ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​រឹប​អូស​យក​ដី

ពលរដ្ឋ​នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ចោទ​អាជ្ញាធរ​ថា បាន​រឹប​អូស​យក​ដីធ្លី​ដែល​គាត់​បាន​កាន់​កាប់​ជាង ១០​ឆ្នាំ​មក​ហើយ​ទៅ​ប្រគល់​ឲ្យ​អ្នក​ផ្សេង ព្រោះ​តែ​ការ​រើស​អើង​គណបក្ស​នយោបាយ។
ដោយ មណ្ឌល កែវ
2012-07-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ភូមិ​កំពង់បាចិន ៤​គ្រួសារ ដែល​ជា​សមាជិក​គណបក្ស សម រង្ស៊ី បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ថា បាន​រឹប​អូស​យក​ដីធ្លី​ពី​ពួក​គាត់​ទៅ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ អ៊ី ផល្លី អាយុ ៤៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ភូមិ​កំពង់បាចិន ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ អ្នកស្រី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ថា ដី​ដែល​មាន​ទទឹង ៥០​ម៉ែត្រ បណ្ដោយ ២០០​ម៉ែត្រ​នេះ គាត់​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០១ មក​ម្ល៉េះ ស្រាប់​តែ​ឥឡូវ​មេ​ភូមិ​កំពង់បាចិន គឺ​លោក ពេជ្រ យឺន បាន​ប្រើ​កម្លាំង​មក​វាស់វែង​រំលោភ​យក​ដើម្បី​ប្រគល់​ឲ្យ​អ្នក​ភូមិ​ផ្សេង​ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

អ្នកស្រី អ៊ី ផល្លី៖ «គេ​ថា​ដី​រដ្ឋ តែ​ខ្ញុំ​បាន​កាន់កាប់​យូរ​ណាស់​ហើយ ខ្ញុំ​ថែ​រក្សា​កាប់​ព្រៃ​គាស់​គល់​ឡើង​ស្អាត​អស់​ហើយ រួច​មក​វាស់​យក​អ៊ីចឹង​ចិត្ត​គេ​ចិត្ត​ខ្ញុំ​ខឹង​ដូច​គ្នា។ កូន​ខ្ញុំ​យំ​ស្រែក​យ៉ាង​ណា​ក៏​គេ​មិន​ព្រម​ស្ដាប់​ដែរ គេ​នៅ​តែ​វាស់​យក​ទៅ​ចែក​គ្នា​អ៊ីចឹង...»

លោក រស់ ភាព ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពោធិ៍ មក​ពី​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ដែរ​ថា ដី​របស់​លោក​ដែល​មាន​លិខិត​បញ្ជាក់​ពី​មេ​ភូមិ​ចាស់​ថា លោក​បាន​ទិញ​បន្ត​ពី​បង​ថ្លៃ​លោក​តាំង​ពី​ឆ្នាំ​២០០១ មក​នោះ ក៏​ត្រូវ​បាន​មេ​ភូមិ​រំលោភ​យក​ផង​ដែរ៖ «ខ្ញុំ​គ្រប់គ្រង​តែ​រហូត ហើយ​ខ្ញុំ​បាន​ធ្វើ​របង និង​ដាំ​ដំណាំ​ជាប់​ជា​រៀង​រាល់​ឆ្នាំ។ ខាង​ក្រោម​ខ្ញុំ​ដាំ​សណ្ដែក ផ្នែក​ខាង​លើ​ខ្ញុំ​ដាំ​ឫស្សី ដាំ​ត្នោត ស្រាប់​តែ​ម្សិលមិញ​គេ​កំណត់​ថា គេ​យក​ដី​ហ្នឹង​អង្កន់​ចែក​គ្នា​គេ...»

ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ ដែល​រង​ការ​រំលោភ​យក​ដី​ពី​លោក​មេ​ភូមិ​នេះ មាន​ឈ្មោះ រស់ ភាព ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពោធិ៍ មក​ពី​គណបក្ស សម រង្ស៊ី ឈ្មោះ អ៊ី ផល្លី ឈ្មោះ នៅ ពឿន និង​ឈ្មោះ អ៊ី ណៃ ពួក​គេ​ទាំង ៣​នាក់ គឺ​ជា​សមាជិក​សកម្ម​របស់​គណបក្ស សម រង្ស៊ី។

មេ​ភូមិ​កំពង់បាចិន គឺ​លោក ពេជ្រ យឺន ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា មិន​មែន​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ​នោះ​ទេ។ លោក​ថា ទាំង ៤​គ្រួសារ​នេះ​បាន​មក​វាត​យក​ដី​កាន់​កាប់​ដោយ​ពុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ដឹង​ឡើយ។

លោក​បន្ត​ថា ដី​តំបន់​នេះ​អាជ្ញាធរ​រក្សា​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិន​ទាន់​មាន​ដីធ្លី​សង់​លំនៅឋាន។ លោក​ពុំ​មែន​ដក​ហូត​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឡើយ៖ «ដី​ហ្នឹង​យើង​ទុក​សម្រាប់​ពង្រាយ​ប្រជាជន​ឲ្យ​មក​នៅ។ ខ្ញុំ​មាន​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ឯ​ណា? ទុក​ឲ្យ​ប្រជាជន។ តែ​ប្រជាជន​ក្រុម​នេះ​ចាប់​យក​សេរី​អត់​បាន​មក​ប្រាប់​ខ្ញុំ​ជា​មេ​ភូមិ​ទេ ចេះ​តែ​ចាប់​យក​ស្រេច​ចិត្ត។ បើ​មក​ប្រាប់​ខ្ញុំ​អត់​អី​ទេ...»

យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ទង្វើ​របស់​មេ​ភូមិ​ជា​អំពើ​ខុស​ច្បាប់។ លោក​ថា មេ​ភូមិ​ពុំ​មាន​សិទ្ធិ​ដក​ហូត​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ម្នាក់​ទៀត​នោះ​ឡើយ។ អាជ្ញាធរ​ភូមិ​ឃុំ​មាន​សិទ្ធិ​ត្រឹម​តែ​ប្ដឹង​ទាមទារ​អាជ្ញាធរ​ថ្នាក់​ស្រុក ឬ​ថ្នាក់​ខេត្ត​ដក​ហូត​យក​ដី​នោះ​មក​វិញ ប្រសិន​បើ​នេះ​ជា​ការ​កាន់​កាប់​ដោយ​បំពាន​លើ​ដី​អាករ​របស់​ឃុំ។

ចំពោះ​ករណី​ខាង​លើ​នេះ លោក​ថា ដោយ​ការ​កាន់​កាប់​នេះ​បាន​មក​ពី​ការ​ទិញ​ដូរ​ដែល​មាន​អាជ្ញាធរ​ភូមិ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ផង​នោះ គឺ​ជា​ការ​កាន់​កាប់​ដោយ​ស្របច្បាប់។ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​អាច​ប្ដឹង​លោក​មេ​ភូមិ​ទៅ​តុលាការ ឬ​ទៅ​គណៈកម្មការ​សុរិយោដី​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល