នៅ​ក្រុង​ព្រះសីហនុ យោធា​ប្រដាប់​អាវុធ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង

តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​ចំនួន​ជាង ៣០០​គ្រួសារ​រស់​នៅ​ក្នុង​ខណ្ឌ​មិត្តភាព​ក្រុង​ព្រះសីហនុ​បាន​សម្ដែង​ការតវ៉ា​និង​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​គ្រា​ដែល​ក្រុម​យោធា​មួយ​ក្រុម​ប្រដាប់​អាវុធ​កំពុង​តែ​ធ្វើ​សកម្មភាព​ឈូសឆាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ថៃ្ង​អង្គារ​នេះ​ដើម្បី​រឹប​យក​ដី​ចំនួន​ជាង​៦​ហិកតារ។

0:00 / 0:00

ការ​ធ្វើ​សកម្មភាព​ជា​ថ្មី​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​នោះ​បាន​ឈាន​ដល់​ថៃ្ង​ទី​២ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​សកម្មភាព​កាល​ពី​ថៃ្ង​ច័ន្ទ​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ក្រុម​យោធា​ប្រដាប់​អាវុធ​ចំនួន​៥​នាក់​បាន​មក​រុះរើ​ផ្ទះ​ចំនួន​ជាង ១០​ខ្នង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន និង​គ្មាន​ឯកសារ​ដីកា​ឬ​បទ​បញ្ជា​អ្វី​ឡើយ។

លោក ញ៉ុញ ស៊ីថា តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​រងគ្រោះ​រស់​នៅ​ក្នុង​ភូមិ​២ ក្រុម​៩ ស ង្កាត់​៤ ខណ្ឌ​មិត្តភាព​ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​អង្គារ​នេះ ពី​កន្លែង​កើតហេតុ​នោះ​ថា ៖ «ឥឡូវ​ហ្នឹង វា​រុញ​ផ្ទះ​ដែល​វា​រុះ​ចោល​ពី​ម្សិលមិញ ថ្ងៃ​ហ្នឹង​វា​រុញ​សម្អាត។ ទប់ស្កាត់​គេ​មិន​ឈ្នះ យើង​ម៉េច​នឹង​ហ៊ាន​ចូល ហាម​ឃាត់​វា​មិន​បាន ប្រហែល​ចូល ១០០​នាក់​ហើយ ម្ចាស់​ដី​នៅ​ឈរ​ស្រក់​ទឹក​ភ្នែក។ រឿង​ព្រួយ​បារម្ភ វា​ភ័យ​ហើយ ភ័យ​ផង​ព្រួយ​ផង រឿង​យ៉ាប់​ក្នុង​ការ​រស់នៅ»

លោក​បាន​អះអាង​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​មក​រស់នៅ​ទីនោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៣​មក​ម៉្លេះ។ លោក​មាន​ឯកសារ​គ្រប់គ្រាន់​សម្គាល់​កម្មសិទ្ធិ​និង​ផ្ទះ​សម្បែង​នោះ។

លោក មិន ថាវរិន្ទ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​រស់នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​១៩៩០ មាន​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

លោក មិន ថាវរិន្ទ មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​នេះ អត់​មាន​ទី​លំនៅ​ផង នៅ​ក្រោម​ដើម​ឈើ។ ដី​ហ្នឹង​តាម​ដែល​ខ្ញុំ​ក្ដាប់​បាន គឺ​ថា​មាន​ក្រុមហ៊ុន​មួយ​ដែល​គេ​ចង់​បាន​ដី​ហ្នឹង​វិញ គេ​ប្រើ​ទឹក​លុយ​ជាមួយ​មេៗ​ធំ ខាង​ទាហាន​ហ្នឹង គឺ​ដើម្បី​ដក​យក​ដី​ហ្នឹង​ឡើង​វិញ»

មិន​អាច​ទាក់ទង​ក្រុម​យោធា​ប្រដាប់​ដោយ​អាវុធ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាង​លើ​នេះ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

មេភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​មេភូមិ​២ ក្រុម​៩ សង្កាត់​១ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​មក​រុះ​រើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នោះ​បាន​ធ្វើ​ដោយ​ឆ្មក់ ៖ «អត់​ទេ អា​នេះ​ដី​អនុក្រឹត្យ ហើយ​គាត់​កាប់​អី​នៅ​អ៊ីចឹង​ទៅ ដល់​ទាហាន​មក​ទិញ​តៗ។ មុន​ដំបូង​ទាហាន​ចាប់​កន្លែង​ហ្នឹង ហើយ​ទៅ​លក់​ឲ្យ​អ្នក​នេះ​អ៊ីចឹង​ទៅ ចេះ​មក​ទិញ​នៅ ដល់​ពេល​មើល​ទៅ ឃើញ​របៀប​លួច​ឆ្មក់ កាង​ទុក​ឲ្យ​លោក​នេះ លោក​នោះ​អ៊ីចឹង»

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក អ៊ំ សំអាត ប្រធាន​ផែ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​កំពុង​តែ​តាមដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ដោយ​គេ​អះអាង​ថា ដី​នោះ​ជា​ដី​នៅ​ក្នុង​តំបន់​អនុក្រឹត្យ លេខ​៧១ របស់​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​ព្រៃ​ឈើ ហើយ​គេ​ថា ការ​ដេញ​ហ្នឹង គឺ​ដើម្បី​ដាំ​ដើម​ឈើ​ឡើង​វិញ។ ក៏​ប៉ុន្តែ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​រុះរើ​ហ្នឹង បាន​ទិញ​ដី​ក្នុង​តម្លៃ​ពី ១​ពាន់ ទៅ​២​ពាន់​ដុល្លារ ពួក​យោធា​នៅ​ទី​នោះ»

លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​រវាង​កង​យោធា​ប្រដាប់​អាវុធ​និង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ពេល​មាន​ការ​ខឹង​សម្បា​និង​ប៉ះ​ទង្គិច​គ្នា​នោះ៕