញឆ្នាំហ្នឹងឲ្យឆាប់ទៅ បើមិនឆាប់ ឆ្នាំក្រោយគេបិទផ្លូវហើយ»។
អ្នកភូមិជនជាតិដើមទំពួនភូមិសាយ៉ោះលើជាង២០គ្រួសារបាននាំគ្នាមកកាប់ឆ្ការព្រៃបង្កើតបានជាភូមិតូចមួយ តាំងពីឆ្នាំ១៩៩៦ ក៏ប៉ុន្តែរហូតមកទល់នឹងឆ្នាំ២០០៦ ក្រុមហ៊ុនខាងលើបានមកទិញដីនៅតំបន់នោះ ហើយធ្វើការឈូសឆាយយកដីស្រែចម្ការនិងហ៊ុមព័ទ្ធយកទាំងដីភូមិលំនៅឋានដែលពួកគាត់កំពុងរស់នៅទៀតផង។
អ្នកភូមិម្នាក់ទៀតសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា អ្នកភូមិរងការរំលោភគំរាមកំហែងគ្រប់បែបយ៉ាង ហើយរហូតមកទល់ថ្ងៃនេះ អ្នកភូមិជាង១០គ្រួសារបានបង្ខំចិត្តចាកចេញទៅរស់នៅភូមិជិតខាង ដោយសារគ្មានដីធ្វើស្រែចម្ការនិងភ័យខ្លាចពីសុវត្ថិភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទាហានឈ្មោះ អឿន ដើម្បីបំភ្លឺជុំវិញសេចក្តីរាយការណ៍របស់អ្នកភូមិបានទេ ក៏ប៉ុន្តែ លោក ម៉ុង ថែន មេបញ្ជាការយោធាខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តជាអ្នកសម្រេចឲ្យដាក់ទាហាននិងកងប្រដាប់អាវុធផ្សេងទៀតដើម្បីរក្សាសុវត្ថិភាពដល់ក្រុមហ៊ុនតែប៉ុណ្ណោះ។
លោក ម៉ុង ថែន បានបញ្ជាក់ថា ៖ «រឿងគាត់ចាត់ចែងទៅធ្វើឲ្យប្រជាជនអ៊ីចេះអីចុះ អាហ្នឹងជារឿងក្រុមហ៊ុនទេ»។
តំណាងក្រុមហ៊ុនឌីអឹមហ្គ្រូប លោក សាយ ចំរើន បដិសេធថា មិនមានគោលកាណ៍ឲ្យទាហានបណ្តេញអ្នកភូមិនោះទេ។ លោកថា ដីទាំងអស់នៅតំបន់នោះក្រុមហ៊ុនបានទិញ ប៉ុន្តែក្រុមហ៊ុនកំពុងពិចារណាផ្តល់ដីដែលអ្នកភូមិកំពុងរស់នៅទៅឲ្យអ្នកភូមិវិញ។
លោក សាយ ចំរើន បានអះអាងថា ៖ «អត់ទេ ខ្ញុំមិនឲ្យដេញមិនឲ្យធ្វើទេ។ អាហ្នឹងចាំមើលខ្ញុំទៅស៊ើបសួរមើលយ៉ាងម៉េច?»។
លោក ឈឹម សាវុធ មន្ត្រីស៊ើបអង្កេតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អ្នកភូមិត្រូវគេរំលោភលើសិទ្ធិគ្រប់គ្រងដីធ្លីនិងសិទ្ធិរស់នៅតាមលក្ខណៈជនជាតិដើមភាគតិច។
លោក ឈឹម សាវុធ បានមានប្រសាសន៍ថា ៖ «ខេត្តគួរតែដកទាហានទាំងអស់ហ្នឹងយកមកការពារទឹកដីវិញ ហើយកុំឲ្យយកទៅការពារក្រុមហ៊ុនឯកជនរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
កាលពីខែមិថុនា ឆ្នាំ២០០៩ អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិជាង២០នាក់ត្រូវបានប៉ូលិសការពារក្រុមហ៊ុនបាញ់ឲ្យរបួសភ្លៅ បន្ទាប់ពីបាននាំគ្នាចូលទៅកាប់ឆ្ការដីដើម្បីដាំដុះ។ រហូតមកទល់នឹងពេលនេះកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យឯទីក្រុងភ្នំពេញ។
ចំណែកតំណាងអ្នកភូមិដែលដឹកនាំការតវ៉ាបានរងការគំរាមកំហែង ហើយភៀសខ្លួនចាកចេញពីភូមិបន្ទាប់ពីរងការបង្ខំឲ្យទទួលប្រាក់៥.០០០ដុល្លារជាថ្នូរនឹងការប្រគល់ដីបញ្ឈប់ការតវ៉ា៕
