កន្លងទៅថ្មីៗនេះមានការតវ៉ានឹងការចោទប្រកាន់ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាលនិងខេត្តព្រៃវែងជុំវិញការជំរិតទារប្រាក់នោះ។
លោក នុត ណារ៉ាង រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍បង្ហើបប្រាប់វិទ្យុអាស៊ីសេរីថា ការត្រួតពិនិត្យនិងស៊ើបអង្កេតកំពុងតែដំណើរការហើយ។
លោក នុត ណារ៉ាង មានប្រសាសន៍ថា ៖ «ខ្ញុំដឹងថា ក្រសួងគេមានធ្វើ ប៉ុន្តែអាហ្នឹងវាមិនមែនផ្នែកខ្ញុំទេ សួរទៅរដ្ឋលេខាធិការ ឯកឧត្តម ឆាន់ សាផាន់ គាត់គ្រប់គ្រងរឿងហ្នឹង។ ខ្ញុំដឹងថា បានធ្វើហើយ»។
លោក ឆាន់ សាផាន់ ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទទួលបន្ទុករឿងខាងលើនេះ មិនអាចទាក់ទងសុំសេចក្តីពន្យល់ជាពិស្តារបានទេ។
ការបង្ហើបឲ្យដឹងអំពីដំណើរការត្រួតពិនិត្យនិងអង្កេតជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ នៅស្របពេលដែលធនាគារពិភពលោកក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថែ្លងការណ៍មួយកាលពីថៃ្ងច័ន្ទ កន្លងទៅថ្មីៗនេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតប្រកបដោយឯករាជ្យជុំវិញការតវ៉ានិងការចោទប្រកាន់ពីប្រជាពលរដ្ឋខែ្មរជុំវិញអំពើពុករលួយនិងការកេងបន្លំក្នុងគម្រោងនៃប្រតិបត្តិការទទួលការឧបត្ថម្ភថវិកាពីធនាគារពិភពលោកជាច្រើនលានដុល្លារអាមេរិក។
ប្រជាពលរដ្ឋខែ្មររស់នៅក្នុងឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង បានតវ៉ាប្រាប់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថា ក្រុមមន្រ្តីសុរិយោដីមួយក្រុមដែលចុះវាស់វែងដីធ្លីក្នុងភូមិប្រជាពលរដ្ឋនោះ បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋរវាង ១ម៉ឺនរៀលរហូតដល់ ២០ម៉ឺនរៀល ក្នុងមួយគ្រួសារៗ មុននឹងធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ បើមិនដូច្នោះទេ ក្រុមមន្រ្តីនោះយកលេសថា ដីធ្លីរបស់ប្រជាពលរដ្ឋមានភាពមិនប្រក្រតីនិងមានបញ្ហា ៖ «ខ្ញុំរងគ្រោះដោយសារសុរិយោដីគាត់ខុសនឹងនីតិវិធីរបស់រដ្ឋ គាត់វាស់ដីយកលុយ។ គាត់យកហ្នឹង យកមិនតាមកំណត់រដ្ឋ មិនទាន់បានប្លង់ផង គាត់យកដូចថា មួយប្លង់ ១០ដុល្លារ ឬក៏ ៥ដុល្លារអី»។
សូមរំឭកថា ធនាគារពិភពលោកប្រចាំក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០១ កន្លងទៅ បានប្រកាសចាប់ផ្តើមគម្រោងរយៈពេល៥ឆ្នាំក្នុងជំនួយថវិកាជាង ៣៣លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីរៀបចំកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្រីក្រឲ្យពួកគេមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន។ ហើយនៅពេលនោះដែរ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសជំនួយថវិការបស់ខ្លួន ៣លាន៥សែនដុល្លារអាមេរិកគាំទ្រគម្រោងនោះផងដែរ៕
