ក្រុមហ៊ុន​វៀតណាម​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ភូមិ​នៅ​រតនគិរី

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជាង ៥០​នាក់ នៅ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី បាន​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​សង្គម​ស៊ីវិល​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​សហគមន៍។
ដោយ រដ្ឋា វីសាល
2012.02.29

តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជាង ១០០​គ្រួសារ រស់​នៅ​ភូមិ​ម៉ាលិច ឃុំ​ម៉ាលិច ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រទេស​វៀតណាម ឈ្មោះ វាសនា អ៊ិនវេសមិន(Veasna Investment) បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ម៉ាលិច លោក ស៊ូ សុផាត មាន​ប្រសាសន៍​បញ្ជាក់​ថា ដីធ្លី​ស្រែ​ចំការ ភូមិឋាន​ប្រជាពលរដ្ឋ​បាន​ឋិត​ក្នុង​រង្វង់​ហ៊ុមព័ទ្ធ​របស់​ដី​សម្បទាន ហើយ​ផ្នែក​ខ្លះ​នៃ​ដី​ចំការ​វិល​ជុំ​របស់​ពួកគាត់ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ទន្ទ្រាន​យក និង​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​អ្នក​ភូមិ។

លោក​បន្ត​ថា អ្នក​ភូមិ​នឹង​ត្រូវ​ក្រុមហ៊ុន​ផាក​ពិន័យ ឬ​ប្រឈម​ទៅ​នឹង​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ ប្រសិន​អ្នក​ភូមិ ឬ​សត្វ​ពាហនៈ ពួក​គាត់​ចូល​ទៅ​ក្នុង​បរិវេណ​ដី​សម្បទាន ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន៖ «គេ​ថា អភិវឌ្ឍន៍​ស្បែក​ខ្លា​ហ្នឹង​ណា! ឲ្យ​តែ​នៅ​ព្រៃៗ​បន្តិច គេ​បាញ់​ថ្នាំ​អស់។គេ​ឆ្វៀល​ដី​ស្រែ​ដី​ចំការ​យើង​ណា! គេ​អត់​យក​ទេ តែ​គ្រាន់​គេ​ឆ្វៀល​ជុំវិញ​ដូច​តែ​យក​អ៊ីចឹង។ដី​យើង​នៅ​ៗ​ចុះ តែ​គ្រាន់​កៅស៊ូ​គេ​ដាំ​ជុំវិញ​អស់​ហើយ បើ​សិន​បាក់​កៅស៊ូ​គេ​មួយ​ដើម ៥០០​ដុល្លារ តើ​យើង​មាន​លុយ​ឯ​ណា?»

កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ ប្រជាពលរដ្ឋ​ភូមិ​ម៉ាលិច មាន​គ្នា​ជាង ៥០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នោះ​បាន​ឈូស​ឆាយ​លើ​ដី​ចំការ​វិល​ជុំ​អ្នក​ភូមិ​ប្រមាណ​ពី ១០ ទៅ ២០​ហិកតារ ចាប់​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ដើម្បី​ពង្រីក​ដី​សម្បទាន។

ក្រុមហ៊ុន​វាសនា អ៊ិនវេសមិន ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​ជាង ៥.០០០​ហិកតារ នៅ​ស្រុក​អណ្តូងមាស។ អាជ្ញាធរ​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ផ្ទៃ​ដី​សម្បទាន​នោះ​មាន​ពាក់ព័ន្ធ​នឹង​ដី​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ នៅ​ឃុំ​តាលាវ និង​មួយ​ភូមិ​នៅ​ឃុំ​ម៉ាលិច។

វិទ្យុ​អាស៊ីសេរី​មិន​អាច​រក​អាសយដ្ឋាន និង​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន​វាសនា អ៊ិនវេសមិន ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២។

អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​បាន​សិក្សា​កាត់​ដី​ស្រែ​ចំការ​ផល​ប៉ះពាល់​អ្នក​ភូមិ​ម៉ាលិច ចំនួន ១៣៨​គ្រួសារ រួច​រាល់​ហើយ គឺ​មាន​ផ្ទៃ​ដី​សរុប​ជាង ៨៦០​ហិកតារ ក្នុង​នោះ​មាន​ដី​ស្រែ​ចំការ ដី​លំនៅឋាន ដី​ទី​កប់​សព និង​ដី​ទី​សក្ការៈ​គោរព​បូជា​របស់​អ្នក​ភូមិ។ ទន្ទឹម​នេះ​ដែរ ស្ថាប័ន​ព្រៃ​ឈើ​ក៏​បាន​កាត់​ដី​ព្រៃ​ឈើ ៩០០​ហិកតារ​ទៀត សំរាប់​អ្នក​ភូមិ​អភិរក្ស​ថែ​រក្សា និង​អាស្រ័យ​ផល។

លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​យឺតយ៉ាវ មិន​បាន​សហការ​ជាមួយ​អ្នក​ភូមិ​ចុះ​វាស់វែង​ទីតាំង​កម្មសិទ្ធិ​អ្នក​ភូមិ​ទាន់​ពេល​វេលា ហេតុ​នេះ​ទើប​កើត​មាន​បញ្ហា​នេះ​ឡើង។ លោក​ថា​នឹង​ស្វែង​រក​ដំណោះស្រាយ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភ​បំពាន​មក​លើ​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «គ្មាន​​នរណា​បិទ​សិទ្ធិ​ទេ អូរ​មួយ​មាន​ទឹក​ហ្នឹង គេ​ទុក ៥០ ទៅ ១០០​ម៉ែត្រ​សង​ខាង​អូរ។ សុទ្ធ​តែ​ទុក​ឲ្យ​គាត់​សោយ​ផល។ គោ​ក្របី​ទៅ​មើល​នៅ​នោះ ដី ១០០​ហិកតារ​ឯ​ណោះ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភូមិ​ម៉ាលិច បាន​មក​កាន់​ការិយាល័យ​សមាគម​កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ កន្លង​ទៅ ដើម្បី​សុំ​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​គាំពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។

លោក​សំណូមពរ​ឲ្យ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ករណី​ឈូស​ឆាយ​ដី​សម្បទាន​នេះ​ឡើង​វិញ និង​ធ្វើ​ការ​សម្របសម្រួល​បញ្ចៀស​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ៖ «នៅ​ក្នុង​ហ្នឹង​វា​មាន​ព្រៃ​មាន​អី ខ្លះ​នៅ​កន្លែង​ដី​ចំការ​គាត់​ហ្នឹង បើ​សិន​យើង​ប្រើ​ស្បែក​ខ្លា​ឆ្វៀល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​គាត់។សំណូមពរ​គាត់​ពិត​ជា​ត្រឹមត្រូវ​ហើយ»

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​អណ្តូងមាស លោក នង ដារិទ្ធ បាន​បញ្ជាក់​ថា នៅ​ចុង​សប្ដាហ៍​នេះ​អាជ្ញាធរ​ខេត្ត​គ្រោង​ថា នឹង​ចុះ​ទៅ​ភូមិ​ម៉ាលិច ដើម្បី​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​អ្នក​ភូមិ និង​ធ្វើ​យ៉ាង​ណា​អនុវត្ត​គោលការណ៍​ផ្ដល់​ដី​សម្បទាន​រូបភាព​ស្បែក​ខ្លា​ស្រប​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 01, 2012 04:36 AM

Not only in the Rattanakiry province but also the hold country in Cambodia.That's Why they didn't respect the agreement on 23rd October 1991.

Anonymous
Feb 28, 2012 09:48 PM

Youns were successful in dispersing Khmer Rouge Middle, High Ranking Comrades and million of lives were perished during 1975-79. Now again, land concesion(invation) is another form of Youn's to invade the poor, rural Khmers' livies. Gradually, Youn going to grab all Khmer lands believe it or not. Kampuchea Krom is still struggling with Youn everyday.