ប្រជាពលរដ្ឋចំនួនជាង១០គ្រួសាររស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានចោទប្រកាន់ថា មន្រ្តីយោធាជាមេបញ្ជាការនិងមេបញ្ជាការរងនៃយោធភូមិភាគទី១ក្នុងខេត្តនេះ កំពុងតែព្យាយាមរឹបអូសដីធ្លីចំនួនប្រមាណ២ហិកតារដែលពួកគាត់កំពុងរស់នៅដើម្បីដាក់ជាកម្មសិទ្ធិរបស់បន្ទាយយោធានៅទីនោះ។
ស្របពេលជាមួយគ្នានេះដែរ មន្រ្តីយោធាដែលរងការចោទប្រកាន់បានបំភ្លឺថា ដីធ្លីនោះគឺជាកម្មសិទ្ធិរបស់បន្ទាយយោធានៅមុនពេលដែលប្រជាពលរដ្ឋទាំងនោះមករស់នៅ។
លោក ថាវ ពី អាយុ៤៥ឆ្នាំ ជាតំណាងប្រជាពលរដ្ឋចំនួន១៩គ្រួសាររស់នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ក្រុមគ្រួសារចំនួន១៩គ្រួសារនោះមានលិខិតកាន់កាប់ដីធ្លីត្រឹមត្រូវចេញដោយអាជ្ញាធរភូមិឃុំកាលពីឆ្នាំ១៩៩៨និងឆ្នាំ២០០៥កន្លងទៅ។
លោក ថាវ ពី បានឲ្យដឹងថា ៖ «ផ្ទះយើងមានអីមានហើយ គេមិនឲ្យយើងរស់នៅលើដីហ្នឹង គេឲ្យយើងចេញពីដីហ្នឹង ដីហ្នឹងកសាងបន្ទាយឲ្យទ័ព ប៉ុន្តែគាត់និយាយថា កសាងបន្ទាយហ្នឹងគាត់មិនមានលិខិតស្នាមអីអះអាងថា ដីហ្នឹងជាដីរបស់គាត់ទេ»។
លោក ចាន់ សុផល តំណាងប្រជាពលរដ្ឋម្នាក់ទៀតក្នុងចំណោម១៩គ្រួសារនោះបានថែ្លងថា ៖ «សំណូមពរសុំឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយជាបន្ទាន់នូវការដែលយោធាភូមិភាគ១រំលោភលើក្រុមពួកខ្ញុំជារៀងរាល់ថ្ងៃ»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះរយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយជុំវិញវិវាទដីធ្លីនេះនៅឡើយទេ។
តំណាងប្រជាពលរដ្ឋចំនួនជាង១០គ្រួសារនោះបានថែ្លងទៀតថា ពួកគាត់កំពុងតែរស់នៅក្រោមភាពភ័យខ្លាចជារៀងរាល់ថៃ្ងក្រែងមានការប្រើប្រាស់អំពើហិង្សាក្នុងការរឹបយកដីធ្លីរបស់ពួកគាត់កំពុងតែរស់នៅនោះ។
មិនអាចទាក់ទង លោក ហួត ឈាង ជាមេបញ្ជាការនៃយោធភូមិភាគទី១នៅក្នុងខេត្តស្ទឹងត្រែងនោះបានទេនៅថៃ្ងព្រហស្បតិ៍ ទី២ កក្កដានេះ ដោយទូរស័ព្ទរបស់លោកបានបិទនិងជាប់រវល់។
ចំណែកឯលោក ហេង ខាំវ៉ាន់ ជាមេបញ្ជាការរងបានថែ្លងប្រតិកម្មថា ប្រជាពលរដ្ឋទាំងនោះទៅវិញទេដែលបានមករំលោភបំពានយកដីធ្លីរបស់បន្ទាយយោធានៅទីនោះ។
លោក ហេង ខាំវ៉ាន់ បានបញ្ជាក់ថា ៖ «ព្រោះអាហ្នឹងគាត់មកនៅក្រោយទាំងអស់ ដោយកន្លងទៅមានគ្រួសារមួយចំនួនដែលយើងរកដីឲ្យបានហើយ យើងឲ្យគេទៅនៅ គេមិនព្រមទៅទេ។ គ្រួសារមួយចំនួនគេទៅហើយ»។
លោក ជា វ៉ាន់ ជាចៅសង្កាត់ស្ទឹងត្រែងក្នុងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា លោកគ្មានសមត្ថភាពក្នុងការដោះស្រាយវិវាទនេះទេ ៖ «គ្រាន់តែគេសំណូមពរឲ្យភាគីម្ខាងហ្នឹងគឺរក្សាភាពស្ងប់ស្ងាត់ រង់ចាំគេដោះស្រាយ»។
លោក ចាន់ សុវេត មន្រ្តីអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានថែ្លងថា ៖ «ខាងខ្ញុំគេបានធ្វើសេចក្ដីរាយការណ៍មកដែរជុំវិញបញ្ហានៃការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាហ្នឹង»។
អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក Surya Subedi ដែលបានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីចុងខែមិថុនាកន្លងទៅនេះ បានរិះគន់ថា ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជាស្ថិតក្រោមសម្ពាធឬទទួលរងឥទ្ធិពលពីមន្រ្តីមានអំណាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនឯករាជ្យនិងគ្មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕
អាជ្ញាធរនៅកំពង់ធំរងការចោទថាបណ្ដេញព្រះសង្ឃយកដីឲ្យក្រុមហ៊ុន
ទំនាស់ដីរវាងទាហាននិងអ្នកស្រុកនៅខែត្របាត់ដំបង
ពលរដ្ឋ៣៥គ្រួសារសុំឲ្យតុលាការកំពូលកាត់ក្ដីសំណុំរឿងដីធ្លីសាជាថ្មី
ពលរដ្ឋនៅកោះកុងមកតវ៉ានៅមុខតុលាការកំពូលពីរឿងទំនាស់ដី
អ្នកភូមិនៅកំពង់ឆ្នាំងមានសង្ឃឹមក្នុងបញ្ហាជម្លោះដីជាមួយក្រុមហ៊ុន
ពលរដ្ឋនិងអាជ្ញាធរជួបគ្នាដោះស្រាយរឿងជម្លោះដីនៅកំពត
ទាហាននៅកំពតគំរាមរឹបអូសយកដីអ្នកភូមិ
ពលរដ្ឋនៅក្រចេះទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍឲ្យឆ្ងាយពីមូលដ្ឋាន
អង្គការសិទ្ធិមនុស្សសុំឲ្យបញ្ឈប់ការឈូសឆាយដីពលរដ្ឋនៅព្រៃនប់
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.