នៅខណៈដែលប្រជាពលរដ្ឋខែ្មរនៅតាមបណ្តាខេត្តនានា កំពុងតែខ្វះខាតដីធ្លីធ្វើកសិកម្មដោយសារការរឹបយកពីសំណាក់ក្រុមឈ្មួញឬអ្នកមានអំណាចនោះ មានប្រជាពលរដ្ឋខ្មែរមួយក្រុមចំនួន៨៤២គ្រួសាររស់នៅក្នុងភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាតវ៉ានៅមុខសាលាឃុំជាបន្តបន្ទាប់នៅចុងសប្តាហ៍នេះទាមទារឲ្យមេឃុំចុះហត្ថលេខាលើឯកសារដើម្បីបើកផ្លូវឲ្យពួកគេអាចលក់ដីស្រែប្រាំងជាង២០០ហិកតា ឲ្យទៅក្រុមឈ្មួញឯកជនដែលចង់ទិញយក ។
អាជ្ញាធរមូលដ្ឋានបានអះអាងថា ដីស្រែដែលប្រជាពលរដ្ឋចង់លក់នោះ គឺជាកម្មសិទ្ធិរបស់អ្នកដទៃ ។
លោក ផាន វុទ្ធី តំណាងប្រជាពលរដ្ឋតវ៉ាចង់លក់ដីស្រែបានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងសៅរ៍នេះថា ៖ «ដីតំបន់វាមានយើងអត់សូវបានធ្វើផលស្រូវបាន ដល់ពេលអ៊ីចឹងគាត់ចង់ដោះដូរយកបច្ច័យ ចាយវាយតាមគ្រួសាររបស់គាត់វិញ» ។
លោក លី លេង តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានមានប្រសាសន៍ឲ្យដឹងថា ៖ «តវ៉ាច្រើនណាស់ដោយសារមេឃុំមិនព្រមចុះហត្ថលេខាលើលិខិតស្នាមលក់ទិញរបស់ប្រជាពលរដ្ឋ ។ គាត់ដើម្បីដោះដូរព្រោះគាត់ថា ការធ្វើស្រែប្រាំងវាបានខ្លះមិនបានខ្លះ កណ្តុរស៊ីផង ទឹកមិនគ្រប់គ្រាន់ផង ម៉្លោះហើយគាត់ដោះដូរ» ។
ប្រភពពីប្រជាពលរដ្ឋតវ៉ាបានឲ្យដឹងថា ពួកគេបានប៉ុនប៉ងលក់ដីនោះចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះក្នុងតម្លៃ ៣០០០ដុល្លារអាមេរិកក្នុងមួយហិកតាឲ្យទៅឈ្មួញឈ្មោះ នួន ម៉េងហួ ប៉ុនែ្តមេឃុំមិនបានយល់ព្រមចុះហត្ថលេខាអនុញ្ញាតឲ្យលក់ទ្បើយ ទើបមានការផ្ទុះធ្វើបាតុកម្មអហិង្សា នៅមុខសាលាឃុំចំនួនជាង៦០០នាក់ កាលពីថ្ងៃព្រហស្បតិ៍និងថៃ្ងសុក្រកន្លងទៅថ្មីៗនេះ ហើយពួកគេមានគម្រោងបន្តការតវ៉ានោះនៅសប្តាហ៍ក្រោយទៀត ។
ឆ្លើយតបទៅនឹងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ លោកស្រី មាស សុខែម មេឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានមានប្រសាសន៍ប្រតិកម្មប្រាប់វិទ្យុអាស៊ីសេរី ជាមួយនឹងការពន្យល់ថា ៖ «បញ្ហានេះខ្ញុំមិនអាចចុះហត្ថលេខាបានទេ ពីព្រោះដីហ្នឹងវានៅពាក់ព័ន្ធ មានប្លង់ហើយ ។ ឧទាហរណ៍ថាខ្ញុំស៊ីញ៉េទៅ គេចាប់ដាក់គុកទៅ ខ្ញុំធ្វើម៉េច ? ខ្ញុំធ្វើទៅតាមច្បាប់ មុខសញ្ញាឃុំខ្ញុំ ប្រជាជនខ្ញុំលក់បានតែ ១៧គ្រួសារទេ រីឯក្រៅពីនោះ គឺប្រជាជនខាងឃុំអំពិលព្រៃ និងខាងស្រុកស្អាង គាត់ធ្វើហើយគាត់លក់» ។
លោក ម៉ែន មករា អង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំការនៅខេត្តកណ្តាលដែលបានអង្កេតរឿងនេះបានឲ្យដឹងថា ៖ «បានជាប់កិច្ចសន្យាមួយជាមួយនឹងក្រុមហ៊ុនមួយ ដែលក្រុមហ៊ុននោះកំណត់តម្លៃឲ្យពលរដ្ឋ ពលរដ្ឋគាត់អត់ចង់បានការកំណត់តម្លៃទេ ចង់លក់ដោយសេរីភាពរបស់គាត់ ។ គាត់ក៏បានរកបានអ្នកទិញមួយទៀត អ៊ីចឹងដើម្បីលក់បាន គេទទួលយកនិងផ្ដល់លុយឲ្យគាត់បាន គាត់ត្រូវធ្វើឯកសារជូនគេ ធ្វើឯកសារទៅសុំឲ្យខាងមេភូមិ មេឃុំ ចុះហត្ថលេខា មេភូមិ មេឃុំហ្នឹង មិនព្រមចុះហត្ថលេខា» ។
ផ្អែកតាមប្រភពពីមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជាមានដីធ្វើកសិកម្មចំនួនជាង៣លានហិកតារាប់ទាំងដីស្រែរដូវវស្សា ដីស្រែរដូវប្រាំងនិងដីចម្ការ ។
ប៉ុន្តែមន្រ្តីនៃគណៈកម្មការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជាធ្លាប់បាននិយាយថា ការសិក្សាឯករាជ្យនានាបានឲ្យដឹងថា ប្រជាពលរដ្ឋខែ្មរដែលបាត់បង់ដីធ្វើកសិកម្មបានកើនទើ្បងរវាង ២០% ទៅ ២៥% ក្នុងចំណោមកសិកសរុប ៨០% ចាប់តាំងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០៧ ហើយគេបានទទូចសុំឲ្យក្រសួងរដ្ឋាភិបាលពាក់ព័ន្ធ ពន្លឿនការចុះបញ្ជីដីធ្លីនៅត្រង់តំបន់ណាដែលមានបញ្ហាដីធ្លីធ្ងន់ធ្ងរដើម្បីកាត់បន្ថយជម្លោះដីធ្លីនៅកម្ពុជា ។
គេសង្កេតឃើញថាបញ្ហាជម្លោះដីធ្លី គឺបណ្ដាលមកពីឯកសារកម្មសិទ្ធិដីធ្លីនោះឯង ៕
