«អង្គការ រដ្ឋាភិបាល ជួយខ្ញុំផង ។ ទី១ មេឃុំដុតផ្ទះខ្ញុំចោល ទី២ គេចាប់ប្ដីខ្ញុំដាក់គុក ។ ខ្ញុំតូចចិត្តណាស់ បើប្ដីខ្ញុំធ្វើអាក្រក់ ធ្វើតាមច្បាប់ បើអ្នកណាចោទប្រកាន់ប្ដីខ្ញុំ រកសាក្សីឲ្យពិត ឲ្យឃើញ» ៖ នេះជាសំឡេងថ្ងូរយំរបស់ប្រជាពលរដ្ឋម្នាក់ដែលបានមកសុំសមាគមសិទ្ធិមនុស្សអាដហុក ជួយរកយុត្តិធម៌នៅថ្ងៃទី១៩នេះ ដែលកងកម្លាំងប៉ូលិសបានចាប់ប្តីរបស់គាត់យកទៅឃុំឃាំង ដោយសារបានប្តឹងតវ៉ាយកដីចម្ការពីប៉ូលិសរដ្ឋបាលស្រុកវិញ នេះបើតាមការអះអាងរបស់ស្រ្តីដែលជាប្រពន្ធជនរងគ្រោះឈ្មោះ សាន រី ។
អ្នកស្រី តុង ស៊ាត ដែលជាប្រពន្ធជនរងគ្រោះឈ្មោះ សាន រី នៅភូមិជាំម្លួ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានអធិការស្រុកស្តីទីបានកោះហៅ និងធ្វើការចាប់ខ្លួនភ្លាមៗកាលពីថ្ងៃទី១៧ ខែសីហា បានមានប្រសាសន៍ថា កាលពីឆ្នាំ១៩៩៧ ប្រជាពលរដ្ឋចំនួន៦គ្រួសារបានទៅកាប់រានដីព្រៃធ្វើចម្ការ ប៉ុន្តែនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៣ មន្រ្តីប៉ូលិសឈ្មោះ អ៊ាម សំអឿន បានទៅយកដីពួកគាត់ទាំង៦គ្រួសារ ។
អ្នកស្រី តុង ស៊ាត បានឲ្យដឹងថា ៖ «ដីនេះ កន្លែងអញកាន់កាប់តាំងពី៧៩ឯណោះ ។ អញត្រង់សេរួចហើយ មកធ្វើអី ? ដើរចេញទៅ បើមិនចេញទេអញបាញ់បាក់ជើងឥឡូវហើយ ។ ខ្ញុំថា លោក ដីនេះខ្ញុំរកស៊ីយូរមកហើយ ប្រមាណ៤-៥ឆ្នាំ ២-៣ឆ្នាំមកហើយ ហើយយ៉ាងម៉េចម៉ានិយាយរកការដោះស្រាយសិន» ។
អ្នកស្រី តុង ស៊ាត បានបន្តថាមកដល់ថ្ងៃទី១១ សីហា មានលិខិតមួយច្បាប់កោះហៅប្តីអ្នកស្រីឲ្យទៅបំភ្លឺជុំវិញពាក្យបណ្តឹងដែលប្តីអ្នកស្រីបានប្តឹងឈ្មោះ ឈិន ឌី ត្រូវជាក្មួយរបស់ អ៊ាម សំអឿន ពីបទបរិហារកេរ្តិ៍រូបគាត់ ថាបានកាប់បំផ្លាញសណ្តែកបាយអស់មួយហិកតាកន្លះ ។ រហូតមកដល់ថ្ងៃអាទិត្យ ទី១៧ ទើបប្តីគាត់ឈ្មោះ សាន រី បានទៅជួបលោកអធិការស្រុកស្ដីទីឈ្មោះ ហ៊ាង ហ៊ត ។ នៅពេលចូលដល់បន្ទប់អធិការត្រូវបានគេចាប់ដាក់ខ្នោះ និងយកមកឃុំខ្លួននៅខេត្តភ្លាមៗ ពុំបានសួរនាំនោះទេ ។
អធិការប៉ូលិសស្រុកត្បូងឃ្មុំស្ដីទី លោក ហ៊ាង ហ៊ត បានមានប្រសាសន៍ថាលោកបានចាប់ខ្លួន សាន រី យោងតាមដីកាលេខ៣៤០ របស់ចៅក្រមស៊ើបអង្កេតតុលាការខេត្តកំពង់ចាម លោក កែម សាន ប៉ុណ្ណោះ ។
ចៅក្រមស៊ើបអង្កេត លោក កែម សាន មិនបានបំភ្លឺជុំវិញបញ្ហាខាងលើទេ ៖ «មកសួរខ្ញុំតាមទូរស័ព្ទអ៊ីចឹង ខ្ញុំអត់ឆ្លើយជូនទេ» ។
រីឯលោក អ៊ាម សំអឿន ដែលត្រូវបានអ្នកស្រី តុង ស៊ាត បានចោទប្រកាន់ថាយកដីចម្លារគាត់នោះបានមានប្រសាសន៍ថា ដីនោះជាដីរបស់គាត់ ៖ «អះអាងយកលេសអ៊ីចេះ យកលេសអ៊ីចុះ ពឹងអ្នកនេះ ពឹងអ្នកនោះ អាងតែប្រជាពលរដ្ឋហ្នឹង ទម្លាក់កំហុសមកលើតែខ្ញុំជាសមត្ថកិច្ចអីអ៊ីចឹង» ។
ទោះជាយ៉ាងណាប្រធានសមាគមអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម លោក នាង សូវ៉ាត បានមានប្រសាសន៍ជុំវិញការចាប់ខ្លួន សាន រី ដូចេ្នះថា ៖ «នៅមិនទាន់ដឹងថាដីអ្នកណា ម្នាក់ៗថាដីរៀងខ្លួន អ៊ីចឹងវាមិនអាចចោទប្រកាន់បានទេ» ។
សូមជម្រាបថាដីរបស់ប្រជាពលរដ្ឋចំនួន៦គ្រួសារខាងលើមានផ្ទៃដីជាង៧ហិកតា ៕
