តំណាងប្រជាពលរដ្ឋឈ្មោះ ពេជ្រ មួន មានប្រសាសន៍ថា ដីរបស់គាត់ប្រមាណ១ហិកតារនេះគាត់បានកាន់កាប់រយៈពេលជាង២០ឆ្នាំមកហើយ ស្រាប់តែឥឡូវមានក្រុមហ៊ុនមួយបានមកឈូសឆាយដោយសំអាងថាគេបានទិញពីអាជ្ញាធរភូមិឃុំរួចហើយ។
លោក ពេជ្រ មួន បានឲ្យដឹងថា ៖ «គេយកខាងណោះអស់រាប់ពាន់ហិកតារហើយនៅខាងហ្នឹងមួយចំណិតហ្នឹងគេមកយកទៀត ហើយគេគំរាមប្រជាពលរដ្ឋថា "អ្ហែងហ៊ានតែតវ៉ាអញចាប់ដាក់គុក អញចងច្រវាក់ អញដាក់ខ្នោះ" ហើយឥឡូវយើងខ្ញុំជាប្រជាពលរដ្ឋហ្នឹងភ័យខ្លាចមិនដឹងធ្វើម៉េច»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ នួន ភី នៅភូមិបឹង បន្ថែមថា ៖ «ពេលប្រជាពលរដ្ឋចង់ទៅតវ៉ាថាកុំឲ្យរុករានលើដីប្រជាពលរដ្ឋ គេបាញ់ គេគំរាមកំហែង»។
ការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋនៅឃុំត្រស់ ស្រុករមាសហែក ជាមួយក្រុមហ៊ុនបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុនដែលស្ទើរតែមានការផ្ទុះអាវុធ កាប់សម្លាប់គ្នានៅលើដីទំនាស់ប្រហែល៦០ហិកតារដែលក្រុមហ៊ុនបានអះអាងថាខ្លួនបានទិញដីនោះពីអាជ្ញាធរមូលដ្ឋាន។
អ្នកស្រុកបាននិយាយថា ពួកគាត់បាននាំគ្នាចូលទៅក្នុងចម្ការដើម្បីហាមឃាត់ ប៉ុន្តែក្រុមហ៊ុនបានប្រើអាវុធនិងបានគំរាមបាញ់មកលើអ្នកស្រុក។
ប្រធានភូមិបឹង លោក ឌុល សួង បដិសេធថា លោកពុំមានពាក់ព័ន្ធដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋទេ។
ចំណែកមេឃុំត្រស់ លោក ពៅ សាវង្ស បញ្ជាក់ថា អាជ្ញាធរបានផ្តល់ដីសំណងជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ។ លោកចោទថា ប្រជាពលរដ្ឋតវ៉ាទាំងបំពាន។
លោក ពៅ សាវង្ស បានបញ្ជាក់ថា ៖ «បញ្ហាហ្នឹងក្រុមហ៊ុនគេបានដោះស្រាយគ្រប់គ្រាន់ហើយតើ! មានអីទៀត!»។
អភិបាលខេត្តស្វាយរៀង លោក ជៀង អំ បដិសេធមិនព្រមឆ្លើយចំពោះសំណួររបស់វិទ្យុអាស៊ីសេរីទេដោយលោកមានប្រសាសន៍ថា ៖ «ផែនការជួលដីឲ្យអ្នកវិនិយោគវៀតណាមឯណា! ខ្ញុំអត់មានផងហ្នឹង។ យកទៅផ្សាយកាសែតប្រឆាំងអ៊ីចឹងខ្ញុំអត់ចេះនិយាយទេ»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងជាមួយក្រុមហ៊ុននោះបានទេ។ អាជ្ញាធរឃុំបានបដិសេធក្នុងការបង្ហាញអត្តសញ្ញាណរបស់ក្រុមហ៊ុននិងឈ្មោះអ្នកវិនិយោគរូបនោះ។
គួរបញ្ជាក់ថា កាលពីអំឡុងខែមិថុនាឆ្នាំ២០០៨កន្លងទៅប្រជាពលរដ្ឋនៅឃុំត្រស់ជាច្រើនរយនាក់បាននាំគ្នាធ្វើដំណើរមកធ្វើការតវ៉ាចំពោះការរំលោភយកដីធ្លីរបស់ពួកគាត់នៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯក្រុងតាខ្មៅ តែត្រូវបានអាជ្ញាធរឃុំស្រុករារាំងនិងធ្វើការឃាត់ខ្លួនបណ្តាលឲ្យពួកគាត់ខកខានមិនអាចធ្វើដំណើរមកតវ៉ាបាន។
ប្រភពពីអ្នកស្រុកអះអាងថា ឥឡូវជាថ្មីម្តងទៀតពួកគាត់មានគម្រោងធ្វើដំណើរទៅធ្វើការតវ៉ាទៀត តែពួកគាត់រងការគំរាមចាប់ខ្លួនទើបមិនហ៊ានមកធ្វើការតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី៕
