ប្រជាពលរដ្ឋចំនួន១២០នាក់តំណាងឲ្យអ្នកស្រុកជាង៧០០គ្រួសាររស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទ្បើងមកតវ៉ាដោយស្ងាត់ស្ងៀមនៅថៃ្ងច័ន្ទនេះនៅខាងមុខផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំឲ្យជួយលោកធ្វើអន្តរាគមន៍ជាបន្ទាន់បើកផ្លូវឲ្យពួកគាត់អាចធើ្វកសិកម្មបាននៅគ្រាដែលក្រុមហ៊ុនឯកជនមួយកំពុងតែហាមឃាត់មិនឲ្យពួកគាត់ធ្វើកសិកម្មនៅលើដីទំនាស់ជាង១ពាន់ហិកតារ។
លោកស្រី ឈុន មុំ មកពីឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងចំណោមអ្នកតវ៉ាចំនួន១២០នាក់បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅកន្លែងប្រមូលផ្តុំតវ៉ានៅខាងក្រៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ៖ «មកអំពាវនាវសុំឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយ។ ពេលយើងចូលថែរក្សា គេអត់ឲ្យចូល គេចាប់»។
លោក ស្មាន សាលឹម តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានថ្លែងថា ៖ «និយាយទៅ គេរឹតបន្តឹងមែនទែន យើងចូលលែងបាន គឺចូលដល់ឆ្នាំ២០០៩ យើងចូលលែងបានតែម្ដង»។
ផ្អែកតាមប្រភពពីប្រជាពលរដ្ឋអ្នកតវ៉ាបានអះអាងថា ពួកគាត់មានប័ណ្ណកម្មសិទ្ធិដីធ្លីរៀងៗខ្លួននៅលើដីធ្លីកសិកម្មនោះតាំងពីឆ្នាំ១៩៨៤មកម៉្លេះ ប៉ុន្តែលុះដល់ឆ្នាំ២០០៧ ឆ្នាំ២០០៨ និងរហូតដល់មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនទ្បុងស្រេងបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋទាំងនោះចូលធ្វើកសិកម្មដូចឆ្នាំមុនៗទេ ដូចជាការដាំដើមកៅស៊ូ ស្វាយចន្ទី ខ្នុរ សណ្តែក ល្ង និងដំទ្បូងជាដើម ដោយសារក្រុមហ៊ុននេះបានអះអាងថាបានទទួលសិទ្ធិស្របច្បាប់ពីរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើដីនោះ។
លោក ហេង ទ្បុង តំណាងឲ្យក្រុមហ៊ុនទ្បុងស្រេងបានបំភ្លឺថា លោកបានទទួលសិទ្ធិស្របច្បាប់នៅលើដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។
លោក ហេង ឡុង បានបញ្ជាក់ថា ៖ «ការងារហ្នឹងរដ្ឋាភិបាលអ្នកចូលមកដោះស្រាយជាមួយប្រជាជន ខ្ញុំអត់មានសិទ្ធិឆ្លើយឆ្លងគាត់ទេ ព្រោះនេះការងាររដ្ឋាភិបាល។ និយាយឲ្យត្រង់ទៅដីគាត់រំលោភយកពីរដ្ឋទេ ដីហ្នឹងដីរដ្ឋ។ ពេលដែលដេញថ្លៃ រដ្ឋាភិបាលដាក់ម្ដុំឲ្យដេញថ្លៃ ពេលខ្ញុំដេញថ្លៃបានហើយ ខ្ញុំចូលទៅគាត់ថាខ្ញុំអ្នករំលោភ ដល់អ៊ីចឹងខ្ញុំមិនដឹងនិយាយម៉េច!»។
ប្រជាពលរដ្ឋប្រមាណ៥០នាក់ត្រូវបានគេអនុញ្ញាតឲ្យចូលជួបជាមួយមន្រ្តីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ នៅស្រុកតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះសា្រយបញ្ហាខាងលើ។
ប៉ុន្តែប្រភពពីលោក ស៊ន ងួនហ៊ួ តំណាងប្រជាពលរដ្ឋខែ្មរដែលបានចេញពីការជួបដោះស្រាយនោះបានថែ្លងថា ៖ «អត់ទាន់បានលទ្ធផលទេ គ្រានតែថានិយាយប្រមូលយោបល់គ្នាទៅ ទូរស័ព្ទចុះឡើង ទៅជួបឯកឧត្ដម ចាន់ តុងអ៊ីវ ល្ងាចម៉ោង៣ទៀត មិនទាន់បានលទ្ធផលទេ»។
ទាក់ទងនឹងបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា អង្គការសិទ្ធិមនុស្សលីកាដូបានចេញផ្សាយនូវរបាយការណ៍មួយកាលពីថៃ្ងទី៦ ខែមិថុនាកន្លងទៅនេះ និយាយថា នៅក្នុងប្រទេសកម្ពុជាមានការរំលោភដីធ្លីបានរីករាលដាលយ៉ាងខ្លាំង ហើយជាញឹកញាប់បានធ្វើទ្បើងក្រោមពាក្យថាធ្វើការអភិវឌ្ឍដែលបង្កឲ្យកាន់តែមានភាពក្រីក្រនិងភាពគ្រោះថ្នាក់ទៅវិញ៕
