ពលរដ្ឋ​ជាង​១០​គ្រួសារ​នៅ​ស្ទឹងត្រែង​ចោទ​ថា​មន្ត្រី​យោធា​ព្យាយាម​រឹបអូស​យក​ដី

2009-07-02

ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​រស់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹងត្រែង ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង បាន​ចោទ​ប្រកាន់​ថា មន្រ្តី​យោធា​ជា​មេ​បញ្ជាការ​និង​មេ​បញ្ជាការ​រង​នៃ​យោធ​ភូមិភាគ​ទី​១​ក្នុង​ខេត្ត​នេះ កំពុង​តែ​ព្យាយាម​រឹប​អូស​ដី​ធ្លី​ចំនួន​ប្រមាណ​២​ហិកតារ​ដែល​ពួក​គាត់​កំពុង​រស់នៅ​ដើម្បី​ដាក់​ជា​កម្មសិទ្ធិ​របស់​បន្ទាយយោធា​នៅ​ទី​នោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មន្រ្តី​យោធា​ដែល​រង​ការចោទ​ប្រកាន់​បាន​បំភ្លឺ​ថា ដី​ធ្លី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​បន្ទាយ​យោធា​នៅ​មុន​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​រស់នៅ។

លោក ថាវ ពី អាយុ​៤៥​ឆ្នាំ ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​រាជានុកូល សង្កាត់​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ក្រុម​គ្រួសារ​ចំនួន​១៩​គ្រួសារ​នោះ​មាន​លិខិត​កាន់កាប់​ដី​ធ្លី​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ​កាលពី​ឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០០៥​កន្លង​ទៅ។

លោក ថាវ ពី បាន​ឲ្យ​ដឹង​ថា ៖ «ផ្ទះ​យើង​មាន​អី​មាន​ហើយ គេ​មិន​ឲ្យ​យើង​រស់នៅ​លើ​ដី​ហ្នឹង គេ​ឲ្យ​យើង​ចេញ​ពី​ដី​ហ្នឹង ដី​ហ្នឹង​កសាង​បន្ទាយ​ឲ្យ​ទ័ព ប៉ុន្តែ​គាត់​និយាយ​ថា កសាង​បន្ទាយ​ហ្នឹង​គាត់​មិន​មាន​លិខិត​ស្នាម​អី​អះអាង​ថា ដី​ហ្នឹង​ជា​ដី​របស់​គាត់​ទេ»

លោក ចាន់ សុផល តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​ចំណោម​១៩​គ្រួសារ​នោះ​បាន​ថែ្លង​ថា ៖ «សំណូមពរ​សុំ​ឲ្យ​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ដោះស្រាយ​ជា​បន្ទាន់​នូវ​ការ​ដែល​យោធា​ភូមិភាគ​១​រំលោភ​លើ​ក្រុម​ពួក​ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ»

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រងគ្រោះ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជុំវិញ​វិវាទ​ដី​ធ្លី​នេះ​នៅ​ឡើយ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០​គ្រួសារ​នោះ​បាន​ថែ្លង​ទៀត​ថា ពួក​គាត់​កំពុង​តែ​រស់នៅ​ក្រោម​ភាព​ភ័យ​ខ្លាច​ជា​រៀងរាល់​ថៃ្ង​ក្រែង​មាន​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការរឹប​យក​ដី​ធ្លី​របស់​ពួក​គាត់​កំពុង​តែ​រស់នៅ​នោះ។

មិន​អាច​ទាក់ទង លោក ហួត ឈាង ជា​មេ​បញ្ជាការ​នៃ​យោធ​ភូមិភាគ​ទី​១​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នោះ​បាន​ទេ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​២ កក្កដា​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​និង​ជាប់​រវល់។

ចំណែក​ឯ​លោក ហេង ខាំវ៉ាន់ ជា​មេ​បញ្ជាការ​រង​បាន​ថែ្លង​ប្រតិកម្ម​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ​ដែល​បាន​មក​រំលោភ​បំពាន​យក​ដី​ធ្លី​របស់​បន្ទាយ​យោធា​នៅ​ទី​នោះ។

លោក ហេង ខាំវ៉ាន់ បាន​បញ្ជាក់​ថា ៖ «ព្រោះ​អា​ហ្នឹង​គាត់​មក​នៅ​ក្រោយ​ទាំងអស់ ដោយ​កន្លង​ទៅ​មាន​គ្រួសារ​មួយចំនួន​ដែល​យើង​រក​ដី​ឲ្យ​បាន​ហើយ យើង​ឲ្យ​គេ​ទៅ​នៅ គេ​មិន​ព្រម​ទៅ​ទេ។ គ្រួសារ​មួយចំនួន​គេ​ទៅ​ហើយ»

លោក ជា វ៉ាន់ ជា​ចៅ​សង្កាត់​ស្ទឹងត្រែង​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​សមត្ថភាព​ក្នុង​ការដោះស្រាយ​វិវាទ​នេះ​ទេ ៖ «គ្រាន់តែ​គេ​សំណូមពរ​ឲ្យ​ភាគី​ម្ខាង​ហ្នឹង​គឺ​រក្សា​ភាព​ស្ងប់ស្ងាត់ រង់ចាំ​គេ​ដោះស្រាយ»

លោក ចាន់ សុវេត មន្រ្តី​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថែ្លង​ថា ៖ «ខាង​ខ្ញុំ​គេ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​មក​ដែរ​ជុំវិញ​បញ្ហា​នៃ​ការយឺតយ៉ាវ​ក្នុង​ការដោះស្រាយ​បញ្ហា​ហ្នឹង»

អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក Surya Subedi ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​រិះគន់​ថា ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​សម្ពាធ​ឬ​ទទួល​រង​ឥទ្ធិពល​ពី​មន្រ្តី​មាន​អំណាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​និង​គ្មាន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ជន​ប្រដាប់​អាវុធ​បាញ់​គំរាម​និង​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​៣​ខ្នង​នៅ​បាត់ដំបង

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ​បន្ត​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី

ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដី