ការទាមទារបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយរវាងតំណាងអ្នកភូមិ៨៦គ្រួសារជាមួយក្រុមអ្នកច្បាប់និងអង្គការសង្គមស៊ីវិលជាច្រើនអង្គការ ក្រោយពីការប៉ុនប៉ងចុងក្រោយនៃការបណ្តេញអ្នកភូមិចេញពីលំនៅឋានដែលធ្វើឡើងដោយអាជ្ញាធរក្រុងកាលពីពាក់កណ្តាលខែមេសាកន្លងទៅ មកដល់ពេលនេះនៅស្ងៀមទ្រឹងមិនទាន់ឃើញមានចំណាត់ការអ្វីថ្មីនៅឡើយ។
តំណាងអ្នកភូមិឈ្មោះ លឹម សំបូរ បានអះអាងថា គេទាមទារឲ្យមានការគិតគូរតម្លៃថ្លៃថ្នូរទៅតាមទីផ្សារ បើសិនជាសាលាក្រុងនិងក្រុមហ៊ុនស៊ូស៊្រុនចង់ធ្វើការអភិវឌ្ឍទីនោះ។
លឹម សំបូរ បានឲ្យដឹងថា ៖ «បើថាគាត់មិនដោះស្រាយឲ្យទេ សូមអាណិតឲ្យចេញកម្មសិទ្ធិ ព្រោះខ្ញុំបានដាក់សុំកម្មសិទ្ធិតាំងពីឆ្នាំ២០០៤ សុំគាត់ធ្វើគាត់មិនធ្វើឲ្យ សួរប្រជាជនបានពីណា?»។
លោក ខេង សុរតន៍ តំណាងម្នាក់ទៀតបានទាមទារបន្ថែម ៖ «មិនចង់បានទេគោលនយោបាយ គឺសុំការដោះស្រាយដោយគិតជាម៉ែត្រការ៉េ ហើយបើសាលាក្រុងគាត់មានលទ្ធភាពថា ឥឡូវឲ្យប៉ុន្មានក្នុងមួយម៉ែត្រការ៉េដើម្បីធ្វើការចរចា គឺគាត់ឲ្យមក។ ការដែលចង់បានដោះស្រាយជាម៉ែត្រការ៉េនេះគឺជាការចង់បានមួយឲ្យមានភាពយុត្តិធម៌ចំពោះប្រជាជនទាំងអស់»។
ជម្លោះដីធ្លីរវាងសាលាក្រុងភ្នំពេញជាមួយនិងអ្នកភូមិចំនួន៨៦គ្រួសារនៅក្បែររដ្ឋសភាសង្កាត់ទន្លេបាសាក់កើតមានតាំងពីឆ្នាំ២០០៤មក ដោយសាលាក្រុងភ្នំពេញប៉ុនប៉ងបណ្តេញអ្នកភូមិចំនួន៦លើករួចមកហើយ ដោយអះអាងខុសៗគ្នា ជួនកាលថាយកដីនោះទៅធ្វើការអភិវឌ្ឍ ជួនកាលថាយកដីនោះសម្រាប់ធ្វើស្ពានភ្ជាប់ពីភ្នំពេញទៅកោះពេជ្រនិងលិខិតបណ្តេញចុងក្រោយរបស់សាលាក្រុងបានសរសេរថា អ្នកភូមិរស់នៅលើដីខុសច្បាប់របស់ក្រុមហ៊ុនស៊ូស្រ៊ុន។
អ្នកភូមិវិញបានបញ្ជាក់ថា គេបានមករស់នៅលើដីនោះតាំងពីឆ្នាំ១៩៨៣មកដោយមានលិខិតទទួលស្គាល់សម័យរដ្ឋកម្ពុជា ប៉ុន្តែមកដល់ពេលនេះបែរជាក្រុមហ៊ុននិងសាលាក្រុងថាជាដីរបស់ខ្លួនទៅវិញ។
អ្នកស្រុកមិនទទួលយកនូវការបណ្តេញចេញរបស់អាជ្ញាធរក្រុងឡើយ បើទោះបីជាមានថ្នូរពីសាលាក្រុងដោយផ្ទេរពួកគាត់ទៅរស់នៅតំបន់ថ្មីមួយក្នុងខណ្ឌដង្កោ និងឲ្យលុយ៥០០០ដុល្លារក្នុងមួយគ្រួសារបន្ថែមក៏ដោយ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា អ្នកភូមិមានសិទ្ធិស្របច្បាប់ក្នុងការទាមទារទាំងឡាយផ្អែកទៅតាមច្បាប់ភូមិបាលរបស់កម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីសាលាក្រុង លោក ម៉ាន់ ឈឿន បាននៅឡើយទេ។ ជំនួយការរបស់លោកប្រាប់ថាលោកជាប់រវល់ រីឯចៅសង្កាត់ទន្លេបាសាក់វិញ លោក ខាត់ ណារិទ្ធិ មិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយបញ្ជាក់ថារឿងនេះជារឿងរបស់សាលាក្រុង៕
