ពលរដ្ឋ​ជាង​៤០០​នាក់​តវ៉ា​រឿង​ដី​ធ្លី​ប្រឆាំង​នឹង​ទាហាន​នៅ​ខេត្ត​សៀមរាប

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់​មក​ពី​ភូមិ​ចំនួន ៧ នៅក្នុង​ឃុំ​បី​នៃ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប នៅតែ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​ជាមួយ​កង​ទាហាន​មួយ​ក្រុម រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មិថុនា បន្ទាប់ពី​ក្រុម​ទាហាន​បាន​យក​គ្រឿងចក្រ ដែល​មាន​អក្សរ​កងវិស្វកម្ម​របស់​អគ្គបញ្ជាការ​ក្រសួង​ការពារជាតិ​មក​ដាក់​ជា​ច្រើន​គ្រឿង​បម្រុង​ឈូស​ដី​ជាង ៥០០​ហិកតា​នៃ​អតីត​តំបន់​ផ្តាច់​ខ្លួន​ក្នុង​ភូមិ​ស្នា​សង្រ្គាម ជាប់​ជើង​ភ្នំ​គូលេន ។

0:00 / 0:00

ក្រុម​អ្នកភូមិ​បាន​ព្យាយាម​សម្រុក​ចូល​ទៅ​កាន់​ជំរំ​តង់​យោធា ដែល​ដាក់​ការពារ​គ្រឿងចក្រ​ប្រមាណ ១៥​គ្រឿង ហើយ​ស្រែក​ទាមទារ​ឲ្យ​កងទាហាន​ប្រមូល​យក​គ្រឿងចក្រ​ចាកចេញ​ដើម្បី​បញ្ចប់​ការឈូសឆាយ​ដី​ដែល​គេ​អះអាង​ថា ជា​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ។

បើ​តាម​ការឲ្យ​ដឹង ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ៤០០​នាក់ បាន​លើក​គ្នា​មក​ពី​ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទ​បាគង ឃុំ​ខ្នារ ស្រុក​សូទ្រនិគម និង​មក​ពី​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ។

ទោះយ៉ាងណា កង​ទាហាន​បាន​ត្រឹម​តែ​ឆ្លើយ​តប​ថា គេ​ពុំ​បាន​រំលោភ​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ណា​ទេ ដោយ​ពួកគេ​ដឹង​ត្រឹមតែ​ទទួល​បញ្ជា​ឲ្យ​ដឹក​ជញ្ជូន​គ្រឿងចក្រ​និង​ការពារ​គ្រឿងចក្រ​ទាំង​នោះ​ប៉ុណ្ណោះ ៖ «ខ្ញុំ​សូម​ព្រមាន​ឲ្យ​ហើយ កុំ​ថា ខ្ញុំ​យក​ដី​បង​ឯង សូម្បី​តែ​ភូមិ​ក៏​ខ្ញុំ​អត់​ស្គាល់​ដែរ គឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ឈរ​នៅ​នឹង​កន្លែង​ការពារ​គ្រឿងចក្រ​ឲ្យ​បាន»

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ការតវ៉ា​នោះ​គឺ​មាន​ក្រុម​ជំទាវ​ៗ ដែល​ជា​អ្នក​ទិញ​លក់​ដី​នៅពី​ក្រោយ​ខ្នង ហើយ​លោក​អំពាវនាវ​ឲ្យ​បញ្ឈប់​បញ្ហា​នេះ ។

លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា ការដែល​ទាហាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​នោះ​គម្រោង​ធ្វើ​សកម្មភាព​លើ​ផ្ទៃដី​ជាង ៥០០​ហិកតា​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ជន​ពិការ​ជាតិ តាម​គោលការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ផ្តល់​ជូន​ជនពិការ ១០០​គ្រួសារ​ក្រោម​ជំនួយ​កូរ៉េ​ប៉ុណ្ណោះ មិនមែន​ជា​ការឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​ទេ ។

លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ហ្នុង​មាន​ដី​សម្ដេច​ក្រុមព្រះ ៦៣៧​ហិកតា មាន​ដី​លោក គីង សំណាង មាន​ដី​បង ក បង ខ ដែល​រំលោភ​ផែនទី​ព្រៃឈើ​កាលពី​ឆ្នាំ​២០០២ វា​មិន​មែន​ជា​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ទេ»

អ្នកស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ខេត្ត​សៀមរាប លោក ចៅ ល័ក្ខណ៍​វណ្ណា បាន​មាន​ប្រសាសន៍​ថា ការចេញ​ដីកា​ដកហូត​ដីធ្លី​របស់​អាជ្ញាធរ​នោះ នៅ​មាន​ខ្វះ​ចន្លោះ ដោយ​មិន​មាន​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី នៅ​ខ្វះ​ឯកសារ​អម​ដែល​ចេញ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន​នៅឡើយ ។

លោក ចៅ ល័ក្ខណ៍​វណ្ណា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សំណូមពរ​ឲ្យ​លោក​អភិបាល​ខេត្ត​ពិនិត្យ​ឡើង​វិញ​នូវ​លិខិត​បង្គាប់ការ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាជន អ៊ីចឹង ការតវ៉ា​របស់​ពួកគាត់​ទាំងអស់​ហ្នឹង វា​អាច​ទៅ​ដល់​ការបង្ហូរ​ឈាម​ផងដែរ»

យោងតាម​ដីកា​ដកហូត​របស់​សាលាខេត្ត​សៀមរាប ចុះថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០០៦ បាន​សម្រេច​ដក​ដីព្រៃ​ចំនួន ២.៤៤៨​ហិកតា​មក​រក្សាទុក​ជា​របស់​រដ្ឋ​វិញ ដែល​ក្នុង​ផ្ទៃដី​ដកហូត​នោះ​ចំនួន ៥១៩​ហិកតា​សម្រាប់​បង្កើត​តំបន់​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ជន​ពិការជាតិ ៕