ពលរដ្ឋ​រត់​គេច​ខ្លួន​ដោយសារ​ទំនាស់​ដី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល

ប្រជាពលរដ្ឋ​២៧​នាក់​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ បាន​ដាក់​ញត្តិ​និង​ពាក្យ​បណ្តឹង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ឲ្យ​ពួក​គាត់។

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន​២៧​នាក់​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល​មួយ​សប្តាហ៍​ហើយ​នោះ បាន​ដាក់​ញត្តិ​និង​ពាក្យ​បណ្តឹង​របស់​ពួក​គាត់​កាល​ពី​ថៃ្ង​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សភា​ជាតិ ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និង​អង្គការ​សហប្រជាជាតិ ជួយ​ដោះស្រាយ​ប្រគល់​ដី​ធ្លី​ឲ្យ​បាន​សមរម្យ​និង​សំណង​ខូច​ខាត​នានា ក្រោយ​ពី​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​បាន​ទទួល​រង​ការ​ដុត​ផ្ទះ​ចោល​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ​ក្នុង​ការ​រឹប​យក​ដី​ធ្លី។

ក្រៅ​ពី​នេះ​ពួក​គាត់​មិន​ហ៊ាន​វិល​ត្រទ្បប់​ទៅ​កាន់​ភូមិ​ស្រុក​វិញ​ទេ ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​តាម​ចាប់​ខ្លួន​ដោយ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ តំណាងឲ្យគ្រួសារ​បាត់បង់​ទី​ជម្រក​និង​ដី​ធ្លី​កន្លង​មក​នេះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ពាក្យ​បណ្ដឹង​ទាមទារ​ហ្នឹង​គឺ​ទាមទារ​សំណង​ផ្ទះ​សម្បែង ធនធាន ទ្រព្យ​សម្បត្តិ ដែល​បាត់បង់​ដែល​គាត់​កម្ទេច​ចោល​គ្មាន​សល់​អ្វី​ហ្នឹង ទាមទារ​ឲ្យ​បាន​សង​ឲ្យ​បាន​សមរម្យ​មក​វិញ។ អ៊ីចឹង​ខ្ញុំ​សុំ​ទាមទារ​សំណង​ហ្នឹង ដី​ស្រែ​គឺ​សុំ​ឲ្យ​បាន​៥​ហិកតារ​វិញ ពីព្រោះ​កាល​ពី​ដើម​មក​គឺ​គេ​ចែក​បាន​ពេញ​លេញ អត់​ទាន់​មាន​ក្រុមហ៊ុន​អី​ទេ កាល​ពី​ឆ្នាំ​២០០៣​មក»

តំណាង​ប្រជាពលរដ្ឋ​នៃ​គ្រួសារ​អ្នក​តវ៉ា​ម្នាក់​ទៀត​នៅ​ក្នុង​ចំណោម​២៧​នាក់ ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថែ្លង​ថា ៖ «ខ្ញុំ​ចង់​មាន​បំណង​ទៅ​ស្រុក​វិញ​ដែរ ក៏​ប៉ុន្តែ​ពេល​ការងារ​បាន​សម្រេច​បាន​ខ្ញុំ​អាច​ទៅ​វិញ​បាន។ ថា​មាន​ចំណារ​ចេញ​ពី​សម្ដេច ហើយ​សម្ដេច​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ»

មន្រ្តី​នគរបាល​មួយ​រូប​នៃ​ខេត្ត​ឧត្តរមានជ័យ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ពិចារណា​បើ​សិន​ណា​មាន​ការ​សុំ​ទោស​ពី​ប្រជាពលរដ្ឋ​មួយចំនួន ៖ «បើ​សិន​ជា​គាត់​ដឹង​ថា​ខុស​ហើយ គាត់​ទៅ​បំពាន​អ៊ីចឹង មក​សុំ​(ទោស)​អី អា​ហ្នឹង​អាច​និយាយ​គ្នា​បាន ដោយ​មាន​អ្នក​ធានា​ត្រឹមត្រូវ​មក»

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​បោះ​បង់​ចោល​ផែនការ​តាម​ចាប់​ខ្លួន។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ៖ «សុំ​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​ប្រជាពលរដ្ឋ ដី​សម្រាប់​សង់​ជម្រក​ហ្នឹង ទី​២ សុំ​បញ្ឈប់​នូវ​ការ​តាម​ចាប់​និង​ការ​គំរាម​កំហែង»

សូម​ជម្រាប​ថា ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​ការ​ងើប​តវ៉ា​នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​ឃុំ​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។ នគរបាល​ខេត្ត​កំពុង​តែ​ស្វែងរក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ទៀត​កំពុង​តែ​រត់​លាក់​ខ្លួន។

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​ខ្នង​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​៤​ដាំ​ដើម​អំពៅ​នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង​១​ម៉ឺន​ហិកតារ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​យល់ព្រម​ផ្តល់​ដី​ធ្លី​ទំហំ​ប្រមាណ​៣០​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ​និង​ដី​ស្រែ​ចំនួន​១​ហិកតារ​ឲ្យ​គ្រួសារ​មួយចំនួន​ដើម្បី​បន្ត​ការ​រស់នៅ ប៉ុន្តែ​គ្រួសារ​ទាំង​នោះ​មិន​យល់ព្រម ដោយសារ​ទំហំ​ដី​ធ្លី​នោះ​តិច​ជាង​ដី​ធ្លី​ចាស់​របស់​គាត់​កាល​ពី​មុន។

នៅ​មិន​ទាន់​មាន​ការ​បំភ្លឺ​ណា​មួយ​នៅ​ទ្បើយ​ទេ​ពី​តំណាង​ក្រុមហ៊ុន​ជុំវិញ​រឿង​ចម្រូង​ចម្រាស​ខាង​លើ​នេះ៕