ពលរដ្ឋ​៤​ភូមិ​ក្នុង​ខេត្ត​ក្រចេះ​ចោទ​ក្រុមហ៊ុន​ថា​រំលោភ​យក​ដី

ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​កាស្ទីន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ថា បាន​រំលោភ​យក​ដី​ចម្ការ​ដំឡូង ឬ​ស្វាយចន្ទី របស់​ពួកគាត់​ដែល​កំពុង​ដាំដុះ។

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ដំរី ប្រមាណ ៧០០​គ្រួសារ កំពុង​មាន​ក្ដី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​កសិកម្ម​របស់​ពួកគាត់​ដែល​កំពុង​បង្កបង្កើនផល ដោយសារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ឈ្មោះ​ កាស្ទីន រំលោភ​យក។

លោក នួន ប៊ុនធី ជា​តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​កាស្ទីន បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ មាន​ឯកសណ្ឋាន​ជា​ទាហាន និង​ប៉ូលិស មក​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ធ្វើ​ចម្ការ ឬ​ប្រមូល​ផល​ដំឡូង​ទេ ដោយ​បាន​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​គុក​ច្រវាក់​ថែមទៀត។

ចំណែក​ពលរដ្ឋ​មក​ពី ៤​ភូមិ​ទៀត គឺ​ភូមិ​ប្រមា ស្រែចំផឹង ភូមិ​កំពង់​ឈើទាល និង​ច្រក​ដំបង ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ពួកគាត់​បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទៅ​ម្ចាស់​ក្រុមហ៊ុន​កាស្ទីន ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ចូល​ប្រមូល​ផល​ដំណាំ​ដំឡូង និង​បាន​បង្កបង្កើនផល​លើ​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល​តាំង​ពីមុន​ឆ្នាំ​២០០៦ មក​ឡើងវិញ។

ប្រជាពលរដ្ឋ​បន្ថែម៖ «សម្ដេច ហ៊ុន សែន​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ព្រោះ​គ្មាន​កន្លែង​ទីពឹង​ណា​ទៀត​ទេ ព្រោះ​អស់​ហើយ។ សម្ដេច​ជួយ​ដោះស្រាយ ឲ្យ​ប្រជាពលរដ្ឋ​ផង ព្រោះ​ប្រជាពលរដ្ឋ​ពិបាក​វេទនា​ណាស់​ឥឡូវនេះ។ កម្លាំង​ក្រុមហ៊ុន​គេ​យាម​មិន​ឲ្យ​កាប់​ដំឡូង​ជាដើម។ ប្រជាពលរដ្ឋ​ចង់​បាន​តែ​ដី​ភូមិ ដី​ចម្ការ​ដើម្បី​រស់នៅ»

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កាស្ទីន ពួកគាត់​ធ្លាប់​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ម្ដង​ហើយ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១២ នៅមុខ​ទីស្នាក់ការ​ក្រុមហ៊ុន​កាស្ទីន ស្ថិត​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ប៉ុន្តែ​មិន​មាន​មន្ត្រី​ផ្នែក​ណា​មួយ​ចេញ​មុខ​មក​ជួយ​ដោះស្រាយ​ទេ។

ទាក់ទង​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​កាស្ទីន ពិតជា​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ ហាម​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផល​កសិកម្ម​កំពុង​បង្កបង្កើន​ផល​ពិត​មែន។

លោក ជា ចីម ជា​មេភូមិ​ប្រមា ស្ថិត​ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក​បាន​ទទួល​ស្គាល់ ថា កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ពិតជា​បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ចូល​ប្រមូល​ផល​ដំណាំ​ពួកគាត់​ពិតមែន។ លោក​ថា​មូលដ្ឋាន​លោក យ៉ាង​ហោច​ក៏​មាន​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ​ដែរ​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លី។

លោក ជា ចីម បន្ថែម៖ «មក​វាស់ដី​យក​ឃ្លាត​ពី​ភូមិ​ប្រហែល​ជា ១គីឡូកន្លះ ស្ទើរ​អស់​ដី​ប្រជាពលរដ្ឋ​ហើយ។ សុទ្ធ​តែ​ដី​ស្វាយ ដី​ដាំ​ដំឡូង ដី​ដាំ​ស្វាយចន្ទី ប្រកប​អាជីវកម្ម​បាន​ផល​ទៅ​ហើយ»

លោក​បន្ត​ថា ទំនាស់​នេះ វា​ហួស​ពី​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​រក​ដំណោះស្រាយ ដែល​ទាមទារ​ឲ្យ​ក្រសួង ឬ​ស្ថាប័ន​ថ្នាក់​ជាតិ ជួយ​មាន​វិធានការ និង​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក ឆេង ឆ័ត្រ ជា​ជំទប់ទី២ ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​កាស្ទីន ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​កសិកម្ម របស់​ប្រជាកសិករ នា​មូលដ្ឋាន​ឃុំ​កំពង់ដំរី ពិតមែន។ ប៉ុន្តែ​លោក​ថា ទង្វើ​របស់​ក្រុមហ៊ុន អាជ្ញាធរ​ឃុំ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

ចំណែក លោក សូម សារិទ្ធ អភិបាល​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក​ថ្លែង​ថា មិនទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី រវាង​ពលរដ្ឋ​ឃុំ​កំពង់ដំរី និង​ក្រុមហ៊ុន​កាស្ទីន ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងទៀត រំលោភ​ដីធ្លី​ពលរដ្ឋ​នោះ​ទេ។ ប៉ុន្តែ​ករណី​នេះ លោក​នឹង​ពិនិត្យមើល​ឡើងវិញ៖ «ខ្ញុំ​អត់​ទាន់​បាន​ដឹង បាន​ជ្រាប​ព័ត៌មាន​ហ្នឹង​ផង»

យ៉ាង​នេះ​ក្តី លោក តាន់ ឡាង ជា​តំណាង​ក្រុមហ៊ុន​កាស្ទីន បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ចាប់ចង​ពលរដ្ឋ​នោះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ធ្វើ​ចម្ការ​ពិតមែន ព្រោះ​ដី​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ។

លោក តាន់ ឡាង តំណាង​ក្រុមហ៊ុន​កាស្ទីន ឲ្យ​ដឹង​ដូច្នេះ៖ «ព័ត៌មាន​មិន​ពិត​ទេ តែ​គ្រាន់​ថា​ថ្ងៃ​នេះ​ក្រុមហ៊ុន​ដើរ​បាញ់​ថ្នាំ​ក្នុង​ព្រៃ ហើយ​ប្រជាជន​ដាំ​ដំឡូង​លើ​ដី​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ធ្វើ​អ្វី​ទាំង​អស់»

ទោះ​ជា​បែប​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១២ នា​ខេត្ត​មណ្ឌលគីរី។ លោក​បាន​ព្រមាន​ដក​សិទ្ធិ​ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទាំង​ឡាយ​ណា ដែល​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​បាន​ធ្វើ​សកម្មភាព​រំលោភ​យក​ដី​បង្កបង្កើន​ផល​ប្រជាពលរដ្ឋ ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នោះ​ទេ។

លោក ហ៊ុន សែន៖ បាន​ថ្លែង​ដូច្នេះ៖ «និយាយ​ដល់​ករណី​បាញ់​បោះ​ជាមួយ​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​នានា​ស្ដាប់​ឲ្យ​ច្បាស់ កន្លែង​ណា​ពាក់ព័ន្ធ​នឹង​ប្រជាជន​ផ្អាក​ធ្វើ​កន្លែង​ហ្នឹង។ ខ្ញុំ​ចេះ​តែ​ឆ្ងល់ៗ​ត្រង់​ថា ដី​ធ្វើ​សម្បទាន​ឲ្យ ៧​ពាន់​ហិកតារ ឯ​ដី​ពាក់ព័ន្ធ​នឹង​ប្រជាជន​មាន​ត្រឹម ៥០០​ទេ។ ហេតុ​អី​មិន​ទៅ​ធ្វើ​អា ៦.៥០០ វា​មក​ធ្វើ​ចំ​តែ​កន្លែង​ទាស់​គ្នា​ហ្នឹង។ បើ​សិន​ជា​ចាំបាច់​យើង​នឹង​ដក​ដី​សម្បទាន​ទាំង​អស់​ពី​ក្រុមហ៊ុន​ណា​ដែល​ប្រើ​ហិង្សា​ចំពោះ​ប្រជាជន​មិន​អាច​ទទួល​យក​បានទេ»

ប៉ុន្តែ​ទោះ​ប្រមុខ​ដឹកនាំ​ព្រមាន​បែប​ណា​ក្ដី ក៏​គេ​សង្កេតឃើញ​ថា សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​ចំនួន បាន​បន្ត​ធ្វើ​សកម្មភាព ដោយ​ប្រើ​គ្រឿងចក្រ និង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ការពារ​សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ តាម​ខេត្ត​ក្រុង​មួយ​ចំនួន មិន​ទាន់​ស្រាកស្រាន្ត​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។