អ្នក​ភូមិ​នៅ​ឃុំ​ប៊ូស្រា​ធ្វើ​ពិធី​បួងសួង​ឲ្យ​អារក្ស​អ្នកតា​ព្រៃ​ភ្នំ​ជួយ​ក្នុង​រឿង​ដី​ធ្លី

អ្នក​ភូមិ​ជនជាតិ​ដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចំនួន ៥៨​នាក់ នៅ​ព្រឹក​ថ្ងៃ​២០ កក្កដា​នេះ បាន​នាំ​គ្នា​ធ្វើ​ពិធី​បួងសួង​មួយ​តាម​ជំនឿ​សុំ​ឲ្យ​អារក្ស​អ្នកតា​ព្រៃ​ភ្នំ ជួយ​អ្នក​ភូមិ​ក្នុង​ការ​ទាមទារ​ដី​ធ្លី​ចំនួន ៣៥០​ហិកតារ​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​កំពុង​គ្រប់គ្រង មក​ឲ្យ​អ្នក​ភូមិ​វិញ​ដើម្បី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​តំបន់​ស្រែ​ចម្ការ​ពិត​របស់​អ្នក​ភូមិ​នៅ​ចំណុច​អូរ​លែងពូលឺវ អូរ​រកាវ ផ្លូវ​ដុត​សំរាម ក្នុង​ភូមិសាស្ត្រ​ឃុំ​ប៊ូស្រា ដោយ​មាន​ការ​កាប់​ជ្រូក សែន​ស្រា​ពាង ឧទ្ទិស​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ព្រៃ​ភ្នំ ឲ្យ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ភូមិ និង​ផ្ដន្ទា​ជន​ទាំងឡាយ​ណា​ដែល​រំលោភ​បំពាន​សិទ្ធិ​រស់រាន​មាន​ជីវិត​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច។

តំណាង​អ្នក​ភូមិ​ឈ្មោះ កប់ នេត្រ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​បញ្ឈប់​ការ​តវ៉ា​ដោយ​ហិង្សា ហើយ​ធ្វើ​ការ​ទាមទារ​តាមរយៈ​ការ​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ តែ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​ទទួល​បាន​លទ្ធផល​ដល់​ពួក​គាត់ ក្នុង​ការ​ទាមទារ​ដី​មក​វិញ​បាន​នោះ​ទេ ដូច្នេះ​ជម្រើស​របស់​អ្នក​ភូមិ គឺ​ពឹង​ផ្អែក​លើ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​វិញ។

តំណាង​អ្នក​ភូមិ​ដដែល​បាន​បញ្ជាក់​ថា ៖ «គេ​ជឿ គេ​ធ្វើ​ណាស់ ដែល​គេ​ជឿជាក់ ១រយ ១ពាន់ណា៎!អ៊ីចឹង​បើ​សិន​ជា មិន​ថា​រាជ​រដ្ឋាភិបាល​ក៏​ដោយ មិន​ថា​ចំពោះ​ក្រុមហ៊ុន​ក៏​ដោយ បើ​គាត់​អត់​មាន​យល់ និង​អាណិត​មេត្តា​ដល់​ប្រជា​ពលរដ្ឋ​ហ្នឹង គាត់​យក​ទោស​យក​ពៃរ៍ អា​ហ្នឹង​ក៏​ស្រេច​លើ​គាត់​យល់​ចុះ!»

មេ​ឃុំ​ប៊ូស្រា លោក កេង ញ៉ក់ មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​មន្ត្រី​ភូមិ​ឲ្យ​ទៅ​សង្កេត​ការណ៍​មើល​ពិធី​ជា​ជំនឿ​របស់​អ្នក​ភូមិ​ដែល​មិន​មាន​អ្វី​ត្រូវ​រារាំង ឬ​ហាមឃាត់​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​ភូមិ​ចោទ​ថា ក្រុម​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ គឺ​ជា​ការ​មិន​ពិត។

លោក កេង ញ៉ក់ បាន​អះអាង​ថា ៖ «ថា​មួយ​ចំនួន​តូច​មិន​ចូលរួម ហើយ​មិន​សុខ​ចិត្ត​អ៊ីចឹង​ណា៎! ក្រុមហ៊ុន​គេ​ដោះស្រាយ​គោល​នយោបាយ សួរ​គាត់​ផ្ទាល់​ៗ​អ៊ីចឹង​ណា៎!»

អ្នក​ភូមិ​ប៊ូស្រា កាល​ពី​ដើម​ឆ្នាំ​២០០៩ បាន​ប្រើ​អំពើ​ហិង្សា​លើក​គ្នា​ទៅ​បណ្ដេញ​ក្រុមហ៊ុន​សម្បទាន ដែល​បាន​ចូល​មក​ឈូស​ឆាយ​ប៉ះពាល់​ទៅ​ដី​ធ្លី​ស្រែ​ចម្ការ តំបន់​ព្រៃ​គោរព​បូជា តំបន់​កប់​សព ដី​ចម្ការ​វិល​ជុំ និង​តំបន់​ព្រៃ​ឈើ​ដែល​អ្នក​ភូមិ​អភិរក្ស។ បន្ទាប់​ពី​ហេតុការណ៍​នោះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន និង​សង្គម​ស៊ីវិល បាន​ចូលរួម​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី ដើម្បី​បញ្ចប់​បញ្ហា ក៏​ប៉ុន្តែ​រហូត​បច្ចុប្បន្ន​នេះ​ទំនាស់​នៅតែ​បន្ត​កើត​មាន។

អ្នក​សម្រប​សម្រួល​កម្មវិធី​ដី​ធ្លី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ម៉ម វុទ្ធី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ជនជាតិ​ដើម​មាន​ប្រពៃណី​រស់​អាស្រ័យ​ដី​ធ្លី និង​ធនធាន​ធម្មជាតិ។ ដំណោះស្រាយ​ឲ្យ​អ្នក​ភូមិ​លក់​ដី​យក​ប្រាក់ មិន​អាច​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ល្អ​ប្រសើរ ដើម្បី​បញ្ចប់​ទំនាស់​ខាង​លើ​បាន​ទេ។

លោក ម៉ម វុទ្ធី បាន​ឲ្យ​ដឹង​ថា ៖ «មាន​តែ​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​លក់​ដី​ឲ្យ​ក្រុមហ៊ុន និង​ដោះស្រាយ​ឲ្យ​លុយ​គោល​នយោបាយ តែ​រក្សា​ទុក​ដី​ឲ្យ​គាត់​ប្រកប​របរ​ចិញ្ចឹម​ជីវិត តាម​បែប​ប្រពៃណី​របស់​គាត់​ហ្នឹង វា​អត់​ទាន់​មាន! អ៊ីចឹង​គាត់​ចេះ​តែ​តាម​ទាមទារ!»

តំណាង​អ្នក​ភូមិ​ប៊ូស្រា​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ នៅ​ក្នុង​វេទិកា​ជំនួប​រវាង​ក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី ជាមួយ​អ្នក​ភូមិ​ជាង ៣០០​នាក់ នៅ​ឯ​កសិដ្ឋាន​ក្រុមហ៊ុន ភាគី​ក្រុមហ៊ុន​ស្នើ​អនុវត្ត​ជំហាន​ទី​២ គឺ​បន្ត​ការ​ឈូស​ឆាយ​ដី ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់​ព្រម ហើយ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ចប់​បញ្ហា​ប្រគល់​ដី ៣៥០​ហិកតារ​មក​អ្នក​ភូមិ​រួច​រាល់​សិន៕