តុលាការ​ក្រុង​ភ្នំពេញ​នឹង​ជំនុំ​ជម្រះ​ទោស​ជន​ជាប់​ចោទ​ក្នុង​រឿង​ដីធ្លី​៦​នាក់​នៅ​ថ្ងៃ​ទី២ កញ្ញា

ប្រភព​ពី​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តុលាការ​ក្រុង​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​ជម្រះ​ទោស​ជន​ជាប់​ចោទ ៦​នាក់ ដែល​បាន​ឃុំ​ខ្លួន ក្នុង​ករណី​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ នៅឯ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​នេះ។

0:00 / 0:00

ប្រភព​ដដែល​មិន​អាច​បញ្ជាក់​អំពី​នីតិ​វិធី​លំអិត​នៃ​ការបើក​សវនាការ​នោះ​ទេ។ ប៉ុន្តែ​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស នឹង​បន្ត​ការតាមដាន​ក្នុង​ករណី​នេះ​ជា​បន្ត​ទៅ​ទៀត។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ នេះ​ថា ៖ «យើង​មិន​ដឹង​ថា តើ​តុលាការ​ហ្នឹង​បើក​ដើម្បី​ធ្វើម៉េច​ឲ្យ​មាន​ការ​ដោះលែង​ពួកគាត់ ទាំង​៦​នាក់ ឬ​មួយ​ក៏​បើក​ដើម្បី​ដាក់​បន្ទុក​បន្ថែម​ទៀត។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង តុលាការ​យើង អត់​មាន​ឯករាជ្យ​ទេ ហើយ​ដល់​ពេល​ដរាប​ណា​យើង​អត់​មាន​តុលាការ​ឯករាជ្យ និង​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ទូទៅ អាហ្នឹង​បាន​ការជឿ​ចិត្ត​ដល់​ប្រព័ន្ធ​តុលាការ​ទាំង​មូល ដូច្នេះ​ខ្ញុំ​ថា ជា​រឿង​មួយ ដែល​យើង​ឃើញ វា​ជា​ការឆ្លុះ​បញ្ចាំង​នូវ​ការខ្វះ​យុត្តិធម៌​នៅ​ក្នុង​សង្គម»

មនុស្ស​ទាំង ៦​នាក់ មាន​ឈ្មោះ ម៉ាន់ ចាន់ថន, ម៉ាន ចាន់ថា, រឹម រ៉ើយ, ឈឿន ឆេង, នៅ ទិត្យ, និង សុំ សុភ័ក្រ ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ដី​រដ្ឋ នៅឯ​ភូមិ​អូរឈើទាល ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

ការរក​កិច្ច​អន្តរាគមន៍​លើកលែង​ទោស ក្នុង​សំណុំ​រឿង​មនុស្ស​ទាំង ៦​នាក់​នោះ ធ្វើ​ឲ្យ​មាន​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ឲ្យ​លើកលែង​ការចោទ​ប្រកាន់​និង​មាន​អន្តរាគមន៍​ពី​ប្រធាន​រដ្ឋសភា តាមរយៈ​អ្នក​តំណាងរាស្ត្រ ម៉ោញ សាផាន ហើយ​ក៏​មាន​កិច្ច​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​ជាមួយ​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌​ផង​ដែរ។

ក្រុម​គ្រួសារ​របស់​ជន​ជាប់ចោទ​កំពុងតែ​រង់ចាំ​មើល​សវនាការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ការកំណត់​ពី​ជោគ​វាសនា​របស់​ជន​ជាប់ចោទ​ទាំង ៦​នាក់​នោះ។

អ្នកស្រី យ៉ង រឿង អាយុ ៦០​ឆ្នាំ ជា​ម្តាយ​របស់​ជន​ជាប់​ចោទ​ពីរ​នាក់ ក្នុង​ចំណោម​នោះ បាន​មាន​ប្រសាសន៍​ទទូច​សុំ​ឲ្យ​តុលាការ លើកលែង​ទោស​ដល់​អ្នក​ទាំង​នោះ ៖ «ខ្ញុំ​សុំ​ឲ្យ​តុលាការ​ហ្នឹង រក​យុត្តិធម៌ សុំ​ឲ្យ​ដោះលែង​ទាំង​៦​នាក់​ហ្នឹង។ ខ្ញុំ​សូម​សំណូមពរ គឺ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។ សូម​មេត្តា​ថា ឲ្យ​តុលាការ​កាត់​ក្ដី ដើម្បី​ឲ្យ​ដោះលែង ព្រោះ ម៉ាន់ ចាន់ថន នោះ កូន​មួយ​ហ្វូង អត់​មាន​អ្នក​ណា​ចិញ្ចឹម​ទេ នៅ​ដោយសារ​គេ​ឯង​ទេ សព្វ​ថ្ងៃ»

សូម​បញ្ជាក់​ថា ការចាប់​ឃុំ​ខ្លួន​មនុស្ស ៦​នាក់​នោះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​យុទ្ធនាការ​របស់​ក្រុម​សមត្ថកិច្ច​ចម្រុះ ដែល​បាន​ចុះ​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ចំនួន ៣១៧​គ្រួសារ មិន​ឲ្យ​សង់​លំនៅ​ក្នុង​ភូមិ​អូរឈើទាល ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ចុង​ឆ្នាំ​២០០៧ កន្លង​ទៅ។ ការចុះ​បង្ក្រាប​នោះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ ២​នាក់ បាន​ស្លាប់ និង​រងរបួស​ដោយសារ​ការបាញ់​របស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជាង ១០​នាក់ បាន​ចាប់​ខ្លួន ហើយ​ត្រូវ​ដោះលែង​មក​វិញ​ខ្លះ៕