ពលរដ្ឋ​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​សកម្មភាព​ឈូស​ឆាយ​ដី

ប្រជាពលរដ្ឋ​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី បាន​លើក​គ្នា​ទៅ​រារាំង​សកម្មភាព​ឈូស​ឆាយ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​សម្បទាន​វៀតណាម​មួយ ដោយសារ​តែ​អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​នេះ​រំលោភ​ឈូស​ឆាយ​មក​លើ​ដី​ចំការ​ប្រជាពលរដ្ឋ និង​តំបន់​ព្រៃ​ឈើ​សហគមន៍​អភិរក្ស។
ដោយ រដ្ឋា វីសាល
2012-06-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១២ អំពាវនាវ​ជា​ថ្មី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ប្រញាប់​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​សកម្មភាព​ឈូស​ឆាយ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ឌឹង យឿង មាន​ភាគហ៊ុន​គ្នា​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ ចិតសិប​បួន (74) ដែល​នៅ​តែ​បន្ត​ឈូស​ឆាយ​ពង្រីក​មក​លើ​ដី​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ការពារ​កាន់​តែ​ច្រើន​ឡើង ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ ជាង ២០​នាក់ បាន​លើក​គ្នា​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​ពង្រីក​ដី​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មិថុនា កន្លង​ទៅ​នេះ ក៏​ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​មាន​នោះ​ទេ។ ទន្ទឹម​នេះ​ប្រជា​សហគមន៍​ភូមិ​ឡំ ២២០​គ្រួសារ បាន​ផ្ដិត​មេដៃ​ប្ដឹង​ករណី​នេះ​សុំ​ទៅ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​នេះ។

តំណាង​ប្រជាពលរដ្ឋ​លោក រម៉ាស់ ស្វាត មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​តម្រូវ​ឲ្យ​គ្រឿង​ចក្រ​បញ្ឈប់​ការ​ឈូស​ឆាយ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ​កំណត់​ព្រំ​ដី​សម្បទាន​ច្បាស់លាស់ និង​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​យក​ដី​ប្រជាពលរដ្ឋ និង​ដី​តំបន់​ព្រៃ​ឈើ​សហគមន៍​ការពារ។

លោក​បន្ត​ថា ក្រុមហ៊ុន​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​កាត់​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ៖ «ឈូស​អស់​ព្រៃ​ហ្នឹង ព្រៃ​ហ្នឹង​ព្រៃ​ឈើ​ធំៗ វា​ប៉ះពាល់​ដី​គេ​ការពារ​ដែរ។ គេ​ថា ចាំ​រាយការណ៍​ទៅ​ចៅហ្វាយ​ស្រុក ចៅហ្វាយ​ស្រុក​គេ​ថា ចាំ​ចាត់​ប៉ូលិស​ប៉េអឹម គេ​ទៅ​ឃាត់​តាំង​ពី​មិន​ទាន់​បោះ​ឆ្នោត​មក​ណា! តាំង​ពី​ថ្ងៃ​ហ្នុង ខាង​ក្រុមហ៊ុន​គេ​មក​កាប់​រហូតៗ អត់​ឃើញ​គេ​ទៅ​ឃាត់​ទៅ​អី​ទេ»

កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១២ មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ក់ញ៉ៃ និង​ប្រជា​សហគមន៍​ភូមិ​ឡំ បាន​ចោទ​ប្រកាន់ និង​លើក​គ្នា​ចុះ​ហាមឃាត់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​វៀតណាម មួយ​នេះ ដែល​បាន​ឈូស​ឆាយ​មក​លើ​ដី​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ការពារ​ភ្លូវង អស់​ចំនួន ២០​ហិកតារ និង​ព្រៃ​ស្រោង​មួយ​ចំណែក​ផ្សេង​ទៀត នៅ​ចំណុច​ភូមិ​ឡំ និង​ភូមិ​ប៉ក់តូច ឃុំ​ប៉ក់ញៃ ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម។ ហើយ​បន្ទាប់​មក​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ករណី​នេះ។

ជំទប់​ទី​២ ឃុំ​ប៉ក់ញ៉ៃ លោក ពូយ ព្លុំ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ បាន​សន្យា​ថា នឹង​ចាត់​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​ករណី​នេះ ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​មិន​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ណា​ចុះ​ទៅ​កាន់​ទីតាំង​ឈូស​ឆាយ​ដី​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​កំពុង​រំលោភ​ឈូស​ឆាយ​ដី​តំបន់​ព្រៃ​ឈើ ដើម្បី​ពង្រីក​ដី​សម្បទាន​អស់​ប្រមាណ ២០០ ទៅ ៣០០​ហិកតារ ហើយ​នា​ពេល​បច្ចុប្បន្ន​ទើប​ប្រជាពលរដ្ឋ​ចាត់​វិធានការ​ចុះ​ទប់​ស្កាត់​ករណី​នេះ​ដោយ​ខ្លួន​ឯង។

លោក ពូយ ព្លុំ៖ «អត់​មាន​ដោះ​ស្រាយ​អ្វី​ទេ ខ្ញុំ​បញ្ជូន​លើក​មុន ខ្ញុំ​មក​និយាយ​ជាមួយ​គេ គេ​ថា ខ្លួន​គេ​ទៅ​ដោះស្រាយ ទៅ​ដេញ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​ទេ។ គេ​ថា ដល់​អ៊ីចឹង​ទៅ​គេ​ឈូស​ខ្ទេចខ្ទី​ជិត​ដល់​ពីរ​បី​រយ​ហិកតារ​ថែម​ទៀត»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១២ មិន​អាច​ស្វែង​រកអាស័យដ្ឋានក្រុមហ៊ុន ដាយ ឌឹង យឿង ដើម្បី​បញ្ជាក់​សេចក្ដី​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​បាន​ទេ។

យ៉ាង​នេះ​ក្តី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សមាសភាព​ក្រុម​ការងារ​ចុះ​ទៅ​តំបន់​នោះ​នា​ពេល​ឆាប់ៗ​នេះ​ហើយ។ ជា​ពិសេស​ដើម្បី​អនុវត្ត​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល កាល​ពី​ពេល​ថ្មីៗ​ទាក់ទិន​ទៅ​នឹង​ការ​អនុវត្ត​ផ្ដល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​នានា និង​ការ​កាត់​ចេញ​ផល​ប៉ះពាល់។

លោក ផាន់ ភីន៖ «ពីរ​បី​ថ្ងៃ​ទៀត​គេ​ចុះ​ហើយ អ៊ីចឹង​បាន​ថា ទ្រាំ​បន្តិច​បង! ការងារ​ហ្នឹង​យើង​ធ្វើ​ម្ដង​ឲ្យ​ចប់​តែម្ដង ព្រោះ​រដ្ឋាភិបាល​ចេញ​បញ្ជា​មក​អ៊ីចឹង​ណា! វា​មាន​កាត់​ដី​ទុក​ឲ្យ​តំណាង​សហគមន៍​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​អស់​តែម្ដង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២១០២ បាន​ប្រកាស​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ដក​ហូត ឬ​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ដី​ស្រែ និង​ចំការ​កន្លង​មក។ ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​កាត់​ចេញ​ដី​ព្រៃ​ស្រោង​ដែល​មាន​ក្នុង​បរិវេណ​ដី​សម្បទាន​នោះ​ដែរ៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល