សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ផ្អាក​ផ្ដល់​ដី​សម្បទាន​ជា​រឿង​នយោបាយ

ការ​បង្ហាញ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា គឺ​ជា​ការ​ទាក់ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​មុន​ពេល​បោះ​ឆ្នោត។

0:00 / 0:00

បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នា​ពេល​កន្លង​មក​នោះ ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រង​គ្រោះ​ដោយសារ​តែ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល ដោយ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នេះ។

ប្រជាពលរដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​មាន​អ្នក​ខ្លះ ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ចាប់​ដាក់​គុក និង​មាន​អ្នក​ខ្លះ​ទៀត សន្តិសុខ​ក្រុមហ៊ុន​បាញ់​សម្លាប់ ដូចជា​ករណី​សន្តិសុខ​ក្រុមហ៊ុន ធីធីវ៉ាយ (TTY) នៅ​ខែត្រ​ក្រចេះ បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ និង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​ព្រៃ​ឈើ និង​មន្ត្រី​ប៉េអិម​នៅ​ខែត្រ​កោះកុង កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១២ នេះ​ជា​ដើម។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា សម្រេច​បញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​បណ្ដោះអាសន្ន។

អនុ​ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​តែម្ដង ហើយ​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ដក​ហូត​យក​ដី​ពី​ក្រុមហ៊ុន​ទាំង​ឡាយ ដែល​មិន​គោរព​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ។

លោក ចាន់ សុវ៉េត៖ «យើង​សំណូមពរ​ថា បើ​សិន​ជា​ទាក់ទង​នឹង​បញ្ហា​អ្នក​ដែល​គេ​ប្ដឹង​ផ្ដល់​ចាប់​ខ្លួន​របស់​តុលាការ​នោះ រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​ពួក​គាត់​ឡើង​វិញ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ទុក​ដី​បម្រុង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​កើន​រាល់​ឆ្នាំ​នេះ»

បទបញ្ជា​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា នោះ តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ អនុវត្ត​បទបញ្ជា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​កិច្ចសន្យា​ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច ពិសេស​អនុវត្ត​តាម​គោលនយោបាយ​រូបមន្ត​ស្បែក​ខ្លា និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​សហគមន៍ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ទិសដៅ​ធ្វើ​ឲ្យ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នេះ​បាន​ផ្ដល់​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាពលរដ្ឋ។

ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​រួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ជា​ធរមាន និង​កិច្ចសន្យា ដោយ​កាប់​ឈើ​លក់​មិន​អភិវឌ្ឍ​ដី​សម្បទាន​ទន្ទ្រាន​យក​ដី​បន្ថែម ទុក​ដី​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​កិច្ចសន្យា បំពាន​ដី​របស់​ប្រជាពលរដ្ឋ សហគមន៍ រដ្ឋាភិបាល​នឹង​ដក​យក​ដី​ទាំង​នោះ​មក​វិញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋ​សភា លោក​បណ្ឌិត ជាម យៀប។ លោក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ថា កន្លង​មក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​គោរព​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍន៍​គឺ​ក្រុមហ៊ុន​បែរ​ជា​កាប់​ឈើ​លក់​ទៅ​វិញ។

លោក ជាម យៀប៖ «អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ធ្វើ​រ៉ែ​ហ្នឹង មិន​ព្រម​ធ្វើ​រ៉ែ​ទេ កាប់​ឈើ​យក​ទៅ​លក់​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដែល​ជា​ការ​បំផ្លាញ​ជាតិ ហើយ​រដ្ឋាភិបាល​អាជ្ញាធរ​ហ្នឹង​ត្រូវ​តែ​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ​កុំ​ឲ្យ​បាត់បង់​ព្រៃ​ឈើ»

ទាក់ទង​នឹង​បញ្ហា​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នោះ មាន​ក្រុមហ៊ុន​ប្រមាណ ៨០% បាន​កាប់​ឈើ​លក់​ក្រោម​រូបភាព​អភិវឌ្ឍន៍ ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្លែងក្លាយ។

ម្យ៉ាង​វិញ​ទៀត ការ​ចេញ​បទបញ្ជា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​គណបក្ស​ប្រឆាំង​ផង បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការ​សម្រេច​នេះ។ ផ្ទុយ​ទៅ​វិញ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា ការ​សម្រេច​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នេះ ក្នុង​ហេតុផល​នយោបាយ​ច្រើន​​ជាង ពីព្រោះ​ពេល​នេះ​ជា​រដូវ​កាល​ប្រកួត​ប្រជែង​នយោបាយ​បាន​ខិត​ជិត​មក​ដល់​នៅ​ពេល​ខាង​មុខ ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៣ មិថុនា និង​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ​ទៀត គឺ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​​ឆ្នាំ​២០១៣ ខាង​មុខ​នោះ។

ប្រការ​ទាំង​នេះ​មាន​ន័យ​ថា បញ្ហា​ជម្លោះ​ដីធ្លី​ជា​បញ្ហា​ក្ដៅ​គគុក​នា​ពេល​បច្ចុប្បន្ន ពិសេស​ព្រឹត្តិការណ៍​ដែល​ប្រជាពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃឈើ​កំពុង​ចាប់​អារម្មណ៍​ត​ទៅ​ទៀត​នោះ គឺ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​មន្ត្រី​ប៉េអិម​មួយ​រូប​ទៀត កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។ ទោះ​បី​ជា​ក្រុម​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​បាន​ពន្យល់​ថា ការ​បាញ់​សម្លាប់​នេះ កើត​មក​ពី​បញ្ហា​ជម្លោះ​បុគ្គល​ក្ដី ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ច្រាន​ចោល​របាយការណ៍​ស៊ើប​អង្កេត​នេះ។

ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ក៏​ស្ថិត​នៅ​ក្នុង​ហេតុផល​រឿង​កាប់​ឈើ​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នេះ​ដែរ។

បន្ថែម​ពី​លើ​នេះ​ទៀត រដ្ឋាភិបាល​បាន​ផ្អាក​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់ពី​ឃាតកម្ម​លោក ឈុត វុទ្ធី ហើយ​ក៏​នៅ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) មក​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​លោក​បាន​ទៅ​ជួប​សហគមន៍​មាន​បញ្ហា​រឿង​ជម្លោះ​ដីធ្លី​នៅ​ខែត្រ​រតនគិរី និង​ខែត្រ​ស្ទឹងត្រែង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ពន្យល់​ថា បញ្ហា​សំខាន់ អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ បទបញ្ជា​នេះ​មិន​មែន​មាន​ន័យ​ថា គេ​អនុវត្ត​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «ការ​ទប់​ស្កាត់​អត់​មាន​អី​ពិបាក​ទេ មិន​មែន​ដូច​ជួញដូរ​ពេជ្រ របស់​តូចៗ​ទេ ការ​រត់​ឈើ​ងាយ​ស្រួល​ទប់​ស្កាត់​មែន​មែន ដែល​គេ​ដឹក​លក់»

របាយការណ៍​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្សាយ​កាល​ពី​ខែ​មីនា ថា គិត​មក​ដល់​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ជាង ២​លាន​២​សែន​៧​ម៉ឺន​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ២២៥​ក្រុមហ៊ុន។ របាយការណ៍​នេះ​សរសេរ​ថា ឆ្នាំ​២០១១ ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​បំផុត ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន រហូត​ដល់​កាត់​ដី​ឧទ្យាន​ជាតិ​ពី​តំបន់​ការពារ​សត្វ និង​រុក្ខជាតិ ដែល​មាន​ផ្ទៃដី​ជាង ៧​សែន​៥​ម៉ឺន​ហិកតារ ក្នុង​នោះ​ផ្ទៃដី​ជាង ២​ភាគ​៣​ហិកតារ បាន​កាត់​ចេញ​ពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ។

លោក ចាន់ សុវ៉េត បាន​អះអាង​ថា ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ ដោយសារ​តែ​រឿង​ជម្លោះ​ដីធ្លី។ មក​ដល់​ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ដែល​គេ​ចាប់​ដាក់​គុក​នោះ មាន​ជិត ៣០​នាក់ ដែល​ពួកគេ​កំពុង​ជាប់​គុក​នៅ​ឡើយ។

បន្ថែម​ពីលើ​នេះ​ទៀត លោក ចាន់ សុវ៉េត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​ចេញ​បទបញ្ជា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​របស់​រដ្ឋាភិបាល​នៅ​មុន​ពេល​បោះ​ឆ្នោត ដើម្បី​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ៖ «និយាយ​ដោយ​ខ្លី​ក៏​អាច​ដឹង​ដែរ​ថា រដ្ឋាភិបាល​អាច​ទាញ​យក​លទ្ធផល​ក្នុង​ពេល​បោះ​ឆ្នោត ហើយ​នៅ​ពេល​បោះ​ឆ្នោត​ចប់​សព្វគ្រប់​អាច​ថា នៅ​ដដែល​វិញ​ក៏​ថា​បាន»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​តាម​ដាន​មើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ជាក់ស្ដែង ថា​តើ​រដ្ឋាភិបាល​បាន​អនុវត្ត​ការសន្យា​របស់​ខ្លួន​ដែរ ឬ​ទេ? ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​របស់​ខ្លួន​នៅ​ពេល​បោះ​ឆ្នោត។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា គ្រប់​ប្រទេស​នៅ​លើ​សាកលលោក នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​កាន់​អំណាច​តែងតែ​ធ្វើអ្វី​មួយ​ដើម្បី​បង្ហាញ​ពី​ការ​គិតគូរ​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ការ​ទាក់ទាញ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ខ្លួន​បន្ត​ទៀត ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ ក៏​ស្ថិតនៅ​ក្នុង​បរិបទ​នយោបាយ ដើម្បី​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។