សង្គម​ស៊ីវិល​និង​អាជ្ញាធរ​ព្យាយាម​ផ្សះផ្សា​បញ្ចប់​ទំនាស់​ដី​នៅ​ស្រុក​ជីក្រែង

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ប្រឹងប្រែង​ក្នុង​ការ​ផ្សះផ្សា​ភាគី​ទំនាស់​ដី​ដ៏​រ៉ាំរ៉ៃ រវាង​អ្នក​ឃុំ​ជីក្រែង និង​អ្នក​ឃុំ​អន្លង់សំណរ ស្រុក​ជីក្រែង ដែល​កើត​ឡើង​យ៉ាង​ជូរចត់​ជាង ១​ឆ្នាំ​មក​ហើយ​នោះ។

អ្នក​ច្បាប់​របស់​សង្គម​ស៊ីវិល​មួយ​ក្រុម ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ចំនួន ២​ថ្ងៃ​ជាប់​ៗ​គ្នា ដើម្បី​រៀបចំ​ឲ្យ​​តំណា​ង​ភាគី​ជម្លោះ​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ​ដ៏​រ៉ាំរ៉ៃ រវាង​អ្នក​ឃុំ​ជីក្រែង និង​ឃុំ​អន្លង់សំណរ បាន​ជួប​ជជែក​គ្នា​ដោយ​សន្តិវិធី ដោយ​មាន​មន្ត្រី​ខេត្ត​សៀមរាប​ចូលរួម​ផង ក្នុង​បំណង​ស្វែង​រក​ការ​ផ្សះផ្សា​គ្នា​ផ្លូវ​ច្បាប់ បញ្ចប់​ជម្លោះ​ដែល​កើត​មាន​យ៉ាង​ជូរ​ចត់ និង​អូស​បន្លាយ​ជាង ១​ឆ្នាំ​កន្លង​មក​ហើយ។

លោក គិត ទូច មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​គម្រោង​ច្បាប់​ដី​ធ្លី និង​ធនធាន​ធម្មជាតិ របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កញ្ញា ថា ក្រុម​ការងារ​របស់​លោក និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត បាន​ទៅ​កាន់​ស្រុក​ជីក្រែង តាំង​តែ​ពី​រសៀល​ថ្ងៃ​អាទិត្យ និង​បន្ត​រហូត​ថ្ងៃ​ច័ន្ទ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជជែក​ទល់​មុខ​គ្នា រវាង​ភាគី​ជម្លោះ​ដី​ស្រែ​ប្រាំង​ដ៏​រ៉ាំរ៉ៃ​អ្នក​ឃុំ​ជីក្រែង និង​ឃុំ​អន្លង់សំណរ​នោះ បាន​ស្វែង​យល់​ពី​គ្នា និង​ឈាន​ទៅ​រក​ការ​ផ្សះផ្សា ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ពេល​ខាង​មុខ ព្រម​ទាំង​ឲ្យ​មាន​ការ​ដោះលែង​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង​អស់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​នោះ​ផង។

លោក គិត ទូច បាន​មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិនិយម​ច្រើន​ថា ជម្លោះ​ដី​ធ្លី​ដ៏​ក្ដៅ​គគុក​​រវាង​អ្នក​ឃុំ​ជីក្រែង និង​ឃុំ​អន្លង់សំណរ អាច​នឹង​ដោះស្រាយ​បញ្ចប់​ទៅ​បាន ៖ «ទី​១​ហ្នឹង ដើម្បី​ឲ្យ​មាន​ការ​សះ​ជា ហើយ​ឲ្យ​គូ​ភាគី​អាច​ពិចារណា​បាន អំពី​ជម្រើស​បញ្ចៀស​ជម្លោះ​ទៅ​មុខ ដោយ​ការ​ជួសជុល​តំបន់​ថ្មី ខាង​ថ្នាក់​ដឹកនាំ​ខេត្ត​បាន​គិត​កន្លង​មក​នេះ ហើយ មួយ​ទៀត​ដើម្បី​ឲ្យ​គូ​ភាគី​ហ្នឹង​ស្រាយ​ចំណង​ក្តី​ព្រហ្មទណ្ឌ​ទៅ​វិញ​ទៅ​មក ដែល​ដក់​ចង​ពាក្យ​គ្នា។ បទល្មើស​ព្រហ្មទណ្ឌ​ តាម​គោលការណ៍​ច្បាប់ គឺ​បទល្មើស​ខ្លះ បើ​សិន​ភាគី​ដក​ថយ អំណាច​អាជ្ញា​ផ្លូវ​ច្បាប់​ដែល​ដាក់​សង្កត់​គូ​ភាគី ក៏​ស្រាយ​​បាន​ដែរ។ ឧទាហរណ៍​បទល្មើស​បរិហារ​កេរ្តិ៍ ឬ​ក៏​បទល្មើស​ផ្សេង​ៗ​ទៀត គេ​ហៅ​ថា ការ​ទាមទារ​សិទ្ធិ​ស៊ីវិល​នាំ​ឲ្យ​ចង​ពាក្យ​ខាង​ផ្នែក​អាជ្ញា​ច្បាប់​ព្រហ្មទណ្ឌ»

ភាគី​ជម្លោះ​ខាង​ឃុំ​អន្លង់សំណរ និង​ឃុំ​ស្ពានត្នោត ដែល​ធ្លាប់​មាន​ប្រៀប​លើ​ជម្លោះ​ដី​ធ្លី ធ្វើ​ឲ្យ​អ្នក​ឃុំ​ជីក្រែង​ជាង ១០​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​នោះ ហាក់​បង្ហាញ​ជំហរ​ថា ពួក​គេ​ក៏​ចង់​បាន​ការ​ផ្សះផ្សា​ដែល​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​​ជាមួយ​អ្នក​ឃុំ​ជីក្រែង​នោះ​ដែរ។

លោក លី សាវី ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​តំណាង​ភាគី​ជម្លោះ​ឃុំ​អន្លង់សំណរ ដែល​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ប្រឆាំង​អ្នក​ឃុំ​ជីក្រែង​នោះ បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​ក៏​ចង់​បាន​ការ​ផ្សះផ្សា​បញ្ចប់​ជម្លោះ​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ នៅ​ទំនប់​៧៨​សួង​ដែរ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ក្រុម​របស់​លោក​បាន​ដាក់​លក្ខខណ្ឌ ៦​ចំណុច ទៅ​ឲ្យ​អ្នក​ឃុំ​ជីក្រែង​ទទួល​យក​នៅ​ក្នុង​កិច្ច​ផ្សះផ្សា បើ​អ្នក​ឃុំ​ជីក្រែង​ទទួល​យក​លក្ខខណ្ឌ​នោះ ភាគី​ខាង​លោក​ប្រហែល​ជា​ពិចារណា​ក្នុង​ការ​ដក​បណ្ដឹង​ដែល​ប្រឆាំង​នឹង​អ្នក​ជីក្រែង​នោះ​ចេញ​ពី​តុលាការ។

លោក លី សាវី បាន​អះអាង​ថា ៖ «កុំ​ឲ្យ​ភាគី​ខាង​ណោះ​ទៅ​បំពារ​បំពាន​លើ​ដី​ឃុំ​អន្លង់សំណរ​នោះ​មួយ​ចំនួន ហើយ​ដី​ឃុំ​ស្ពាន​ត្នោត​មួយ​ចំនួន​នោះ​ទៀត។ បើ​សិន​ជា​ឯកភាព​លើ​គោលការណ៍​ដែល​ដាក់​ឲ្យ​ពី​ម្សិលមិញ​នោះ ភាគី​ខាង​ខ្ញុំ​ប្រហែល​ជា​អាច​ដក​ពាក្យ​បណ្ដឹង​នានា»

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បង្ហាញ​ឆន្ទៈ​ថា គេ​ចង់​ឃើញ​មាន​ការ​ផ្សះផ្សា​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ និង​ជូរ​ចត់​រវាង​ឃុំ​ជីក្រែង និង​អ្នក​ឃុំ​អន្លង់សំណរ​នោះ​ដែរ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​តំណាង​ភាគី​ទំនាស់​បាន​ជួប​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​នោះ។ លោក ស៊ូ ភិរិន្ទ ចង់​ឃើញ​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​មួយ​ដែល​ល្អ​បំផុត ដើម្បី​ឲ្យ​អ្នក​រង​គ្រោះ​បាន​ទទួល​ផល​ប្រយោជន៍​​ពិត​ប្រាកដ​មួយ។

ជម្លោះ​ដី​ស្រែប្រាំង​ជាង ៩០​ហិកតារ​នៅ​ទំនប់​៧៨​សួង ស្រុក​ជីក្រែង រវាង​អ្នក​ឃុំ​ជីក្រែង និង​ឃុំ​អន្លង់សំណរ​ដ៏​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ប្រើ​អាវុធ​បាញ់​រះ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​ជីក្រែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩​ ដែល​បណ្ដាល​ឲ្យ​អ្នក​ឃុំ​ជីក្រែង ៤​នាក់​រង​របួស និង​តំណាង ១២​នាក់​ទៀត​កំពុង​ជាប់​ពន្ធនាគារ​រហូត​មក​ដល់​បច្ចុប្បន្ន​៕