ប្រជាជនរស់នៅទំនប់៩៤ ច្រើនគ្រួសារ ក្នុងថ្ងៃកាន់បិណ្ឌទី១ ចំថ្ងៃទី២៤ ខែកញ្ញា បាននាំគ្នាបន់ស្រន់វត្ថុស័ក្ដិសិទ្ធិក្នុងទីអារាមទួលតាម៉ក់ ឲ្យអ្នកដែលកំពុងរំលោភដីអ្នកភូមិ និងចង់បំផ្លាញអាស្រមទួលតាម៉ក់ បង្ខំដេញព្រះសង្ឃចេញពីអារាមដើម្បីយកដីនោះ ឲ្យចាញ់ក្តី និងវិនាសអន្តរាយ ៖ «ភ្លើងដែលឆេះនេះ សូមឲ្យក្តៅរោលរាលទៅដល់អ្នកធ្វើលើប្រជាជននេះ សូមឲ្យវារលាយបណ្តើរៗហើយ កុំភ័យចាំបន្តិចទៀតវារលាយទៅអស់ហើយ»។
ការបែរបន់នេះ ត្រូវអាជ្ញាធរភូមិ និងប្រជាជនរស់នៅទំនប់ ៩៤ អះអាងថា បានធ្វើឡើងក្រោយពីអ្នកភូមិចំនួន ៧ឃុំ ក្នុងខេត្តកណ្តាល ត្រូវក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានជូនលិខិតដល់អាជ្ញាធរប្រាប់ដល់ព្រះសង្ឃឲ្យរំលាយអារាមទួលតាម៉ក់ ក្នុងខែវិច្ឆិកា ខាងមុខ និងបង្ខំប្រជាជនឲ្យរើផ្ទះចេញ។
បុរសវ័យក្មេងឈ្មោះ សីហា បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០០៩ អ្នកការពារដីក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាញ់គាត់ឲ្យរបួសចង្កេះ និងដៃ។ សីហាបន្តថា នៅថ្ងៃកាន់បិណ្ឌទី១នេះ គាត់សុំឲ្យវត្ថុស័ក្ដិសិទ្ធិនៅទួលតាម៉ក់នេះ ជួយការពារប្រជាជនឲ្យបានឈ្នះអ្វីៗទាំងអស់។
សីហា បួងសួងដូច្នេះ ៖ «សូមឲ្យក្រុមហ៊ុនហ្នឹងចាញ់ ព្រមប្រគល់ដីមកឲ្យប្រជាពលរដ្ឋវិញ និងសូមឲ្យក្រុមហ៊ុនហ្នឹងទទួលនូវបាបកម្មដែលធ្វើទាំងប៉ុន្មានមកលើប្រជាពលរដ្ឋ»។
លោក អៀង យ៉ាន ដែលមានដីកាកោះហៅក្នុងជម្លោះដីជាមួយក្រុមហ៊ុននោះថ្លែងថា ៖ «នៅវត្តទួលតាម៉ក់ហ្នឹងដែលមានឫទ្ធិខ្លាំងបំផុតនៅលើទួលតាម៉ក់ហ្នឹង ឲ្យជួយកុំឲ្យគេមករុះរើ កុំឲ្យគេមកដេញប្រជាពលរដ្ឋខ្ញុំ។ អ្នកណាដែលមកទន្ទ្រានឲ្យរលាយដូចទឹកអ៊ីចឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សុំការបំភ្លឺបានភ្លាមៗទេ ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៦ ខែកញ្ញា លោកស្រីបានប្រាប់វិទ្យុអាស៊ីសេរីថា គាត់មានប័ណ្ណកម្មសិទ្ធិដីត្រឹមត្រូវ។ លោកស្រីថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មិនបានរំលោភដីទេ គឺអ្នកភូមិទៅវិញទេដែលខិលខូចលួចយកដីក្រុមហ៊ុន។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក អ៊ូច ឡេង បានថ្លែងថា ៖ «ប្រជាពលរដ្ឋគាត់រងនូវភាពអយុត្តិធម៌ បាត់បង់ដីធ្លី ហើយមានរហូតដល់ចាប់ខ្លួនចាប់អីគ្រប់ទីកន្លែង ដែលធ្វើឲ្យគាត់អស់ជំនឿជាមួយខាងស្ថាប័នរដ្ឋាភិបាល អ៊ីចឹងថ្ងៃនេះ គាត់មានតែអំពាវនាវទៅខាងទេវតា ឬក៏ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃហ្នឹង ដើម្បីសុំឲ្យគាត់ជួយទាក់ទាញអារម្មណ៍ដល់មន្រ្តីរដ្ឋាភិបាលទាំងនោះ ឲ្យគាត់ធ្វើល្អឡើងវិញ ដើម្បីជួយការពារផលប្រយោជន៍ប្រជាពលរដ្ឋតទៅមុខទៀត»។
ប្រធានភូមិទំនប់ ៩៤ ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល លោក ផុន ផល បានថ្លែងថា វត្តទួលតាម៉ក់នេះ មានមន្ត្រីសុរិយោដីស្រុក បានវាស់ប្រគល់ដី ២ហិកតា ឲ្យសង់វត្ត ស្រាប់តែខែ៧ ឆ្នាំ២០១០ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជូនដំណឹងឲ្យអាជ្ញាធរ និងព្រះសង្ឃរើវត្តចេញនៅខែវិច្ឆិកា ខាងមុខ ដោយអះអាងថា វត្តទួលតាម៉ក់ សង់លើដីក្រុមហ៊ុន។
លោក ផុន ផល បន្តថា ប្រជាជនរស់នៅភូមិទំនប់៩៤ តាំងពីឆ្នាំ១៩៨០មក មានជាង ២០គ្រួសារ។ ក្នុងឆ្នាំ១៩៨២ មនុស្សកាន់តែច្រើនបានមករស់នៅ និងបានកកើតជាភូមិ។ លោកថា បច្ចុប្បន្នក្នុងភូមិនេះមានប្រជាជនជាង ៣០០គ្រួសារ។ លោកថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានប្រើហិង្សាបាញ់រះលើប្រជាជន ធ្វើឲ្យប្រជាជន ៣នាក់រងរបួសកាលពីឆ្នាំ២០០៩។ ក្នុងឆ្នាំ២០១០ មានដីកាចាប់ខ្លួនតំណាងប្រជាជន ៣នាក់ ក្នុងនោះបានចាប់ខ្លួនតំណាងម្នាក់ឈ្មោះ វ៉ន វិន ដាក់ឃុំជិត ១អាទិត្យ ហើយបានដោះលែងវិញថ្មីៗនេះ។
ប្រជាជនឲ្យដឹងថា មន្រ្តីក្នុងជួររដ្ឋាភិបាលមិនហ៊ានលូកដៃដោះស្រាយជម្លោះដីនោះ បានធ្វើឲ្យជម្លោះដីទំហំ ១ម៉ឺន ៤៤ហិកតា ប៉ះពាល់ប្រជាជន ២.៦៧៦គ្រួសារ បង្កជំងឺរ៉ាំរ៉ៃតទៅទៀត។
អ្នកភូមិបានឲ្យដឹងថា តុលាការខេត្តកណ្តាល បានកាត់ក្តីឲ្យប្រជាជនឈ្នះក្តីពីរលើករួចមកហើយនៅឆ្នាំ២០០៦ និងឆ្នាំ២០០៧ តាមសាលក្រមតុលាការខេត្តកណ្តាល លេខ៤០វ និង ១២វ៕