ជម្លោះ​ដី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ឧត្ដរមានជ័យ

តំណាង​អាជ្ញាធរ​មាន​សមត្ថកិច្ច រួម​ជាមួយ​តំណាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ដី នៅ​តំបន់​ត្រពាំងធំ និង​ជប់តាមោគ ក្នុង​ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​ជួប​ពិភាក្សា​ទល់មុខ​គ្នា ដើម្បី​ដោះស្រាយ​ទំនាស់​ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ (Samrong Rubber) ឲ្យ​ត្រាក់ទ័រ​ឈូស​ឆាយ​ដី​ប្រជាពលរដ្ឋ។

0:00 / 0:00

លោក យឹម ផាន់ណា ជា​អភិបាលស្រុក​អន្លង់វែង។ លោក​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ មករា ថា ប្រជាពលរដ្ឋ​ម្ចាស់ដី​នៅ​តំបន់​ត្រពាំងធំ និង​ជប់តាមោគ អាច​សួរ​សំណួរ​ផ្សេងៗ​ទាក់ទង​រឿង​ក្រុមហ៊ុន សំរោង រ៉ាប់ប៊័រ ឲ្យ​ត្រាក់ទ័រ​ឈូស​ដី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ត្រពាំងធំ និង​ជប់តាមោគ ជាមួយ​តំណាង​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង​នៅ​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១២។

លោក​អភិបាលស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី ហើយ​ចូលរួម​ក្នុង​តុ​ចរចា ដែល​មាន​ភាគី​ពាក់ព័ន្ធ​នានា​ចូលរួម​សិន ដើម្បី​កុំ​ឲ្យ​បញ្ហា​ឈូស​ឆាយ​ដី​នោះ​រីក​រាលដាល​ជា​ទំនាស់​ធំ៖ «តាម​ពិត​ឃុំ​គេ​ដោះស្រាយ​ថ្ងៃ​មុន​មួយ​ជំហាន​ហើយ ជាមួយ​ក្រុមហ៊ុន​ថា សុំ​ឲ្យ​ក្រុមហ៊ុន​នោះ​ដោះស្រាយ​តាម​រូបមន្ត វាល​ស្បែក​ខ្លា តាម​អនុសាសន៍​របស់​សម្ដេច ឬ​ក៏​ដោះ​ដី​កន្លែង​ណា​ឲ្យ​ហើយ​ជាមុន​សិន ចាំ​អ្នកឯង​ឈូស​ឆាយ​ក្នុង​តំបន់​អ្នកឯង​អាស្រ័យផល​នោះ​ណា។ ហើយ​ក្រុមហ៊ុន​ក៏​បាន​ឯកភាព​លើ​ចំណុច​នេះ​ដែរ»

ក្រុមហ៊ុន សំរោង រ៉ាប់ប៊័រ បាន​ចាប់ផ្ដើម​ឲ្យ​ត្រាក់ទ័រ​ក្រុមហ៊ុន​ចំនួន ៧​គ្រឿង ដោយ​មាន​កង​សន្តិសុខ​ការពារ​មាន​អាវុធ​ផង ឈូស​ឆាយ​ដី​អ្នកស្រុក​នៅ​ចំណុច​ត្រពាំងធំ និង​ជប់តាមោគ តាំង​ពី​ថ្ងៃ​ទី​២៣ មករា មក​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា។

គេហទំព័រ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​ជិត ១​ម៉ឺន​ហិកតារ នៅ​ក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័រ ក្នុង​រយៈពេល ៧០​ឆ្នាំ ដើម្បី​ដាំ​កៅស៊ូ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត។

ដី​ដែល​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​នោះ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ទួលទ្រាស ភូមិ​លំទង​ថ្មី ភូមិ​អូរ​គគីរ និង​ភូមិ​ស្រឡៅ​ស្រោង។ ភូមិ​ទាំង​៤ ស្ថិត នៅ​ក្នុង​ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដី​ចម្ការ​ទាំងអស់​នៅ​ចំណុច​ត្រពាំងធំ និង​ជប់តាមោគ នោះ​ប្រជាពលរដ្ឋ​បាន​រុករាន​កាន់កាប់​ធ្វើ​ចម្ការ​តាំង​ពី​ឆ្នាំ​២០០០ និង​២០០១ មក​ម្ល៉េះ គឺ​ក្រោយពេល​អតីត​កងទ័ព​ខ្មែរ​ក្រហម​បាន​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គមជាតិ។

ប្រជាពលរដ្ឋ​មួយ​រូប ឈ្មោះ មៀច នៀវ ដែល​មាន​ដី​ចម្ការ​ប្រមាណ ៧​ហិកតារ នៅ​ក្នុង​ចំណុច​ដែល​ត្រាក់ទ័រ​ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ បាន​ឈូស​ឆាយ។ លោក​បាន​និយាយ​ឲ្យ​ដឹង​ថា ត្រាក់ទ័រ​ក្រុមហ៊ុន​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​ចម្ការ​អ្នកស្រុក​កាល​ពី​ថ្ងៃ​ទី​២៣ មករា។ នៅ​ថ្ងៃ​ទី​២៤ មករា ប្រជាពលរដ្ឋ​ម្ចាស់ដី​ប្រមាណ ៦០​នាក់​បាន​មក​ប្រមូលផ្ដុំ​គ្នា​ឃាត់​កុំ​ឲ្យ​ត្រាក់ទ័រ​ក្រុមហ៊ុន​ឈូស​ដី​ចម្ការ​របស់​គាត់។ តែ​អ្នក​បើក​ត្រាក់ទ័រ​ក្រុមហ៊ុន​មិនបាន​ឈប់​ឈូស​ឡើយ។ នៅ​ថ្ងៃ​ទី​២៥ មករា ប្រជាពលរដ្ឋ​បាន​ប្រមូលផ្ដុំ​គ្នា​បាន​ច្រើន​ជាង​មុន​កើន​ដល់ ១៦០​នាក់​មក​ឃាត់​ត្រាក់ទ័រ​ក្រុមហ៊ុន កុំ​ឲ្យ​ឈូស​ដី​ចម្ការ​របស់​គាត់។ មិន​មាន​អំពើ​ហិង្សា​កើតឡើង​ទេ បើ​ទោះបី​ជា​អ្នកស្រុក​ម្ចាស់ដី​មាន​ចំនួន​ច្រើន ហើយ កង​សន្តិសុខ​ការពារ​ត្រាក់ទ័រ ក្រុមហ៊ុន​មាន​អាវុធ​ក៏ដោយ។

លោក មៀច នៀវ៖ «ក្រុមហ៊ុន​នោះ​ប្រុង​ឲ្យ​លុយ​មួយ​ហិកតារ ១០០។ ប្រជាជន​មិន​ព្រម​ទេ​ឲ្យ ១០០​នោះ។ រួច​ឆ្នាំ​ក្រោយ​បាន​អី​ហូប​មិន​ដាច់​បាយ​ស្លាប់​ហើយ​ទេ ព្រោះ​រស់​ដោយសារ​ដី​ស្រែ​ដី​ចម្ការ​តែ​ប៉ុណ្ណឹង​នោះ។ បើ​សិន​ជា​ក្រុមហ៊ុន​គេ​ថា ឲ្យ​លុយ​ប៉ុណ្ណឹង​មិន​យក គេ​នៅ​តែ​ធ្វើ មាន​តែ​ប្រឆាំង​នេះ​ឯង»

លោក ជន រៈ ជា​មេឃុំ​លំទង បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ចរចា​ទល់មុខ​គ្នា​រវាង​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជាង ១០០​គ្រួសារ​ជាមួយ​តំណាង​ក្រុមហ៊ុន និង​មាន​ការ​ចូលរួម​របស់​អាជ្ញាធរ​ជា​ឱកាស​មួយ​ដែល​ម្ចាស់​ដី​មាន​សិទ្ធិ​សួរ​តំណាង​ក្រុមហ៊ុន​អំពី​ចម្ងល់​នានា​ទាក់ទង​ដី​ចម្ការ ​បស់​ពួកគាត់៖ «ជំនួប​នេះ​ឲ្យ​អស់​ចិត្ត​ប្រជាពលរដ្ឋ ហើយ​ទាំង​ក្រុមហ៊ុន​អស់ចិត្ត​ទាំង​អស់​គ្នា។ កុំឲ្យ​ថា អាជ្ញាធរ​មិន​ដោះស្រាយ ពីព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​មាន​ផ្ទះ និង​មាន​ដី​នៅ​កន្លែង​នោះ​មួយ​ចំនួន​ធំ»

លោក មេឃុំ មាន​ការ​បារម្ភ​ថា បើ​សិន​ជា​ការ​ដោះស្រាយ​នោះ មិនបាន​ត្រឹមត្រូវ វា​អាច​បង្ក​ឲ្យ​មាន ទំនាស់​កាន់​តែ​ធំ។

លោក ឆាង ឃឿន ជា​តំណាង​ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ នៅ​ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ មករា ថា លោក​ចូលរួម​ចរចា​ជាមួយ​អ្នកស្រុក​ម្ចាស់ដី​នៅ​ថ្ងៃ​ទី​២៦ មករា ដោយ​មាន​អាជ្ញាធរ​ចូលរួម​ផង​ដែរ។

លោក​បាន​ឲ្យ​ដឹង​ថា​កន្លងមក​តាម​គោលការណ៍​ក្រុមហ៊ុន គឺ​កាលណា​ប៉ះ​ដី​អ្នកស្រុក គឺ​ក្រុមហ៊ុន​មាន​សង​សំណង៖ «ក្រុមហ៊ុន​កន្លង​មក​រយៈពេល ២ ទៅ ៣ ឆ្នាំ​មុន​នោះ​ណា ធ្លាប់​ជួប​បុស្ស និង​ដី​ដែល​មាន​ដំណាំ​អី​ផ្សេងៗ ដែល​គាត់​ដាំ​នោះ​ណា។ ក្រុមហ៊ុន​មាន​ទម្លាប់​ដោះស្រាយ​ឲ្យ ១​ហិកតារ ៤០​ម៉ឺន​រៀល»

ប្រជាពលរដ្ឋ​មួយ​រូប ឈ្មោះ ផា នី ជា​ម្ចាស់ដី​នៅ​តំបន់​ឈូស​ឆាយ​បាន​ឲ្យ​ដឹង​ថា លោកស្រី​មិន​ទទួល​យក​ប្រាក់​សំណង​ក្នុង ១ ហិកតារ ចំនួន ១០០​ដុល្លារ​អាមេរិក​នោះ​ឡើយ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា ដី​មាន​ទំនាស់​នោះ​មាន​ទំហំ​ធំ​យ៉ាងតិច​ក៏ ៥០០ ហិកតារ​ដែរ។

លោក ស្រី ណារ៉េន ជា​ប្រធាន​សាខា​សមាគម​ការពារ​សិទ្ធិមនុស្ស​ឈ្មោះ អាដហុក នៅ​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា ទំនាស់​ដី​រវាង​ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ ឈូស​ឆាយ​ដី​អ្នកស្រុក នៅ​ចំណុច​ត្រពាំងធំ និង​ជប់តាមោគ នៅ​ក្នុង​ឃុំ​លំទង​នេះ ក្រុមហ៊ុន​ត្រូវ​សិក្សា​ផល​ប៉ះពាល់ មុន​ពេល​ធ្វើការ​ឈូស​ឆាយ​ដី ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ នៅ​តំបន់​ដែល​ក្រុមហ៊ុន​ត្រូវ​វិនិយោគទុន​អភិវឌ្ឍន៍។

លោក ស្រី ណារ៉េន៖ «ទោះ​បី​ជា​គាត់​មាន ស.ជ.ណ. និង​មាន​ឯកសារ​ផ្សេងៗ​ក៏​ដោយ ក៏​ត្រូវ​តែ​មាន​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាមុន ហើយ​មួយ​ទៀត​ត្រូវ​ដោះស្រាយ​សំណង​ប្រជាពលរដ្ឋ​សិន។ មុន​ឈាន​ទៅ​ដល់​ការ​ឈូស​ឆាយ​ដី​របស់​ប្រជាពលរដ្ឋ​ហ្នឹង»

ប្រភព​លោក​មេឃុំ​លំទង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សំរោង រ៉ាប់ប៊័រ មាន​គម្រោង​ឈូស​ឆាយ​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ខ្លួន​ឲ្យ​បាន ១០០​ហិកតារ​ក្នុង​ឆ្នាំ២០១២ នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។