ក្រុមអ្នកភូមិបានចោទថា មន្ត្រីយោធាម្នាក់ជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីយោធានោះបានយកអាវុធវែងខ្លីចំនួនពីរដើមទៅគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋមួយគ្រួសារ និងព្រមានមិនឲ្យក្រុមអ្នកភូមិលើកគ្នាតវ៉ា ទាមទារយកដីស្រែទំហំជាង ៤០០ហិកតារ នៅក្នុងភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកស្រី ភី ហ៊ុន រស់នៅភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកស្រីបានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ថា កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ មន្ត្រីយោធាឈ្មោះ លោក ហេង ការីម ដែលអះអាងខ្លួនឯងជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឈ្មោះ វ៉ាញ សំបូរ បានជិះរថយន្តទៅគំរាមលោកស្រី និង ប្តីលោកស្រីដល់ផ្ទះ៖ «គេគំរាមថា ឲ្យខ្ញុំប្រយ័ត្នគ្រាប់កាំភ្លើង គេមានកាំភ្លើង ២ដើម វែង ១ ខ្លី១។ កាំភ្លើងវែងនៅលើឡាន កាំភ្លើងខ្លីនៅជាប់ខ្លួន។ ហេង ការីម គេថា គេជាអង្គរក្ស ហ៊ុន សែន គេថា កុំឲ្យខ្ញុំចូលទៅក្នុងដីហ្នឹង។ ខ្ញុំថា មិនឲ្យខ្ញុំចូលម៉េច ព្រោះដីហ្នឹងខ្ញុំធ្វើនៅហ្នឹងយូរឆ្នាំហើយ ម៉េចមកហាមឃាត់ខ្ញុំ។ ដីហ្នឹងខ្ញុំបានកាប់ស្រឡះហើយហេតុអីបានជាមកភ្ជួរលើដីខ្ញុំ ហើយគេថា ប្រយ័ត្នគ្រាប់កាំភ្លើង កាំភ្លើងគេមិនស្គាល់មនុស្សទេ»។
លោកស្រីបន្តថា លោក ហេង ការីម បានប្រើតួនាទីជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅគំរាមអ្នកភូមិ និងប្រើពាក្យសម្ដីប្រមាថទៅលើព្រះមហាក្សត្រខ្មែរ រួមទាំងចោទប្រកាន់ក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ ពីបទឃុបឃិតជាមួយក្រុមអ្នកភូមិថែមទៀត៖ «មានឯកសារត្រឹមត្រូវហើយដីខ្ញុំ គេថា ឯកសារហ្នឹងក្លែងក្លាយ។ ខ្ញុំថា អត់ក្លែងក្លាយទេឯកសារហ្នឹង ខេត្តក៏បានឃើញដែរ។ គេថា ខេត្តសេពគប់ជាមួយពួកខិលខូចហ្នឹងអស់ប៉ុន្មានតុ ឲ្យស៊ីអស់ប៉ុន្មានតុ បានជាចូលដៃចូលជើងជាមួយពួកខិលខូច? ខ្ញុំថា ឯកសារច្បាស់លាស់ចេញតាំងពីព្រះមហាក្សត្រមក ម៉េចថា ឯកសារក្លែងក្លាយ គេថា ឯកសារមហាក្សត្រហ្នឹងក៏ក្លែងក្លាយដែរ មុនចេញទៅគេទះដើមទ្រូងមើលឲ្យច្បាស់ទៅនេះអា ហេង ការីម»។
លោក រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមករា បានចុះទៅប្រកាសឲ្យអ្នកភូមិធ្វើស្រែដាំដំណាំនៅលើដីទំហំជាង ៤០០ហិកតារ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមអ្នកភូមិបានកាន់កាប់ដីទំហំ ៤៣៧ហិកតារ តាំងពីឆ្នាំ២០០១ ប៉ុន្តែក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដីនោះត្រូវបានក្រុមមន្ត្រីយោធាដែលអះអាងខ្លួនឯងថា ជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមឃាត់មិនឲ្យបង្កបង្កើនផល ហើយប្រកាសខ្លួនថា ជាម្ចាស់កម្មសិទ្ធិលើដីនៅតំបន់នោះ។
លោក ព្រឿន សាវុធ អាយុ ២៧ឆ្នាំ រស់នៅភូមអូរស្វាយ បានថ្លែងថា ឈ្មោះ ហេង ការីម និងមនុស្សបីនាក់ផ្សេងទៀត កាលពីថ្ងៃទី២៩ មករា ក៏បានចុះគំរាមអ្នកភូមិនៅលើដីនោះដែរ៖ «បើចង់កាប់ឆ្ការព្រៃហ្នឹង ឲ្យធ្វើលិខិតបញ្ជាក់កាន់កាប់ដីពីអាជ្ញាធរខេត្ត ឲ្យចៅហ្វាយខេត្តស៊ីញ៉េមក បើចង់កាប់ឆ្ការដីហ្នឹង។ ខ្ញុំក៏អត់មាត់ ព្រោះអីខ្ញុំជាប្រជាពលរដ្ឋអត់សូវដឹងច្បាប់ទម្លាប់ខាងហ្នឹង។ ហេង ការីម និង វ៉ាញ សំបូរ គេគំរាមរកដាក់ខ្នោះខ្ញុំមួយសារហើយដីហ្នឹង»។
ក្រុមអ្នកភូមិជិតមួយរយគ្រួសារ ស្ថិតនៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានគេរំខានមិនឲ្យអាស្រ័យផលដំណាំនៅលើដីនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅពេលអាជ្ញាធរខេត្តចុះប្រកាសឲ្យអ្នកភូមិអាចធ្វើស្រែបានឡើងវិញនោះ ធ្វើឲ្យពួកគាត់មានការសប្បាយចិត្ត។ ប៉ុន្តែបញ្ហានេះបានធ្វើឲ្យក្រុមទាហាន និងសមាជិកក្រុមប្រឹក្សាឃុំតាគង់ មានការខឹង ហើយចាប់ផ្ដើមគំរាមរកបាញ់អ្នកភូមិមិនឲ្យចូលទៅធ្វើស្រែចំការនៅលើដីនោះ។
លោក រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលបានចុះទៅប្រកាសឲ្យក្រុមអ្នកភូមិចាប់ផ្ដើមបង្កបង្កើនផលដំណាំនៅលើដីនោះ។ លោកបានសង្កត់ធ្ងន់ថា ក្រុមមន្ត្រីយោធាដែលប្រើអាវុធបាញ់គំរាមទៅលើក្រុមអ្នកភូមិក្នុងបញ្ហាជម្លោះដីធ្លីនោះ គឺជារឿងខុសច្បាប់។ លោកបានសន្យាថា នឹងធ្វើអន្តរាគមន៍ទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីឲ្យចាត់វិធានការលើពាក្យបណ្តឹងរបស់អ្នកភូមិដែលបានប្តឹងចោទប្រកាន់ក្រុមមន្ត្រីយោធា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
