អ្នក​ជំនាញ៖ ក្រុម​វាស់​ដី​គួរ​ទៅ​វាស់​នៅ​កន្លែង​មាន​ជម្លោះ​ដីធ្លី

អ្នក​ជំនាញ​ឯករាជ្យ​ដែល​តាម​ដាន​វិបត្តិ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មិថុនា ថា ការ​ចុះ​វាស់​ដីធ្លី​របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ១០០០​នាក់ មិន​បាន​ជូន​ព័ត៌មាន​តាម​ខ្សែ​រយៈ​ឲ្យ​បាន​ទូលំ​ទូលាយ​ជាមុន ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ត្រូវ​វាស់​វែង​ឡើយ។

0:00 / 0:00

លោក អ៊ូច ឡេង ជា​អ្នក​ជំនាញ​ឯករាជ្យ​ស្រាវ​ជ្រាវ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ការ​ចុះ​វាស់​ដី​របស់​មន្ត្រី​រដ្ឋាភិបាល និង​និស្សិត​ស្ម័គ្រចិត្ត​នេះ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​ប្រហែល​មាន​ការ​ងឿង​ឆ្ងល់​ជា​មិន​ខាន ពីព្រោះ​ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ព័ត៌មាន​ជាក់​លាក់​ជាមុន​ថា តើ​គោលដៅ​របស់​ក្រុម​នេះ មក​ធ្វើ​អ្វី? តើ​ការ​វាស់​នោះ ចំណេញ​ដល់​ពួក​គាត់ ឬ​ខាត?

លោក អ៊ូច ឡេង៖ «ការ​វាស់​នេះ វា​មិន​ដឹង​ថា វាស់​រក​ដី​ប៉ះពាល់ ឬ​ថា​វាស់​យ៉ាង​ម៉េច វា​អត់​មាន​លក្ខណៈ​ច្បាស់​លាស់។ វា​មិន​ដឹង​គោលការណ៍​ច្បាស់​លាស់​ថា តើ​វាស់​ដី​ប៉ះពាល់ ឬ​ក៏​វាស់​ដើម្បី​ដោះ​ស្រាយ​ដី​ទំនាស់​ដីធ្លី? ហើយ​ក្រុមហ៊ុន​មួយ​ចំនួន យើង​វាស់​ក្នុង​មួយ​ក្រុមហ៊ុន វាស់​៣​ដង ឬ​៤​ដង។ អ៊ីចឹង គេ​មាន​របាយការណ៍​អំពី​ការ​វាស់​វែង​ហើយ ម៉េច​មិន​មាន​ការ​ដោះ​ស្រាយ? ដូច​ជា​ក្រុមហ៊ុន ស៊ី.អាយ.វី (CIV) អី​ជា​ដើម។ មាន​ការ​វាស់​វែង​តាំង​ពី​ជាមួយ​ក្រុមហ៊ុន ជាមួយ អ៊ិន.ជី.អូ (NGO) វាស់​វែង​ពី​ក្រុម​ការងារ​ចម្រុះ​អី​ជាដើម។ ប៉ុន្តែ សរុប​មក​ការ​វាស់​វែង​នោះ បាន​ត្រឹម​តែ​វាស់​វែង អត់​បាន​ដោះ​ស្រាយ​អី​ទាំង​អស់»

លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ក្រុម​ចុះ​វាស់​ដី​ទាំង​នោះ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​វាស់​នៅ​កន្លែង​ដែល​មាន​ទំនាស់​ដី​រវាង​ក្រុមហ៊ុន​ធំៗ​ជាមួយ​ប្រជាពលរដ្ឋ​កន្លង​មក ហើយ​មាន​កន្លែង​ខ្លះ មាន​ការ​តវ៉ា​រហូត​ដល់​បិទ​ផ្លូវ​ជាតិ បណ្ដាល​ឲ្យ​ស្ទះ​ចរាចរណ៍​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ១.០០០​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​ចូល​រួម​វាស់​ដី​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ដី​ដែល​ត្រូវ​ចុះ​វាស់ មាន​ដី​ព្រៃ​សម្បទាន ដី​សម្បទាន និង​ដី​កាន់​កាប់​ដោយ​ខុស​ច្បាប់ ហើយ​បន្ទាប់​មក វាស់​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ជា​បន្ត​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ការ​វាស់​ដី​នេះ​ជា​យុទ្ធនាការ​ធ្វើ​កម្មសិទ្ធិ​ដី​ទ្រង់​ទ្រាយ​ធំ​មួយ ដែល​មាន​មនុស្ស​ជាង ១.០០០​នាក់​ចូល​រួម។ ការ​ចុះ​វាស់​ដី​នេះ ដើម្បី​ចេញ​កម្មសិទ្ធិ​បឋម​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយ​មក ប្រជាពលរដ្ឋ​អាច​យក​កម្មសិទ្ធិ​ដី​បឋម​នេះ ទៅ​ដូរ​យក​កម្មសិទ្ធិ​កាន់​កាប់​ផ្លូវ​ការ​នៅ​ពេល​ក្រោយ។

លោក ហ៊ុន សែន សង្ឃឹម​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​បាន​កម្មសិទ្ធិ​ដី​នេះ ពួក​គេ​នឹង​ដាំ​ដំណាំ​បង្ក​បង្កើន​ផល និង​សង់​លំនៅឋាន​ច្រើន​ជា​មិន​ខាន ពីព្រោះ​ប្រជាពលរដ្ឋ​មាន​សំអាង​ថា ពួក​គាត់​បាន​ក្លាយ​ជា​ម្ចាស់​ដី ដែល​ពួក​គាត់​កាន់​កាប់​រាល់​ថ្ងៃ​នេះ តាម​ផ្លូវ​ច្បាប់​ហើយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ការ​ចំណាយ​សម្រាប់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចំនួន​ជាង ១.០០០​នាក់​នេះ គឺ​លោក​ចំណាយ​លុយ​ផ្ទាល់​ខ្លួន។

ទាក់​ទង​ជាមួយ​ការ​ចុះ​ទៅ​វាស់​ដី​របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​និស្សិត​ជាង ១.០០០​នាក់​នេះ លោក ប៉េង ហុងសុជាតិខេម៉ារូ អគ្គនាយករង និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​នោះ ចុះ​ទៅ​វាស់​ដី​នៅ ១៦​ខេត្ត ក្នុង​ចំណោម​ខេត្ត រាជធានី ទាំង​២៤ នៅ​ប្រទេស​កម្ពុជា។ ខេត្ត​ទាំង​១៦​នោះ ជា​ខេត្ត​ដែល​មាន​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក ប៉េង ហុងសុជាតិខេម៉ារូ ឲ្យ​ដឹង​ថា មុខ​ងារ​សំខាន់​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ដែល​ទៅ​ចូល​រួម​វាស់​ដី​នោះ គឺ​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​ដី។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ មិថុនា ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ទី​១ មាន​ចំនួន ៧៣០​នាក់ ត្រូវ​ចេញ​ដំណើរ​ទៅ​មុន។ នៅ​សល់​ក្រុម​ទី​២ ជាង ៧០០​នាក់​ទៀត និង​ចេញ​ដំណើរ​នៅ​ចុង​សប្ដាហ៍​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ថា នៅ​ក្នុង​យុទ្ធនាការ​វាស់​ដី ចែក​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី​នេះ គឺ​មិន​ត្រូវ​បន្សល់​ឲ្យ​មាន​បញ្ហា​ទំនាស់​រឿង​ព្រំ​ដី ក្រោយ​ពេល​ក្រុម​វាស់​ដី​បាន​បញ្ចប់​ការងារ ហើយ​ដក​មក​វិញ​ឡើយ។ លោក ហ៊ុន សែន បាន​ប៉ាន់​ស្មាន​ថា ក្នុង​យុទ្ធនាការ​នេះ​មាន​ដី​ប្រមាណ ១​លាន​២​សែន​ហិកតារ ត្រូវ​បែង​ចែក​ដល់​អ្នក​កាន់​កាប់ បើ​គិត​ជា​គ្រួសារ​វិញ មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។