ប្រជាពលរដ្ឋឈ្មោះ ឌិន សារិន មកពីភូមិបូស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅក្នុងចំណោមគ្រួសារមកតវ៉ាចំនួន២៩គ្រួសារនោះ ដែលបានចូលមកជួបចរចាជាមួយនឹងមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តី បានថែ្លងថា គ្រួសារតវ៉ាបានយល់ព្រមទៅនឹងការប្រគល់ដីផ្ទះទំហំទទឹង៣០ ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ប៉ុន្តែការប្រគល់ដីកសិកម្មមួយគ្រួសារ១ហិកតារនោះ គឺតិចតួចពេក។
លោក ឌិន សារិន បានឲ្យដឹងដូច្នេះ ៖ «គេនៅតែសម្រួលឲ្យយកដីមួយហិកតារហ្នឹងដដែល ដីលំនៅ៣០គុណនឹង៥០ម៉ែត្រ និងដីស្រែមួយហិកតារ ព្រោះបញ្ហាដែលថា ផ្ទះដុតអី អត់មានចម្លើយផង។ អារឿងដី៣០គុណ៥០ម៉ែត្រ អាចយល់ព្រមបាន តែអារឿងចំពោះដីស្រែមួយហិកតារ គឺអត់យល់ព្រមទេ ព្រោះវាតិចពេក មិនអាចបង្កបង្កើនផលចិញ្ចឹមជីវិតបានទេ»។
លោក ពេជ្យ សុឃិន ជាអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តអាច សម្រួលដោះស្រាយបានឲ្យគ្រួសារទាំងនោះ នូវដីធ្លីផ្ទះសម្បែងទំហំទទឹង៣០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រតែប៉ុណ្ណោះ ព្រមទាំងដីធ្លីកសិកម្មមួយគ្រួសារ១ហិកតារ។
លោក ពេជ្យ សុឃិន មានប្រសាសន៍ដូច្នេះ ៖ «ដីគាត់មួយកន្លែង ហើយនិងបង្កបង្កើនផលមួយហិកតារ។ មួយចំនួនមិនមែននៅភូមិបូសឯណា នៅព្រៃវែង នៅមួយចំនួននោះគេកំពុងចែក កំពុងចែកយកសឹងគ្រប់គ្នាអស់ហើយនៅឯណោះ។ តែគ្នាគាត់ប៉ុន្មាននាក់ហ្នឹងតើមានមេខ្យល់ មិនមែនម្តងទេណា ទៅពីរបីដង។ ខាងខណ្ឌ ខាងសង្កាត់អីគេដោះស្រាយឲ្យមកវិញមក»។
លោក អំ សំអាត ជាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថាលីកាដូ ដែលបានតាមដានករណីនេះបានមានប្រសាសន៍ថា ៖ «បើសិនជាដី៣០គុណនឹង៥០ម៉ែត្រ ហើយដីស្រែមួយហិកតារ ប្រជាពលរដ្ឋនៅដីហ្នឹងក៏លោកខ្លះមានដីប្រើរហូតដល់ប្រាំហិកតារ ហើយអ៊ីចឹងបើសិនជាគ្រួសារច្រើន ដីប៉ុណ្ណេះប្រហែលជាគាត់មិនអាចរស់បានដោយសារការបង្កបង្កើនផល»។
កាលពីដើមខែតុលា កន្លងទៅផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន១២៩ខ្នង បានរងការដុតបំផ្លាញនៅក្នុងភូមិបូស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីរឹបយកដីធ្លីកសិកម្មចំនួន១.០៧០ហិកតារ ប្រគល់ឲ្យក្រុមហ៊ុនឯកជនចំនួន៤ ដែលបានទទួលសិទ្ធិដាំដើមអំពៅទំហំជាង១០.០០០ហិកតារនៅទីនោះ។
ប្រជាពលរដ្ឋចំនួន២១៤គ្រួសារ ត្រូវបានគេអះអាងថា ជាអ្នករងគ្រោះ។ ប្រជាពលរដ្ឋចំនួន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទថា បានញុះញុង់ឲ្យមានការតវ៉ាអំពីបញ្ហាដីធ្លីនោះ និងប្រជាពលរដ្ឋចំនួន២នាក់ទៀត ត្រូវបានរងរបួសដោយសារការបង្រ្កាបហិង្សានោះ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើននាក់ទៀត នៅតែបន្តការលាក់ខ្លួននៅទ្បើយ ពីការតាមចាប់ខ្លួនពីសមត្ថកិច្ចនៅក្នុងខេត្តឧត្តរមានជ័យនោះ៕
