ក្រុមអ្នកភូមិជាច្រើនគ្រួសារ បានប្រតិកម្មចំពោះតុលាការខេត្តបាត់ដំបង ដែលបានចេញដីកាសម្រេចចាត់ចែងរក្សាការពារទៅឲ្យភាគីដើមបណ្ដឹងម្នាក់ ដែលប្ដឹងទាមទារយកដីកេរ្តិ៍ជីដូនជីតារបស់ខ្លួនដែលធ្លាប់មានមកតាំងពីសង្គមចាស់ ទំហំ ៤.៥២៥ម៉ែត្រការ៉េ នៅក្នុងភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រុមអ្នកភូមិបានថ្លែងថា ដីកានេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជីវភាពរស់នៅប្រចាំថ្ងៃ និងសិទ្ធិទទួលបានកម្មសិទ្ធិដីធ្លី របស់ប្រជាពលរដ្ឋទាំង ១៦គ្រួសារ។ ប្រជាពលរដ្ឋទាំងនោះបានពឹងផ្អែកលើផលដំណាំ ទីជម្រកស្នាក់នៅជាចាំបាច់ ម្យ៉ាងវិញទៀតធ្វើឲ្យបាត់បង់ផលប្រយោជន៍នៃការទទួលបានប័ណ្ណកម្មសិទ្ធិពីគម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។
លោកស្រី មាស ផាន់ណា ជាតំណាងប្រជាពលរដ្ឋនោះ បានថ្លែងថា ប្រជាពលរដ្ឋចំនួន ១៦គ្រួសារបានរស់នៅលើដីនោះ តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន មានផ្ទះកំពុងកាន់កាប់គ្រប់គ្រង មានរបងព័ទ្ធជុំវិញ កំពុងអាស្រ័យផលដំណាំនៅជុំវិញផ្ទះ មានគេដឹងឮជាសាធារណៈ មានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ស្របច្បាប់។
នៅពេលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទៅប្រតិបត្តិការដល់ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពួកគាត់ទាំងអស់គ្នាបានចូលរួមតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយផ្ដល់នូវឯកសារ និងភស្តុតាងអត្តសញ្ញាណម្ចាស់ដី និងអត្តសញ្ញាណក្បាលដីជាជំហានៗតាមនីតិវិធី រហូតដល់ចប់នៃការបិទផ្សាយនូវទិន្នន័យចំនួនក្បាលដីទាំង ១៦គ្រួសារជាសាធារណៈ។
លោកស្រី មាស ផាន់ណា៖ «ពេលដែលសុរិយោដី គេចុះមកវាស់វែងគេពិនិត្យមើលសំណុំឯកសារបែបបទរបស់យើងត្រឹមត្រូវមានទាំងអស់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតកាន់កាប់គេធ្វើឲ្យយើងរួចរាល់ហើយ គេចេញចុងសន្លឹកអោយយើង នៅតែថ្ងៃទទួលប្លង់រឹងទេ ហើយបញ្ជីទិន្នន័យហ្នឹងគេបិទនៅក្ដារខៀនឲ្យយើងដឹងទៀតថា ក្បាលដីយើងមានទំហំប៉ុន្មានអីប៉ុន្មាននៅសល់ ស្រាប់តែឈ្មោះ ទូច សុភី មកប្ដឹង ប្ដឹងពេលគេបិទ សុំតវ៉ាដីទំនាស់»។
ឈ្មោះ ទូច សុធី ហៅ ប៉ោះ ភេទស្រី អាយុ ៤៧ឆ្នាំ ជាភាគីដើមបណ្ដឹង បច្ចុប្បន្នរស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកស្រីបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយសំអាងថា ដីនោះជាដីកេរ្តិ៍របស់ជីតាបានប្រគល់ឲ្យខ្លួន និងប្ដីគ្រប់គ្រង (នៅក្នុងលិខិតផ្ទេរមរតក សរសេរបញ្ជាក់ថា ជាដីកេរ្តិ៍ ពីសង្គមចាស់) ហើយភាគីដើមបណ្ដឹងបានចោទប្រជាពលរដ្ឋទាំង ១៦គ្រួសារនោះថា គ្រាន់តែជាអ្នកសុំរស់នៅមួយជីវិត និងអ្នកខ្លះទិញដីនោះពីរដ្ឋអំណាចមូលដ្ឋាន។
ក្រោយមកតុលាការខេត្តបាត់ដំបង បានចេញដីកាសម្រេចចាត់ចែងរក្សាការពារលេខ ២៩ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១២ ហាមឃាត់ប្រជាពលរដ្ឋទាំង ១៦គ្រួសារនោះមិនឲ្យធ្វើសកម្មភាព លក់ដូរ ជួល បញ្ចាំ ការធ្វើអំណោយ ការផ្ទេរសិទ្ធិកាន់កាប់ ការដាំដុះដំណាំ និងការសាងសង់សំណង់ផ្សេងៗ លើក្បាលដីទាំង ១៦គ្រួសារនោះឡើយ។ ដីកានោះ ក៏បានហាមឃាត់មិនឲ្យគណៈកម្មការរដ្ឋបាលសុរិយោដីខេត្ត ដែលចុះទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធ ផ្អាកការចេញប័ណ្ណលើក្បាលដីទាំងនោះថែមទៀត រង់ចាំការសម្រេចដល់អង្គសេចក្ដីបានចប់ជាស្ថាពររបស់តុលាការ។ ពួកគាត់ថា តាមអំណាចដីការបស់តុលាការខេត្តបាត់ដំបង បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ជីវភាពរស់នៅប្រចាំថ្ងៃ និងសិទ្ធិទទួលបានកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋទាំង ១៦គ្រួសារ។
ប្រជាពលរដ្ឋទាំងនោះបានពឹងផ្អែកលើផលដំណាំ ទីជម្រកស្នាក់នៅជាចាំបាច់ ម្យ៉ាងវិញទៀតធ្វើឲ្យបាត់ផលប្រយោជន៍នៃការទទួលបានប័ណ្ណកម្មសិទ្ធិពីគម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។
លោក សួន សេង ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង ១៦គ្រួសារនោះថ្លែងថា ពួកគាត់បានយកឯកសារបង្កាន់ដៃកាន់កាប់ដី យកលិខិតបញ្ជាក់ផ្សេងជាច្រើនដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន និងបានធ្វើពាក្យបណ្ដឹងតវ៉ាទៅលោកចៅក្រម ដើម្បីបញ្ជាក់ និងសុំលុបដីការក្សាការពារចោលវិញ ប៉ុន្តែលោកចៅក្រម យិច ឈាណាវី ដែលទើបចូលបម្រើការថ្មី បដិសេធចោលថែមទៀត។
លោក សួន សេង៖ «គាត់អត់មានទៅអង្កេតមើលឲ្យច្បាស់លាស់ទេ មុនគេសម្រេចធ្វើអ្វីមួយគេត្រូវធ្វើអ៊ីចឹងឯង គេទៅអង្កេតសួរប្រជាពលរដ្ឋ គេសួរអាជ្ញាធរដែនដី តើដីហ្នឹងជាដីរបស់គាត់ពិតប្រាកដទេ បានឯងចេញដីកាសម្រេចទៅកើត។ គាត់ធ្វើអ៊ីចឹងមកពីគាត់ស៊ីសំណូកខាងដើមចោទបានជាគាត់ហ៊ានធ្វើអ៊ីចឹង ដោយគាត់អត់មានការពិនិត្យមើលលើពលរដ្ឋមិនបានសួរអាជ្ញាធរដែនដីអីអ៊ីចឹង»។
ទោះយ៉ាងនេះក្ដី វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងចៅក្រមសាលាដំបូងខេត្តបាត់ដំបង ឈ្មោះ យិច ឈាណាវី និងភាគីដើមបណ្ដឹង ឈ្មោះ ទូច សុធី ដើម្បីសុំប្រតិកម្មជុំវិញការប្ដឹងផ្ដល់ទាមទារដីពីកេរ្តិ៍ដូនតាមានពីសង្គមចាស់នេះបានទេ។
លោក យស់ យឿន ជាចៅសង្កាត់រតនៈ បានថ្លែងថា ប្រជាពលរដ្ឋទាំង ១៦គ្រួសារនោះ បានរស់នៅលើដីនោះតាំងពីឆ្នាំ១៩៧៩ និងឆ្នាំ១៩៨០ ដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ពិតប្រាកដ។
លោកថា កាលពីក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ចុះទៅវាស់វែងដីនៅក្នុងភូមិនោះមក កើតមានបញ្ហាប្ដឹងទាស់ទែងគ្នា។ លោកថា គណៈកម្មការនៅមូលដ្ឋានបានទទួលពាក្យបណ្ដឹង ប្ដឹងជំទាស់របស់ឈ្មោះ ទូច សុធី។ ទូច សុធី អះអាងខ្លួនជាម្ចាស់ដីដែលទទួលបានពីកេរ្តិ៍របស់ជីតារបស់ខ្លួនតាំងពីសង្គមមុនឆ្នាំ១៩៧៩។ គាត់បានប្ដឹងទាមទារយកចំណែកដីដែលនៅសល់ពីបាតផ្ទះ ឬដីទីផ្ទះ ទាំងអស់នោះមកវិញ ប៉ុន្តែការទាមទារនោះមិនអាចដោះស្រាយត្រូវគ្នាទេ។
លោក យស់ យឿន៖ «ឥឡូវប្រជាពលរដ្ឋទាំង ១៦គ្រួសារ ធ្វើផ្ទះធ្វើអី សល់ ១ម៉ែត្រអីគាត់យកពីរម៉ែត្រក្ដី កន្លះម៉ែត្រក្ដីគាត់យកអ៊ីចឹងវាអាចបាត់ផ្លូវ កាលណាយកទៅមានផ្លូវណាសម្រាប់ចេញចូល អ៊ីចឹងទៅក្រោយពីមានការមិនសះជាគ្នាទេក៏ គណៈកម្មការសុរិយោដីគេកំណត់ថា គេឈប់ដោះស្រាយ ហើយគេកាត់ឆ្វៀលអាហ្នឹងទុកគេមិនចេញប័ណ្ណឲ្យភាគីណាទាំងអស់ អ៊ីចឹងខាងភាគី ទូច សុធី ក៏ប្ដឹងទៅតុលាការសុំដីការក្សាការពារ ខ្ញុំក៏មិនដឹងដែរហើយដល់ ឥឡូវនេះខ្ញុំទទួលដំណឹងនៅថ្ងៃទី២៥ គេនឹងចុះធ្វើកំណត់ហេតុទាក់ទងដីការក្សាការពារហ្នឹង»។
ទោះយ៉ាងនេះក្ដីក្រុមអ្នកភូមិបានបញ្ជាក់ថា ពួកគាត់បានចូលខ្លួនទៅបំភ្លឺចំពោះមុខចៅក្រម អំពីប្រវត្តិចូលកាន់កាប់ដីតាំងពីឆ្នាំ១៩៧៩ រហូតដល់មានការប្រកាសទទួលស្គាល់សិទ្ធិលើដីធ្លីរបស់រដ្ឋនៅឆ្នាំ១៩៨៩ និងបន្តរស់នៅកាន់កាប់យ៉ាងពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានការអាក់ខាន និងដោយសុចរិត។ នៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ បានចែងថា របបកម្មសិទ្ធិលើអចលនវត្ថុ ដែលមាននៅមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់ទេ ប៉ុន្តែតុលាការខេត្តបាត់ដំបង យល់ឃើញថា ការអះអាងរបស់ប្រជាពលរដ្ឋទាំង ១៦គ្រួសារនេះ ពុំមានស្ថានភាពច្បាស់លាស់ ហើយថា ការតវ៉ានោះពុំមានមូលហេតុត្រឹមត្រូវ ហើយច្រានចោលពាក្យបណ្ដឹងរបស់អ្នកភូមិថែមទៀត។
ទាក់ទងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ លោក យិន ម៉េងលី ថ្លែងថា កាលណាមានភាគីណាធ្វើការប្ដឹងតវ៉ានោះ គេមានគណៈកម្មការរដ្ឋបាលមួយនៅមូលដ្ឋាននោះ ត្រូវធ្វើការដោះស្រាយបញ្ហានេះ។ បើសិនគណៈកម្មការធ្វើមិនកើតគេត្រូវបង្វិលបញ្ហានោះទៅឲ្យគណៈកម្មការសុរិយោដីថ្នាក់ខេត្ត តាមនីតិវិធីច្បាប់ដែលបានបង្កើតឡើង។
លោកបន្តថា ការចេញដីការក្សាការពាររបស់តុលាការត្រូវធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យស្ថានភាពនៅកន្លែងទីតាំងមានទំនាស់នោះ មានភាពស្ងប់ស្ងាត់ជៀសវាងកុំឲ្យមានអំពើហិង្សា៖ «បានន័យថា បើសិនអ្នកណាកំពុងធ្វើ កំពុងកាន់កាប់ជាយូរមកហើយ តែក្រោយមកទើបមានភាគីផ្សេងមកប្ដឹងនោះ គេមិនអាចដីកាឲ្យភាគីដែលទើបមកប្ដឹងនោះទេ គេហ្នឹងចេញការពារភាគីដែលកំពុងរស់នៅកំពុងតែធ្វើហ្នឹង ដើម្បីឲ្យនៅបន្តសិន ដើម្បីនៅរង់ចាំដល់អង្គសេចក្ដី»។
ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី គូសបញ្ជាក់ថា តាមច្បាប់ភូមិបាលឆ្នាំ២០០១ គឺបានបដិសេធដាច់ខាតមិនឲ្យអោយប្រជាពលរដ្ឋធ្វើការសើរើ ដណ្ដើមយកទ្រព្យសម្បត្តិ ដីធ្លីទាំងអស់នៅមុនឆ្នាំ១៩៧៩ នោះទេ។ បើសិនជាគេនៅទទួលស្គាល់កម្មសិទ្ធិនៅមុនឆ្នាំ១៩៧៩ នោះ នឹងធ្វើឲ្យប្រទេសកម្ពុជា មានភាពចលាចលវឹកវរ ដោយសារតែមានការឈ្លោះកាប់ចាក់ដណ្ដើមទាមទារយកកេរ្តិ៍ពីជីដូនពីជីតា តាំងពីសង្គមចាស់។ នេះជាចំណុចមួយមិនអាចធ្វើបានទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
