សេចក្ដីអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋនៅសហគមន៍ឃុំក្រសាំង បានទទួលដំណឹងថា នៅព្រឹកថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០១១នេះ មន្ត្រីជំនាញថ្នាក់ដឹកនាំមន្ទីរ ឬសាលាខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរស្រុករមាសហែក គ្រោងចុះវាស់ដី ឲ្យទៅក្រុមហ៊ុនចំនួន ២ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ។
ប្រធានសហគមន៍អភិរក្សព្រៃឈើឃុំក្រសាំង លោក ចាប សុផាត មានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហាថា មានពលរដ្ឋ ប្រមាណ ៣០០ នាក់ មកពី ១០ ភូមិ ក្នុងឃុំក្រសាំង បានជួបប្រជុំគ្នានៅចំណុចដីព្រៃសហគមន៍ឃុំក្រសាំង ស្ថិតក្នុងស្រុករមាស ហែក ដើម្បីតវ៉ាទៅនឹងគម្រោងវាស់វែងដីជូនក្រុមហ៊ុនអភិវឌ្ឍន៍។
លោកបន្តថា ដីព្រៃសហគមន៍ឃុំក្រសាំង មិនត្រឹមបានបម្រើប្រយោជន៍ដល់ពលរដ្ឋក្នុងខេត្តស្វាយរៀងទេ តែបានផ្ដល់ផលសម្រាប់ពលរដ្ឋមកពីខេត្តព្រៃវែង និងខេត្តកំពង់ចាម ប្រកបរបរបោចវល្លិ រកអុស និងកាប់កូនឈើតូចៗ យកទៅធ្វើផ្ទះជាដើម។
តំណាងសហគមន៍រូបនេះ បានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ និងកាត់ដីព្រៃសហគមន៍ ចំនួន ៥០០ ហិកតារ នៅឃុំក្រសាំង ទុកជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីអភិរក្សទុកសម្រាប់អនាគតកូនចៅពួកគេទៅថ្ងៃអនាគត។
លោក ចាប សុផាត បន្ថែម ៖ «សុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនមិត្តភាព និងក្រុមហ៊ុន វណ្ណៈ លីនដា ចំនួនផ្ទៃដីចំនួន ១៣៨០ ហិកតារនេះ គឺឲ្យកាត់ចេញ ៥០០ ហិតា ដើម្បីទុកឲ្យប្រជាពលរដ្ឋក្នុងស្រុករមាសហែកប្រើប្រាស់ឲ្យមានលក្ខណៈទៅតាមប្រពៃណីផង»។
ទាក់ទងបញ្ហានេះ លោក ប៉ូល សាង មេឃុំក្រសាំង បានគាំទ្រចំពោះផែនការអភិរក្សដីព្រៃសហគមន៍នេះ។ លោកយល់ថា ដីព្រៃសហគមន៍មួយនេះ បានផ្ដល់ប្រយោជន៍ច្រើន ដល់ពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
លោក ប៊ូល សាង ៖ «ប្រជាពលរដ្ឋត្រូវការព្រៃឈើក្នុងសហគមន៍ហ្នឹងតាំងពីអុសដុត តាំងពីជម្រកមូលដ្ឋានសម្រាប់អ្នកក្រីក្រ តាំងពីជម្រកសត្វពាហនៈ គឺច្រើនណាស់។ បើនិយាយពីផលប្រយោជន៍ តាំងពីខ្សែចងកណ្ដាប់សម្រាប់យកទៅស្ទូង ដែលជាតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន»។
បន្ថែមលើនេះ លោក ប៉ូល សាង មេឃុំក្រសាំង មានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួររក្សាទុកដីព្រៃសហគមន៍ ចំនួន ៥០០ ហិកតា ទៅតាមការទាមទាររបស់ពលរដ្ឋក្នុងសហគមន៍ ដើម្បីថែរក្សាទុកសម្រាប់អនាគតកូនចៅជំនាន់ក្រោយទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុនចំនួន ២ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីសួរព័ត៌មានជុំវិញផែនការអភិវឌ្ឍន៍ដំណាំកៅស៊ូ នៅក្នុងមូលដ្ឋានឃុំក្រសាំងនោះបានទេ នៅថ្ងៃពុធ ទី២៤ ខែសីហា។
ប៉ុន្តែ លោក ហែន សុគន្ធ អភិបាលស្រុករមាសហែក បានចាត់ទុកការប្រមូលផ្ដុំគ្នាតវ៉ា និងបង្កើតសហគមន៍អភិរក្សព្រៃនៅមូលដ្ឋានឃុំក្រសាំងនោះ ថាធ្វើឡើងដោយមិនមានច្បាប់ទម្លាប់ទេ។
លោកព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកញុះញង់បំផុសឲ្យពលរដ្ឋជួបប្រជុំតវ៉ា ប្រឆាំងផែនការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល។
លោក ហែន សុគន្ធ ឲ្យដឹងដូច្នេះ ៖ «រឿងដីរាប់រយរាប់ពាន់ហិតាមិនមែនចេះតែធ្វើលាក់លៀម មកតាមរយៈបុគ្គលស្ងាត់ៗ បានទេ លុះត្រាតែរាជរដ្ឋាភិបាល»។
យ៉ាងណាក៏ដោយ លោក ប្រាក់ សារ៉ាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តស្វាយរៀង មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរវិនិយោគដីព្រៃក្នុងសហគមន៍ទៅឲ្យក្រុមហ៊ុននោះទេ ព្រោះនឹងមានផលប៉ះពាល់ដល់ពលរដ្ឋចំនួន ១០ ភូមិ នៅមូលដ្ឋាននេះ។
តំណាងសហគមន៍ពលរដ្ឋ បានឲ្យដឹងថា ដីព្រៃសហគមន៍ឃុំក្រសាំងចំនួន ៥០០ ហិកតា មានពលរដ្ឋមកពី ១០ ភូមិធ្លាប់បានដាក់សំណើជូនអាជ្ញាធរមូលដ្ឋានពីថ្នាក់ឃុំ ឬស្រុករហូតដល់ខេត្ត ចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះ ដោយស្នើសុំទុកដីសហគមន៍ព្រៃនៅមូលដ្ឋាននេះ សម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ព្រោះខេត្តស្វាយរៀង ក៏កាន់តែខ្សត់ព្រៃ។
រហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់បានឆ្លើយតបទៅតាមសំណើរបស់ពលរដ្ឋនៅឡើយទេ។ អាជ្ញាធរ បានចោទពលរដ្ឋថា ជួបជុំបង្កើតសហគមន៍អភិរក្សព្រៃរបស់អ្នកភូមិ គ្មានច្បាប់ទម្លាប់ និងគំរាមចាប់ពលរដ្ឋដាក់គុក៕