អង្គការ​សិទ្ធិ​មនុស្ស​តៃវ៉ាន់​ចុះ​អង្កេត​បញ្ហា​ជម្លោះ​ដី​​​​នៅ​កោះកុង

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​របស់​ចិន​តៃវ៉ាន់ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែអំបិល ដែល​មាន​ទំនាស់​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ (Koh Kong Sugar Industry) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រយៈ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ។

ការ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​តៃវ៉ាន់ ​ចុះ​ជួប​ពលរដ្ឋ​នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​តៃវ៉ាន់​ មាន​ភាគហ៊ុន​នៅ​ក្នុង​ការ​វិនិយោគ​តំបន់​នោះ​ដែរ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​៣ ស្ថិត​ក្នុង​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង បាន​ស្នើ​សុំ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​តៃវ៉ាន់ ជំរុញ​ទៅ​ភាគី​ក្រុមហ៊ុន​តៃវ៉ាន់ ដែល​មាន​ចំណែក​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ របស់​លោក លី យ៉ុងផាត់ ដោះស្រាយ​ពី​បញ្ហា​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខ​លើ លោក គង់ សុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មករា ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន កោះកុង ស៊ូហ្គើរ និង​ក្រុមហ៊ុន​កោះកុង ផ្លានថេហ្សិន (Koh Kong Plantation Co., Ltd.) របស់​លោក លី យ៉ុងផាត់ បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៦ មក។ លោក​ថា ដោយសារ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ដាំ​ដើម​អំពៅ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ ២២០​គ្រួសារ បាត់​បង់​ដី​ដំណាំ​ចម្ការ​ជិត ១.៥០០​ហិកតារ ដោយ​ការ​រឹប​អូស​យក​ដោយ​គ្មាន​សំណង និង​ខ្លះ​បាន​សំណង​មិន​សមរម្យ។

លោក គង់ សុង៖ «ខាង​សិទ្ធិ​មនុស្ស​តៃវ៉ាន់ បាន​ចុះ​មក​សួរ​នាំ​ពី​បញ្ហា​សហគមន៍​ប៉ះពាល់​ដីធ្លី​រវាង​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ ហ្នឹង គាត់​សន្យា​ថា ជួយ​ដោះស្រាយ​ជំរុញ​ឲ្យ​ខាង​តៃវ៉ាន់​នោះ ធ្វើ​ការ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​ប្រជាពលរដ្ឋ។ គេ​ឲ្យ​មក​វិនិយោគ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​មិន​មែន​ឲ្យ​មក​រំលោភ​សិទ្ធិ​មនុស្ស​ទេ»

ការ​ស្នើសុំ​របស់​អ្នក​ភូមិ​នេះ បន្ទាប់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​១៦ មករា បាន​ចុះ​ទៅ​ជួប​សួរ​ព័ត៌មាន​ទាក់ទង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​នេះ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជីខលើ ភូមិ​ឈូក និង​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខលើ។ ប៉ុន្តែ​ការ​ចុះ​ជួប​ជុំ​នេះ​ពុំ​មាន​វត្តមាន​អាជ្ញាធរ​ឡើយ។

អ្នក​សម្របសម្រួល​ករណី​ស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា CLEC លោក ម៉ម វុទ្ធី ដែល​បាន​ជូន​មន្ត្រី​សិទ្ធិ​មនុស្ស​តៃវ៉ាន់ ទៅ​ដល់​សហគមន៍​បាន​ថ្លែង​ថា មន្ត្រី​សិទ្ធិ​មនុស្ស​តៃវ៉ាន់ និង​ជំរុញ​ទៅ​ក្រុមហ៊ុន​តៃវ៉ាន់ ដែល​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ។

លោក​ថា ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ របស់​លោក លី យ៉ុងផាត់ នោះ​មាន​ក្រុមហ៊ុន​វីវង់ (Wevong) របស់​តៃវ៉ាន់ មាន​ភាគហ៊ុន ៣០% និង​មួយ​ភាគ​ធំ​ទៀត​របស់​ក្រុមហ៊ុន​ថៃ ខេអេសអិល (KSL)៖ «គាត់​ជា​អង្គការ​សិទ្ធិ​មនុស្ស​គាត់​មាន​ប៉ុន្មាន​អង្គការ​នោះ នៅ​តៃវ៉ាន់​ហ្នឹង គេ​ធ្លាប់​ធ្វើ​យុទ្ធនាការ​នៅ​មុខ​ក្រុមហ៊ុន​នោះ។ ក្រុមហ៊ុន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ហើយ​មក​រំលោភ​សិទ្ធិ​មនុស្ស​អី​ណា គេ​បញ្ជាក់​ថា គេ​មក​អង្កេត»

ដោយសារ​ការ​វិនិយោគ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ឃុំ​ជីខលើ នោះ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៧ ពួកគាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​តុលាការ​ខេត្ត​កោះកុង សុំ​រំលាយ​កិច្ចសន្យា​សម្បទាន​ដី​សេដ្ឋកិច្ច​រយៈ​ពេល ៩៩​ឆ្នាំ រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន​កោះកុង ស៊ូហ្គើរ កាល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៦ នោះ​វិញ ដោយសារ​សម្បទាន​នេះ​លើស​ពី​ច្បាប់​ភូមិបាល ដែល​បាន​កំណត់​លើស​ពី ១​ម៉ឺន​ហិកតារ និង​ដោយសារ​ការ​សម្បទាន​នោះ​បាន​ជាន់​លើ​ដី​របស់​អ្នក​ភូមិ។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ពលរដ្ឋ​អះអាង​ថា នៅ​មិន​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កោះកុង លោក ហេង កេះសារ៉ោ បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មករា។

ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ប្រជាពលរដ្ឋ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោកស្រី នី សោភ័ណនារី ថ្លែង​ថា ករណី​បណ្ដឹង​របស់​ពលរដ្ឋ​នេះ ថ្វី​ត្បិត​តែ​មាន​ភាព​យឺតយ៉ាវ​បន្តិច​មែន ប៉ុន្តែ​ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ហើយ​ថា ថ្មី​ៗ​នេះ តុលាការ​បាន​បង្គាប់​ឲ្យ​ភាគី​ទាំង​ពីរ​ដាក់​ភស្តុតាង និង​រង់ចាំ​កាល​កំណត់​ពេល​ជំនុំជម្រះ​រឿងនេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។