ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​រង់ចាំ​ដំណោះស្រាយ​អំពី​បញ្ហា​ដីធ្លី

នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​ឯណោះ​វិញ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រាប់​សិប​គ្រួសារ​នៅ​ខេត្ត​ឃ្លាំង កំពុង​ទន្ទឹង​រង់ចាំ​ចម្លើយ​ពី​អាជ្ញាធរ​វៀតណាម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​រឹបអូស​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ ។

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ គឺ​កំពុង​រស់នៅ​ក្នុង​ភូមិ​តឹងហ៊ឹង ស្រុក​អណ្តូងទឹក ខេត្ត​ឃ្លាំង ឬ​វៀតណាម​ហៅ​ថា សុខតាំង នៅ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម ។

លោក វិនបា ជា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​នោះ​និង​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា ៤​ថ្ងៃ​មក​នេះ ពលរដ្ឋ​អ្នក​តវ៉ា​នៅ​រង់ចាំ​ចម្លើយ​ពី​អាជ្ញាធរ​វៀតណាម នៅ​បន្ទាប់​ពី​ពួកគាត់​ជាង ៤០​នាក់ បាន​ទៅ​ធ្វើការ​តវ៉ា​ដល់​ទី​ស្នាក់ការ​ក្រសួង​គណៈ​អចិន្រ្តៃយ៍ គណៈកម្មការ​ជនជាតិ​តំបន់​ដែន​ដី​ទន្លេ​មេគង្គ របស់​អាជ្ញាធរ​វៀតណាម នៅ​ឯ​ខេត្ត​ឬ​ក្រុង​ព្រែក​ឫស្សី ដែល​វៀតណាម​ហៅ​ថា គុនថឺ ។

លោក វិន បា បាន​ឲ្យ​ដឹង​ថា ៖ «កន​ខ្ញុំ​ទៅ​នេះ​ច្រើន​ដង​មក​ហើយ ។ ពី​ថ្ងៃ ៥ ខែ ៥ ហ្នឹង ឡើង​ទៅ​ដល់​ថ្ងៃ​៦ ខែ​៥ ត្រឡប់​មក​វិញ ទៅ​ហ្នឹង​បាន ៤៥​នាក់ ។ កន​ខ្ញុំ​ទៅ​ទាមទារ​ហ្នឹង​កាល​ឆ្នាំ​៩៦ ទល់​ឥឡូវ តែ​រឿង​ដីធ្លី ដីស្រែ​ក៏​មាន ដី​ចម្ការ​ក៏​មាន គេ​យក​ទៅ​ធ្វើ​ថ្នល់ ហើយ​ដី​ស្រែ យក​ទៅ​ធ្វើ​កន្លែង​ចិញ្ចឹម​សត្វ ។ មាន​ច្បាប់​សង​ហើយ នៅ​ខេត្ត​គេ​មិន​សង ។ មុន​ដំបូង​ភូមិ​ក៏​គេ​មិន​សង នៅ​ស្រុក​ក៏​គេ​មិន​សង ហើយ​ទៅ​ខេត្ត​ក៏​គេ​មិន​សង ហើយ​កន​ខ្ញុំ​តវ៉ា​ទៅ​ក្រសួង​ជនជាតិ គេ​តំណាង​ឲ្យ​ខ្មែរ​ហ្នឹង គេ​ហៅ​ក្រសួង​គណៈ​អចិន្ត្រៃយ៍ គណៈកម្មការ​ជនជាតិ​តំបន់​ដី​ទន្លេ​មេគង្គ»

លោក វិនបា បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ចំនួន​ដល់​ទៅ ៨០%​នៅ​ទូទាំង​ស្រុក​ អណ្តូងទឹក គឺ​ថា​តាំងពី​ឆ្នាំ​១៩៧៨​មក បាន​រង​នូវ​ការ​រឹបអូស​យក​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ដែល​ក្នុង​មួយ​គ្រួសារៗ​អស់​ដី​ម្នាក់ៗ​យ៉ាង​តិច​ពី ១​ហិកតា​ដល់​ជាង ២០​ហិកតា​ឯណោះ ។ កាលណោះ​អាជ្ញាធរ​វៀតណាម​បាន​សន្យា​ថា​នឹង​សង​វិញ ប៉ុន្តែ​មកដល់​ពេល​នេះ នៅតែ​គ្មាន​សំណង​ទោះជា​ប្រាក់​បន្តិចបន្តួច​ក្តី ។ ហេតុ​នេះ​ហើយ ទើប​ពលរដ្ឋ​ទាំង​នោះ​នៅតែ​បន្ត​ការ​ទាមទារ​អស់​ពេល​ជាង ២០​ឆ្នាំ​មក​នេះ ដើម្បី​ឲ្យ​បាន​ដី​ដូនតា​របស់​ពួកគាត់​មក​វិញ ។

លោក វិនបា មាន​ប្រសាសន៍​ថា​ក្នុង​ការ​ចេញ​តវ៉ា​ជា​លក្ខណៈ​អហិង្សា​ម្តងៗ ពួកគាត់​តែង​រង​នូវ​ការ​គំរាម​កំហែង រារាំង​គ្រប់​បែប​យ៉ាង ពីសំណាក់​អាជ្ញាធរ​វៀតណាម នៅ​ស្ទើរ​គ្រប់​ទី​កន្លែង គឺ​ថា​អ្នក​តវ៉ា​ម្នាក់​ដែល​បាន​ទៅ​ដល់​កន្លែង​តវ៉ា គឺ​ជា​តំណាង​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជា​ច្រើន​គ្រួសារ ដែល​បាត់បង់​ដីធ្លី​ដូចគ្នា​នោះ​ដែរ ។

លោក វិនបា បាន​ឲ្យ​ដឹង​ថា ៖ «ទៅ​ហ្នឹង​មាន​នគរបាល​មាន​គេ​ឃាត់ឃាំង​ស្ទះ​ផ្លូវ​មិន​ឲ្យ​ម៉ូតូ ឬ​ក៏​ឡាន​រត់​បាន ។ ទៅ​សុទ្ធតែ​លួច​ទៅ​ទេ បើសិនណា​ទៅ​ហ្នឹង​គេ​ដឹង​ទៅ​យើង​ទៅ គេ​ឃាត់​មិន​ឲ្យ​យើង​ទៅ​ទេ បើសិនណា​យើង​ទៅ​ឡាន​គេ​មិន​ឲ្យ​ឡាន​ទៅ ហើយ​បើ​ទៅ​ម៉ូតូ​គេ​ចាប់ គេ​បង្ខាំង​មិន​ឲ្យ​ទៅ ។ ទៅ​នេះ​លួច​ទៅ​ទេ បើ​តាម​និយាយ​ទៅ​តំណាង​ឲ្យ​ច្រើន​គ្រួសារ​ណាស់ ប៉ុន្តែ​ទៅ​បាន​ម្ដង ៣០-៤០​គ្រួសារ ជួន​អី​ទៅ​មិន​បាន​ច្រើន មាន​ជាង ២០​គ្រួសារ​ក៏​មាន​ដែរ តំណាង​ឲ្យ​ច្រើន​ណាស់»

លោក វិនបា បញ្ជាក់​ថា​តាំងពី​ពលរដ្ឋ​ខ្មែរក្រោម​បាត់បង់​អស់​នូវ​ដីស្រែ​ចម្ការ​ដូនតា​របស់​ពួកគាត់​មក​នេះ គឺ​ថា​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ជា​ទូទៅ​ធ្លាក់​ខ្លួន​ក្រីក្រ​តោកយ៉ាក គ្មាន​មុខរបរ​ដែល​អាច​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​សមរម្យ​ទៀត​ឡើយ ។ ហេតុ​នេះ​ហើយ​ទើប​ពួកគាត់​មិន​បោះបង់​ការ​ទាមទារ​នោះ​ទេ ។ ពិសេស​បើ​អាជ្ញាធរ​វៀតណាម នៅតែ​មិន​ព្រម​ដោះស្រាយ​សង​ដី​ដែល​គេ​យក​ទៅ​ចែក​វៀតណាម​គ្នា​គេ​នោះ ឲ្យ​មក​ពួកគាត់​វិញ​ទេ ពួកគាត់​នឹង​ព្យាយាម​ទៅ​កាន់​ក្រសួង​គណៈ​អចិន្រ្តៃយ៍ គណៈកម្មការ​ជនជាតិ​តំបន់​ដែន​ដី​ទន្លេ​មេគង្គ នៅ​ទីក្រុង​ព្រែក​ឫស្សី​នោះ​ទៀត នា​ថ្ងៃ​ទី​៩ ខែ​មិថុនា​ខែ​ក្រោយ​នេះ ដើម្បី​ទៅ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​សង​ជា​សំណង ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​វិញ ។

វិទ្យុ​អាស៊ីសេរី​ព្យាយាម​ទាក់ទង​ទៅ​មន្រ្តី​ក្រសួង​គណៈអចិន្រ្តៃយ៍​គណៈកម្មការ​ជនជាតិ​តំបន់​ដែន​ដី​ទន្លេ​មេគង្គ របស់​អាជ្ញាធរ​វៀតណាម​នោះ​ដែរ ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ពី​បញ្ហា​នេះ ប៉ុន្តែ​ទាក់ទង​ពុំទាន់​បាន​ទេ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍​នេះ ៕