នៅខេត្តបាត់ដំបង ការស៊ើបអង្កេតនេះ កំពុងធ្វើទៅលើភាពមិនប្រក្រតីក្នុងការចំណាយថវិកា សម្រាប់គម្រោងរៀបចំដីសម្បទានសង្គមកិច្ចទៅឲ្យអតីតគ្រួសារយុទ្ធជន ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង និងនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀតនៅប្រទេសកម្ពុជា។
សកម្មភាពនេះបានកើតមានឡើងក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ឃាត់ខ្លួនមន្ត្រី ៤រូប របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងការកិបកេងថវិការបស់រដ្ឋដែលត្រូវបានផ្ដល់សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ លំនៅឋាន សាលារៀន អណ្ដូងទឹកនៅក្នុងគម្រោងរៀបចំដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបង្ហាញឈ្មោះបានឲ្យដឹងថា ការឃាត់ខ្លួនមន្ត្រី ៤រូប របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះមានជាប់ពាក់ព័ន្ធក្នុងការចំណាយថវិកាលើគម្រោងរៀបចំដីសម្បទានសង្គមកិច្ចនៅឃុំបឹងប្រាំ។
ក្រុមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមមន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការនេះដើម្បីផ្ទៀងផ្ទាត់មើលសមិទ្ធផលមួយចំនួនដែលបានអភិវឌ្ឍន៍នៅឃុំបឹងប្រាំ តើអាចសមស្របតបទៅនឹងខ្ទង់ចំណាយថវិកាដែរឬអត់។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបាត់ដំបង បានបដិសេធថា ពុំបានដឹងពីក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចុះធ្វើការស៊ើបអង្កេតនៅឃុំបឹងប្រាំ នេះទេ ប៉ុន្តែលោក ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ លំនៅឋានគ្រួសារយុទ្ធជននៅឃុំបឹងប្រាំ មានកិច្ចសន្យាត្រឹមត្រូវ ហើយគម្រោងសម្រាប់ឆ្នាំ២០១១ បានបញ្ចប់។ ប៉ុន្តែលោកបានបដិសេធពីចំនួនថវិកាក្នុងការចំណាយទៅគម្រោងអភិវឌ្ឍន៍នៅឃុំបឹងប្រាំ។
លោក ងួន រតនៈ៖ «គម្រោងគេមានធ្វើផ្ទះ ធ្វើផ្លូវក្នុងឆ្នាំ២០១១ យើងមានផ្លូវក្រួសក្រហម មានផ្លូវលំ មានផ្ទះឈើ ៨០ខ្នង ផ្លូវក្រួសក្រហម ១០គីឡូ ហើយផ្លូវលំ ៥គីឡូ ផ្លូវក្នុងភូមិ ហើយឈូសឆាយ កាប់ព្រៃ មានតួលេខ មានកិច្ចសន្យាគេ គម្រោងយើងបានអនុវត្តចប់ ហើយយើងបានធ្វើតាមផែនការ ធ្វើតាមគម្រោងដែលក្រសួងបានដាក់ចុះមកមានផ្ទះ មានផ្លូវមានអី យើងបានធ្វើអស់ហើយ មានស្រះទឹក លូអីមានកំផ្លេអស់ហើយ»។
នៅក្រោយការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ អង្គភាពប្រឆាំងអំពើពុករលួយបានជួបប្រជុំនៅទីស្នាក់ការគណបក្សប្រជាជនប្រចាំខេត្តបាត់ដំបងដើម្បីប្រកាសទ្រព្យសម្បត្តិក្រុមប្រឹក្សាឃុំសង្កាត់។ ប្រភពបានឲ្យដឹងថា ក្រុមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានគេដាក់ពង្រាយនៅគ្រប់ឃុំនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង ដើម្បីតាមដានពិនិត្យមើលលើភាពមិនប្រក្រតី ក្នុងការចំណាយថវិកាសម្រាប់គម្រោងសម្បទានសង្គមកិច្ចទៅឲ្យអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រដែលជាគោលនយោបាយរបស់រដ្ឋាភិបាល។
មេឃុំបឹងប្រាំ លោក ឈា នី បានថ្លែងថា ក្រុមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានទាក់ទង ទៅអាជ្ញាធរឃុំបឹងប្រាំ ដើម្បីពិនិត្យបញ្ហាមួយចំនួននៅទីនោះ។ លោកបន្តថា កាលពីថ្ងៃសៅរ៍ ទី១១ ខែសីហា លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចុះទៅស្រុកគាស់ក្រឡ ដែលជាតំបន់មួយកើតមានជម្លោះដីធ្លីច្រើនឆ្នាំ។ ទន្ទឹមគ្នានោះ លោក ស ខេង ក៏បានចាត់មន្ត្រីសំខាន់មួយចំនួនចុះទៅពិនិត្យការរាំងស្ទះលើគម្រោងដីសម្បទានសង្គមកិច្ច នៅឃុំបឹងប្រាំ។
លោក ឈា នី៖ «រឿងនេះប្រហែលជាអាចធ្លុះធ្លាយ ព្រោះម្សិលមិញ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង លោកឲ្យឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការហ្នឹងមកសម្របសម្រួលជាមួយប្រជាពលរដ្ឋល្ងាចមិញ។ មានកិច្ចបើកប្រជុំមួយជាមួយប្អូននិស្សិត ដែលមានការសន្យាជាមួយប្រជាពលរដ្ឋ ជាមួយតំណាងភូមិហ្នឹង ជួបគ្នាជាមួយឯកឧត្ដម សក់ សេដ្ឋា»។
ទាក់ទិនបេសកកម្មរបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងចុះត្រួតពិនិត្យមើលលើគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាលនៅក្នុងខេត្តបាត់ដំបងនេះ លោក ប្រាជ្ញ ច័ន្ទ ជាអភិបាលខេត្តបាត់ដំបង បានបដិសេធមិនផ្ដល់អត្ថាធិប្បាយបែបណាទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា ពុំបានដឹងរឿង។ យ៉ាងនេះក្តីប្រភពបានឲ្យដឹងថា ក្រុមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអធិការកិច្ចក្រសួងមហាផ្ទៃ បានផ្ដោតការងារជាសំខាន់ទៅលើគម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅឃុំបឹងប្រាំ។
រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២០២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១១។ អនុក្រឹត្យនោះរដ្ឋាភិបាលបានសម្រេចយកផ្ទៃដីទំហំ ៣.៦៣៨ហិកតារ ដើម្បីចែកទៅឲ្យអតីតគ្រួសារកងទ័ព ២៥០គ្រួសារ និងគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ១.៧៣៦គ្រួសារ។
បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងឃុំបឹងប្រាំ ជាឃុំទើបបង្កើតថ្មី ទទួលបានតែដីលំនៅឋាន ក្នុង១គ្រួសារ មានទំហំ ៤០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ប៉ុន្តែដីស្រែចម្ការនៅពុំទាន់ទទួលបានតាមគោលនយោបាយបែងចែកដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលទេ។
មន្ត្រីអង្គការសង្គមស៊ីវិល ធ្លាប់បានលើកឡើងថា បើសិនជាការរៀបចំដីសម្បទានសង្គមកិច្ចរបស់ រដ្ឋាភិបាល នៅឃុំបឹងប្រាំ ត្រូវបរាជ័យមែននោះ បញ្ហានេះនឹងនាំឲ្យប៉ះពាល់គោលនយោបាយផ្ដល់សម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល ហើយករណីនេះអាចសាយភាយទៅតំបន់ផ្សេងទៀត។
ទាក់ទិនវត្តមានរបស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមមន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃ ដែលកំពុងបំពេញបេសកកម្ម ពិនិត្យភាពមិនប្រក្រតីដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹង អំពើពុករលួយក្នុងគម្រោងនោះ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានស្វាគមន៍ដោយប្រុងប្រយ័ត្ន ហើយអត្ថាធិប្បាយថា ពួកគេចង់ឃើញលទ្ធផលផ្លែផ្កានៃការអនុវត្តច្បាប់ប្រកបទៅដោយប្រសិទ្ធភាព។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយពាក់ព័ន្ធទៅនឹងការចាប់មន្ត្រីរបស់ខ្លួន៤រូប។ ក្រសួងបង្កើតគណៈកម្មការមួយចុះពិនិត្យស្ថានភាព លទ្ធផលសម្រេចជាក់ស្ដែងនៃគម្រោង។ ក្រសួងបានព្យួរការងាររបស់លោក ផូរ វុឌ្ឍី ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញកិច្ចរបស់ក្រសួង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដើម្បីឲ្យគណៈកម្មការសវនកម្មរបស់ក្រសួងធ្វើអធិការកិច្ចដោយចំហ និងមានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធី។
ជាលទ្ធផលមកដល់ពេលនេះ មន្ត្រីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៤រូប ដែលជាប់សង្ស័យត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅតុលាការដើម្បីបន្តការស្រាវជ្រាវ និង សម្រេចតាមនីតិវិធីនៃច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។