បុរស​ម្នាក់​នៅ​កំពង់ចាម​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ព្រោះ​តវ៉ា​ពី​បញ្ហា​ដី​ធ្លី

2008-08-19

បុរស​ម្នាក់​ដែល​ជា​អ្នក​ធ្វើការ​តវ៉ា​ពី​បញ្ហា​ដី​ធ្លី តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៦​គ្រួសារ​ដែល​បាត់បង់​ដី នៅ​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ត្រូវ​បាន​ប៉ូលិស​ស្រុក​ចាប់​យក​ទៅ​ឃុំ​ឃាំង ។

«អង្គការ រដ្ឋាភិបាល ជួយ​ខ្ញុំ​ផង ។ ទី​១ មេ​ឃុំ​ដុត​ផ្ទះ​ខ្ញុំ​ចោល ទី​២ គេ​ចាប់​ប្ដី​ខ្ញុំ​ដាក់​គុក ។ ខ្ញុំ​តូច​ចិត្ត​ណាស់ បើ​ប្ដី​ខ្ញុំ​ធ្វើ​អាក្រក់ ធ្វើ​តាម​ច្បាប់ បើ​អ្នក​ណា​ចោទប្រកាន់​ប្ដី​ខ្ញុំ រក​សាក្សី​ឲ្យ​ពិត ឲ្យ​ឃើញ» ៖ នេះ​ជា​សំឡេង​ថ្ងូរ​យំ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​មក​សុំ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ជួយ​រក​យុត្តិធម៌​នៅ​ថ្ងៃ​ទី​១៩​នេះ ដែល​កង​កម្លាំង​ប៉ូលិស​បាន​ចាប់​ប្តី​របស់​គាត់​យក​ទៅ​ឃុំ​ឃាំង ដោយសារ​បាន​ប្តឹង​តវ៉ា​យក​ដី​ចម្ការ​ពី​ប៉ូលិស​រដ្ឋបាល​ស្រុក​វិញ នេះ​បើ​តាម​ការអះអាង​របស់​ស្រ្តី​ដែល​ជា​ប្រពន្ធ​ជន​រងគ្រោះ​ឈ្មោះ សាន រី ។

អ្នកស្រី តុង ស៊ាត ដែល​ជា​ប្រពន្ធ​ជន​រងគ្រោះ​ឈ្មោះ សាន រី នៅ​ភូមិ​ជាំម្លួ ឃុំ​រការពប្រាំ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អធិការ​ស្រុក​ស្តីទី​បាន​កោះហៅ និង​ធ្វើការ​ចាប់​ខ្លួន​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា បាន​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​១៩៩៧ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​បាន​ទៅ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០០៣ មន្រ្តី​ប៉ូលិស​ឈ្មោះ អ៊ាម សំអឿន បាន​ទៅ​យក​ដី​ពួក​គាត់​ទាំង​៦​គ្រួសារ ។

អ្នកស្រី តុង ស៊ាត បាន​ឲ្យ​ដឹង​ថា ៖ «ដី​នេះ កន្លែង​អញ​កាន់កាប់​តាំងពី​៧៩​ឯណោះ ។ អញ​ត្រង់សេ​រួច​ហើយ មក​ធ្វើ​អី ? ដើរ​ចេញ​ទៅ បើ​មិន​ចេញ​ទេ​អញ​បាញ់​បាក់​ជើង​ឥឡូវ​ហើយ ។ ខ្ញុំ​ថា លោក ដី​នេះ​ខ្ញុំ​រកស៊ី​យូរ​មក​ហើយ ប្រមាណ​៤​-​៥​ឆ្នាំ ២​-​៣​ឆ្នាំ​មក​ហើយ ហើយ​យ៉ាង​ម៉េច​ម៉ា​និយាយ​រក​ការដោះស្រាយ​សិន»

អ្នកស្រី តុង ស៊ាត បាន​បន្ត​ថា​មក​ដល់​ថ្ងៃ​ទី​១១ សីហា មាន​លិខិត​មួយ​ច្បាប់​កោះហៅ​ប្តី​អ្នកស្រី​ឲ្យ​ទៅ​បំភ្លឺ​ជុំវិញ​ពាក្យបណ្តឹង​ដែល​ប្តី​អ្នកស្រី​បាន​ប្តឹង​ឈ្មោះ ឈិន ឌី ត្រូវ​ជា​ក្មួយ​របស់ អ៊ាម សំអឿន ពី​បទ​បរិហារកេរ្តិ៍​រូប​គាត់ ថា​បាន​កាប់​បំផ្លាញ​សណ្តែក​បាយ​អស់​មួយ​ហិកតា​កន្លះ ។ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​១៧ ទើប​ប្តី​គាត់​ឈ្មោះ សាន រី បាន​ទៅ​ជួប​លោក​អធិការ​ស្រុក​ស្ដីទី​ឈ្មោះ ហ៊ាង ហ៊ត ។ នៅ​ពេល​ចូល​ដល់​បន្ទប់​អធិការ​ត្រូវ​បាន​គេ​ចាប់​ដាក់​ខ្នោះ និង​យក​មក​ឃុំ​ខ្លួន​នៅ​ខេត្ត​ភ្លាមៗ ពុំ​បាន​សួរ​នាំ​នោះ​ទេ ។

អធិការ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ​ស្ដីទី លោក ហ៊ាង ហ៊ត បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ចាប់​ខ្លួន សាន រី យោង​តាម​ដីកា​លេខ​៣៤០ របស់​ចៅក្រម​ស៊ើបអង្កេត​តុលាការ​ខេត្ត​កំពង់ចាម លោក កែម សាន ប៉ុណ្ណោះ ។

ចៅក្រម​ស៊ើបអង្កេត លោក កែម សាន មិន​បាន​បំភ្លឺ​ជុំវិញ​បញ្ហា​ខាង​លើ​ទេ ៖ «មក​សួរ​ខ្ញុំ​តាម​ទូរស័ព្ទ​អ៊ីចឹង ខ្ញុំ​អត់​ឆ្លើយ​ជូន​ទេ»

រីឯ​លោក អ៊ាម សំអឿន ដែល​ត្រូវ​បាន​អ្នកស្រី តុង ស៊ាត បាន​ចោទ​ប្រកាន់​ថា​យក​ដី​ចម្លារ​គាត់​នោះ​បាន​មាន​ប្រសាសន៍​ថា ដី​នោះ​ជា​ដី​របស់​គាត់ ៖ «អះអាង​យក​លេស​អ៊ីចេះ យក​លេស​អ៊ីចុះ ពឹង​អ្នក​នេះ ពឹង​អ្នក​នោះ អាង​តែ​ប្រជាពលរដ្ឋ​ហ្នឹង ទម្លាក់​កំហុស​មក​លើ​តែ​ខ្ញុំ​ជា​សមត្ថកិច្ច​អី​អ៊ីចឹង»

ទោះ​ជា​យ៉ាង​ណា​ប្រធាន​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សូវ៉ាត បាន​មាន​ប្រសាសន៍​ជុំវិញ​ការចាប់​ខ្លួន សាន រី ដូចេ្នះ​ថា ៖ «នៅ​មិន​ទាន់​ដឹង​ថា​ដី​អ្នក​ណា ម្នាក់ៗ​ថា​ដី​រៀង​ខ្លួន អ៊ីចឹង​វា​មិន​អាច​ចោទ​ប្រកាន់​បាន​ទេ»

សូម​ជម្រាប​ថា​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ខាង​លើ​មាន​ផ្ទៃ​ដី​ជាង​៧​ហិកតា ៕

អត្ថបទ​ដែល​ទាក់ទង

ខ្ទម​ចាំ​ចម្ការ​របស់​អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី ត្រូវ​ក្រុមហ៊ុន​ដុត​បំផ្លាញ

ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង

អ្នក​ភូមិ​នៅ​រតនគិរី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានប័ន​ជាតិ​និង​សិទ្ធិ​មនុស្ស

ទំនាស់​ដី​ធ្លី​នៅ​ស្រុក​បាធាយ ខែត្រ​កំពង់ចាម

មនុស្ស​៣​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន​ក្នុង​ករណី​វិវាទ​ដី​ធ្លី

ក្រសួង​ព័ត៌មាន​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ជុំវិញ​បញ្ហា​ទំនាស់​ដី​នៅ​ក្រុង​ព្រះសីហនុ

ពលរដ្ឋ​មួយ​ក្រុម​នៅ​ខែត្រ​កំពត​តវ៉ា​ប្រឆាំង​ការរឹបអូស​យក​ដី​ធ្លី

ព្រៃ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​រតនគិរី​ត្រូវ​គេ​កាប់​ទន្ទ្រាន​យក​ដី

ដី​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ​កំពុង​រង​ការ​ទន្ទ្រាន​យក

លីកាដូ​ផ្ដល់​ជំនួយ​ស្បៀង​ដល់​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​ខែត្រ​កំពត