ប្រជាពលរដ្ឋខែ្មរចំនួនជិត១០០នាក់ នៅក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានអះអាងថា ប្រជាពលរដ្ឋមួយចំនួនបានរងការគំរាមបាញ់សម្លាប់និងចាប់ដាក់ខ្នោះដៃ ឬចូលក្នុងគុក នៅគា្រដែលពួកគាត់ទាំងនោះបានចេញមុខទៅរារាំងគ្រឿងចក្ររបស់ក្រុមចម្ការកៅស៊ូពាមជាំង ដែលកំពុងតែឈូសឆាយដីធ្វើឲ្យខូចខាតដល់ដំទ្បូងមីនិងស្វាយចន្ទី ជាច្រើនហិកតារបស់គាត់។
ប្រជាពលរដ្ឋឈ្មោះ យា យ៉េង នៅក្នុងភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានថែ្លងថា ដំណាំដំទ្បូងមីនិងស្វាយចន្ទីជាច្រើនហិកតាបានរងការឈូសបំផ្លាញខូចខាតអស់។
លោក យា យ៉េង បានឲ្យដឹងដូច្នេះ ៖ «ប្រជាជនព្រឹកមិញប្រហែលជា៧០ទៅ៨០នាក់ដែលទៅតវ៉ានឹង។ ទៅឃាត់កុំឲ្យឈូសឆាយបន្តទៅទៀត ហើយគេអត់ព្រម រហូតដល់ប្រមាថរកបាញ់បោះប្រជាពលរដ្ឋ រកគំរាមកំហែងដាក់ខ្នោះដាក់អី»។
ប្រជាពលរដ្ឋឈ្មោះ ឈុំ ឆាំ បានថែ្លងថា ស្ថានការណ៍កំពុងតែតឹងតែងនាពេលនេះ ៖ «រាល់ថ្ងៃហ្នឹងពិបាកមែន សូម្បីតែប្រជារាស្រ្ដឃ្វាលគោក៏មិនបានដែរ មិនដឹងទៅមើលឯណា សូម្បីតែដេញក្របីទៅឃ្វាលក៏គ្មាន(កន្លែង) សូម្បីតែដីអស់រលីង ប្រជារាស្រ្ដមានអីទៀត? បន្លែដំណាំបន្តិចបន្តួចឈូសអស់រលីង បានជាប្រជារាស្រ្ដអត់មិនបាន»។
ប្រជាពលរដ្ឋម្នាក់ទៀតបានថែ្លងថា ៖ «ដំឡូងអីខ្ទេចខ្ទីអស់ បានជាខ្ញុំលើកគ្នាទៅឃាត់ទៅគេរកវ៉ៃ ពួកខ្ញុំព័ទ្ធគ្នាអត់ឲ្យវ៉ៃ គេថា គេវ៉ៃហើយគេចាប់ដាក់ខ្នោះទៅដាក់គុកទៀត»។
នៅជុំវិញការតវ៉ានិងការចោទប្រកាន់នានារបស់ប្រជាពលរដ្ឋខាងលើនេះ លោក ប៉ែន នីដែន ជាអនុប្រធាននៃក្រុមហ៊ុនចម្ការកៅស៊ូពាមជាំង នៅក្នុងខេត្តស្វាយរៀងនោះ បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ។
លោក ប៉ែន នីដែន មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំនៅក្បែរហ្នឹងមែន ប៉ុន្តែខ្ញុំមិនទាន់ដិតដល់ទេ។ ឈូសឆាយក៏មិនដឹងម៉េចដែរ មិនដឹងឈូសឬមិនឈូស ព្រោះអីខ្ញុំនៅកំពង់សោមឯណេះ»។
មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តស្វាយរៀងនោះ លោក ង៉ែត ណារ៉ា បានមានប្រសាសន៍ថា ៖ «យើងខ្ញុំអំពាវនាវទៅអាជ្ញាធរមូលដ្ឋានមេត្តាយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានសមស្របបំផុត»។
ប្រភពពីគ្រួសាររងគ្រោះបានឲ្យដឹងថា ពួកគាត់បានមករស់នៅលើដីធ្លីនោះតាំងពីឆ្នាំ១៩៧៩មក លុះឆ្នាំ២០០៧កន្លងទៅនេះ ក្រុមហ៊ុនចម្ការកៅស៊ូពាមជាំងបានមកអះអាងថា ដីធ្លីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនបានដាក់គ្រឿងចក្រចំនួន៣គ្រឿង កំពុងតែបន្តការឈូសឆាយដីធ្លីធ្វើឲ្យខូចខាតដំណាំដល់ដំទ្បូងមីនិងស្វាយចន្ទីជាច្រើនហិកតាររបស់គាត់ ដែលកំពុងតែលូតលាស់និងផ្តល់ផល។
ប្រភពពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រុមហ៊ុននោះមានផ្ទៃដីចំនួន៣.៩៦០ហិកតាសម្រាប់ដាំដើមកៅស៊ូ។ មានគ្រួសារប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅក្នុងភូមិចំនួន៥ កំពុងតែមានការព្រួយបារម្ភអំពីការបាត់បង់ដីធ្លីនាពេលខាងមុខនេះ នៅក្នុងនោះមានភូមិតាសួស ភូមិបឹង ភូមិត្រស់ ភូមិម្រាក់ទាបនិងភូមិត្រពាំងបន្ទាយ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង៕