ក្រុមប្រជាពលរដ្ឋបានមានប្រសាសន៍ថា អភិបាលស្រុកនិងកងប៉ូលិសប៉េអឹមស្ទាក់រារាំងមិនឲ្យបន្តដំណើរទៅទៀត នៅត្រឹមមុខសាលាស្រុកវ៉ារិន កាលពីព្រឹកថ្ងៃច័ន្ទ ទី២២ ខែមិថុនា ៖ «ចៅហ្វាយស្រុករារាំង ប៉ូលិសក៏មានមករារាំង។ ប៉ូលិសសួររកប័ណ្ណបើកបរគោយន្ត»។
អភិបាលស្រុកវ៉ារិន លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា ពីដំបូងគឺក្រុមប៉ូលិសចរាចរណ៍បានឃាត់ប្រជាពលរដ្ឋទាំងនោះសាកសួរអំពីប័ណ្ណបើកបរដោយសារតែអ្នកភូមិធ្វើដំណើរមានគ្នាច្រើន ហើយម៉ូតូជាច្រើនគ្មានមួយការពារនិងប័ណ្ណបើកបរត្រឹមត្រូវ ប៉ុន្តែបន្ទាប់ពីប៉ូលិសសាកសួរឃើញការធ្វើដំណើរខុសប្រក្រតី ដឹងថា បម្រុងលើកគ្នាទៅធ្វើការតវ៉ាបញ្ហាដីធ្លីនៅខេត្ត លោកក៏បានបញ្ជាឲ្យរារាំងដំណើរនោះ។
លោកអភិបាលស្រុកបានមានប្រសាសន៍ទៀតថា បញ្ហាដែលក្រុមហ៊ុនបានយ៉ា ហ្គ្រូប រៀបចំគម្រោងអភិវឌ្ឍន៍ទីនោះ អាជ្ញាធរស្រុកអាចធ្វើការងារដោះស្រាយបញ្ហានោះបាន ដោយពុំចាំបាច់ឡើងទៅតវ៉ាដល់ខេត្តទេ ៖ «ទៅនេះមានលក្ខណៈជាការតវ៉ាទាមទារមួយ។ សំណូមពរគាត់សុំឲ្យទុកដីស្រែគាត់ធ្វើហ្នឹង ដែលគាត់ត្រូវទៅខេត្ត រឿងហ្នឹងសមត្ថកិច្ចអាជ្ញាធរស្រុកគឺអាចធ្វើបាន អត់បាច់ចាំគាត់អញ្ជើញទៅខេត្តទៅអីទេ»។
លោក លី គឹមឃុន ជំនួយការរបស់នាយកក្រុមហ៊ុន បានយ៉ា ហ្គ្រូប បានមានប្រសាសន៍ថា ក្រុមហ៊ុនបានប្តឹងតំណាងប្រជាពលរដ្ឋឃុំល្វាក្រាំងនោះដោយសារតែក្រុមប្រជាពលរដ្ឋបាននាំគ្នាធ្វើឲ្យខូចខាតដល់បង្គោលបេតុងរបស់ក្រុមហ៊ុនចំនួន៤បង្គោលនិងគោយន្តផង នៅពេលដែលរូបលោកបានដឹកបង្គោលទាំងនោះយកទៅបោះកំណត់ព្រំដីនិងបង្គោលពីរទៀតមិនទាន់បានបោះនៅឡើយកាលពីពេលថ្មីៗ។
លោក លី គឹមឃុន ថ្លែងដូច្នេះថា ៖ «ធ្វើឲ្យខូចគោយន្តផង ហើយបង្គោលយើងហ្នឹងមិនបានដាក់ បង្គោលដែលដាក់ហើយត្រូវគាស់ លើកដាក់គោយន្តមកមានបាក់បែក»។
សូមរំឭកថា កាលពីថ្ងៃទី៨ ខែឧសភា កន្លងមក ប្រជាពលរដ្ឋឃុំល្វាក្រាំងប្រមាណ ៣០០នាក់ បានលើកគ្នាចូលព្រៃដោយជញ្ជូនយកបង្គោលបេតុងរបស់ក្រុមហ៊ុនបានយ៉ា ហ្គ្រូប មិនឲ្យបោះព្រំដីសម្បទានចំនួន ៧.០០០ហិកតារបានទេ ដោយអ្នកភូមិអះអាងថា ការបោះបង្គោលទាំងនោះបានប៉ះពាល់លើដីស្រែចម្ការប្រជាពលរដ្ឋជាច្រើនហិកតារនិងពុំទាន់មានការដោះស្រាយណាមួយទេ។
យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក ទី សុវិនថាល់ ចុះថ្ងៃទី៤ ខែមិថុនា បានកោះហៅតំណាងទាំងពីររូប ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន បានយ៉ា ហ្គ្រូប ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី២៣ ខែមិថុនា ពីបទធ្វើឲ្យខូចខាតដោយចេតនា។ ហើយក្រុមប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភថា អាចនឹងចាប់ខ្លួនតំណាងរបស់ពួកគេ ដោយថា គេនឹងបន្តហែហមតំណាងរបស់គេនៅថ្ងៃស្អែក៕
