លោកឧត្តមសេនីយ៍ ប៉ុល លឹម អគ្គាធិការកិច្ចរបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ថា លោកសុំឲ្យអាជ្ញាធរខេត្តសៀមរាបនាំគ្នាពិនិត្យឡើងវិញទៅលើទីតាំងទំនាស់តាំងពីមានបញ្ហាកើតឡើងរហូតមកដល់បច្ចុប្បន្ននេះអាចដោះស្រាយបានយ៉ាងណា។
លោកឧត្តមសេនីយ៍ ប៉ុល លឹម បានបញ្ជាក់ថា ៖ «ព្រោះប្រជាជនហ្នឹងគាត់ស្នើសុំបង្ករបង្កើនផល តើខេត្តឲ្យបានឬខេត្តឲ្យមិនបាន? បើខេត្តនៅទីតាំងហ្នឹងហើយខេត្តមិនអាចឆ្លើយបាន អាហ្នឹងខាងក្រសួងមហាផ្ទៃក៏មិនមានការដាក់បញ្ហាអ្វីជាមួយខេត្តដែរ គ្រាន់តែឲ្យខេត្តពិនិត្យហើយរាយការណ៍មកដើម្បីពិគ្រោះយោបល់គ្នាណា។ យើងជួយពិគ្រោះយោបល់គ្នាផ្នែកច្បាប់ទេ»។
ការដែលក្រសួងមហាផ្ទៃស្នើសុំឲ្យអាជ្ញាធរខេត្តធ្វើការពិនិត្យឡើងវិញលើដីទំនាស់ស្រែប្រាំងនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលលិខិតរបស់ប្រជាពលរដ្ឋ៣នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋចំនួន២៥៨គ្រួសាររស់នៅជាច្រើនភូមិនៃឃុំជីក្រែងនិងឃុំអន្លង់សំណ ស្រុកជីក្រែង ចុះថ្ងៃទី១០ ខែវិច្ឆិកា ដែលសុំឲ្យជួយអន្តរាគមន៏ទៅអភិបាលខេត្ត មន្ទីរសុរិយោដីខេត្ត និងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន២៥៨គ្រួសារបានចូលធ្វើស្រែប្រាំងលើផ្ទៃដីចំនួន៤៧៥ហិកតារនៅតំបន់ទំនប់៧៨សួងដែលកំពុងមានទំនាស់វិញឲ្យទាន់រដូវធ្វើស្រែប្រាំងឆ្នាំនេះ។
លោក តូក ពន្លឹក ជាតំណាងប្រជាពលរដ្ឋម្នាក់ដែលមានឈ្មោះក្នុងលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់ពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារខ្លាំង ហេតុដូច្នេះបានជាក្រុមលោកបានស្នើសុំទៅមន្ត្រីរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានចូលទៅធ្វើស្រែប្រាំងឆ្នាំនេះនៅលើដីស្រែទំនប់៧៨សួងវិញ។
លោក តូក ពន្លឹក បានឲ្យដឹងថា ៖ «ប្រជាពលរដ្ឋនេះមានការខ្វះខាតខ្លាំងណាស់។ វាមានការអត់ឃ្លាន ធ្វើម៉េចឲ្យបានប្រជាពលរដ្ឋចុះទៅព្រោះទាន់ពេលវេលាទឹកស្រកនេះណា។ ប្រជាពលរដ្ឋនៅស្រុកជីក្រែង១១៥គ្រួសារនេះសង្ឃឹមខ្លាំងគឺស្រែប្រាំងនេះឯង»។
ទោះយ៉ាងណាអភិបាលខេត្តសៀមរាប លោក ស៊ូភិរិន្ទ មិនទាន់មានការពន្យល់បញ្ហានេះយ៉ាងណានៅឡើយទេ ដោយលោកគ្រាន់តែមានប្រសាសន៍ថា លោកកំពុងជាប់រវល់ ៖ «កំពុងនៅអូរតេង ចាំជួបគ្នាថ្ងៃក្រោយណា!»។
បញ្ហាទំនាស់ដីស្រែប្រាំងនៅទំនប់៧៨សួងរវាងប្រជាពលរដ្ឋរាប់រយគ្រួសារនៅឃុំជីក្រែងនិងឃុំអន្លង់សំណ ស្រុកជីក្រែង បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដោយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩កន្លងមក សមត្ថកិច្ចចម្រុះប្រដាប់អាវុធបានធ្វើការបង្រ្កាបដោយបាញ់រះទៅលើក្រុមអ្នកតវ៉ាឃុំជីក្រែង បណ្តាលឲ្យរងរបួសធ្ងន់ចំនួន៤នាក់និងចាប់ខ្លួនប្រជាពលរដ្ឋ១១នាក់ផ្សេងទៀតដាក់ពន្ធនាគារ ហើយរហូតមកដល់បច្ចុប្បន្នមិនទាន់មានដំណោះស្រាយនៅឡើយទេ៕
