ប្រជាកសិករចំនួន ២៥គ្រួសារនៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ដីស្រែឡើងទឹករបស់ពួកគេ ចំនួនជាង ៤១ហិកតារ ដែលស្ថិតក្នុងដែនការពារព្រៃលិចទឹក ហើយត្រូវសហគមន៍នេសាទ និងមន្ត្រីជលផលហាមឃាត់មិនឲ្យធ្វើស្រែឆ្នាំនេះ នៅស្របពេលដែលរដ្ឋាភិបាលខ្មែរបានចេញបញ្ជាឲ្យការពារព្រៃលិចទឹកនៅតំបន់ទី២ និង ៣ ជុំវិញបឹងទន្លេសាបឡើងវិញកាលពីពេលថ្មីៗ។
ក្រុមកសិករខ្លះបានប្រមូលផ្ដុំគ្នានៅក្នុងភូមិរបស់គេ កាលពីព្រឹកថ្ងៃពុធ ទី២១ ខែកក្កដាកន្លងមក ដោយនិយាយថា គេមានដីស្រែតែនៅតំបន់នោះមួយគត់សម្រាប់ដាំស្រូវឡើងទឹកចិញ្ចឹមជីវិតជារៀងរាល់ឆ្នាំ។ ពួកគេនិយាយទៀតថា បើពួកគេមិនបានចូលធ្វើស្រែឆ្នាំនេះទេ គេនឹងជួបបញ្ហាខ្វះជីវភាពខ្លាំងនៅឆ្នាំក្រោយៗ ៖ «...ឆ្នាំនេះអត់បានធ្វើទេ ព្រោះគេហាមឃាត់ដាច់ប៉ិត មិនឲ្យធ្វើ! ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលអត់ស្រែធ្វើនេះឯង។ ...ខ្ញុំ ២ហិកតារគេហាមឃាត់អត់ឲ្យប្រជាជនធ្វើតែម្ដង។ ក្រុមសហគមន៍គេ រោងមួយគេដេកយាមចាំ! បើហ៊ានធ្វើ គេប្ដឹងឡើងតុលាការ។ ...មិនមានអីធ្វើ ក៏ខ្ញុំមិនមានអីចិញ្ចឹមកូន កូនក៏មិនមានអីចិញ្ចឹមខ្ញុំ! ធ្វើអានោះឯង ក៏បានហូបទៅ ធ្វើបុណ្យផងទៅ!»។
ក្រុមប្រជាពលរដ្ឋបានទទួលស្គាល់ថា តំបន់ដីស្រែរបស់ពួកគេនោះ កាលពីមុនពិតជាតំបន់ព្រៃលិចទឹក ហើយពួកគេបាននាំគ្នាចូលទៅកាប់រានធ្វើស្រែឡើងទឹក កាលពីអំឡុងឆ្នាំ២០០២ខ្លះ និងស្រែធ្លាប់មានពីមុនមកខ្លះ ដោយគ្មានអាជ្ញាធរណាហាមឃាត់ទេ។
កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក ក្រុមប្រជាកសិករចំនួន ២៥គ្រួសារបាននាំគ្នាផ្ដិតមេដៃលើលិខិតមួយ ដាក់ជូនលោកនាយករដ្ឋមន្ត្រី តាមរយៈអាជ្ញាធរឃុំសំបួរ អាជ្ញាធរស្រុកក្រឡាញ់ និងអ្នកតំណាងរាស្ត្រ ដើម្បីស្នើសុំអន្តរាគមន៍ឲ្យពួកគេបានចូលធ្វើស្រែរបស់ពួកគេវិញ។
លោក អ៊ាន ឃុន អភិបាលស្រុកក្រឡាញ់ មិនបានអធិប្បាយយ៉ាងណាជុំវិញបញ្ហានេះទេ។ ក៏ប៉ុន្តែចំណាររបស់លោក ចុះថ្ងៃទី២១ ខែមិថុនា ភ្ជាប់នៅខាងក្រោយខ្នងលិខិតស្នើសុំរបស់ក្រុមកសិករទាំងនោះ បានបំភ្លឺថា ដីស្រែដែលកសិករស្នើសុំទាំងនោះ គឺជាដីព្រៃលិចទឹកដែលស្ថិតក្នុងតំបន់៣ ត្រូវការពារ ដែលកំណត់ដោយអាជ្ញាធរបឹងទន្លេសាប។
លោក ទឹម សាវុធ នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប នៃអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានមានប្រសាសន៍ថា តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១០ ស្នើឲ្យទប់ស្កាត់ការធ្វើស្រែប្រាំងនៅតំបន់ទី២ និងទី៣ ជុំវិញបឹងទន្លេសាប សម្រាប់ឆ្នាំ២០១០ និង ២០១១ ដើម្បីទុកលទ្ធភាពឲ្យអាជ្ញាធរបឹងទន្លេសាប កំពុងរៀបចំគណៈកម្មការចម្រុះសហការជាមួយអាជ្ញាធរខេត្ត ដើម្បីចុះអង្កេតជាក់ស្ដែងមុននឹងធ្វើការកំណត់តំបន់ទី៣ នៃបឹងទន្លេសាប និងការរំលាយចោលអាងទឹកមួយចំនួន។
លោក ទឹម សាវុធ បានបញ្ជាក់ថា ៖ «ឥឡូវយើងធ្វើការទប់ស្កាត់បណ្ដើរៗអ៊ីចឹង ដល់ពេលមានប្រតិកម្មអី ឲ្យប្រជាពលរដ្ឋធ្វើលិខិតមកស្រុក មកខេត្ត មកណា ប្រសិនបើវាប៉ះពាល់ ព្រោះនេះវាជាបទបញ្ជា!»។
ទោះជាយ៉ាងណា លោក សួស ណារិន អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកគាំទ្ររដ្ឋាភិបាលដែលប្រឹងប្រែងការពារព្រៃលិចទឹក ប៉ុន្តែគួររដ្ឋាភិបាលធ្វើយ៉ាងណាឲ្យការពារបានទាំងត្រីទន្លេសាប និងឲ្យប្រជាពលរដ្ឋមានបាយហូបផង។
លោក សួស ណារិន បានបញ្ជាក់ថា ៖ «រដ្ឋាភិបាលគួរតែថ្លឹងថ្លែងដែរ មិនត្រូវគិតតែរឿងត្រីពេក ហើយឲ្យប្រជាពលរដ្ឋអត់ស្រូវអង្ករហូប ក៏អត់បានដែរ! ព្រោះមនុស្សរស់វាត្រូវការពឹងទាំងស្រូវ ពឹងទាំងត្រី! អ៊ីចឹងបើទុកព្រៃលិចទឹក ហើយឲ្យប្រជាពលរដ្ឋអត់បាយហូប វាក៏ជាបញ្ហាមួយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋដែរ»។
មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា នៅខេត្តសៀមរាបមានផ្ទៃទឹកបឹងទន្លេសាបទំហំជាង ២.២១០គីឡូម៉ែត្រការ៉េ ដែលមានតំបន់ត្រូវការពារជាប់បឹងទន្លេសាបប្រវែងជាង ៨២គីឡូម៉ែត្រ៕
