សង្គម​ស៊ីវិល៖ ការកំណត់​ពន្ធ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ជា​ការ​កេង​ចំណេញ​នយោបាយ

ក្រុម​​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​​ហៅ​​​ការ​អនុម័ត​លើ​ការ​កែទម្រង់​នយោបាយ​របស់​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា​យក​ពន្ធ​លើ​​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជា​ដើម​នោះ ​ថា​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ និង​ទាក់ទាញ​ប្រិយភាព​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ចូល​មក​ដល់។

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​​ស៊ីវិល​ចាត់​ទុក​ការ​ធ្វើ​កំណែទម្រង់​លើ​ការ​ប្រមូល​ពន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​​​ពី​ក្រុមហ៊ុន​ដែល​ទទួល​​បាន​សិទ្ធិ​វិនិយោគ​របស់​រដ្ឋាភិបាល ថា​គឺ​ជា​មធ្យោបាយ​ក្នុង​ការ​កៀរគរ​ស្វែង​រក​សំឡេង​គាំទ្រ​នៅ​មុន​ការ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មក​ដល់ ជា​ជាង​ឆន្ទៈ​នយោបាយ​ក្នុង​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​ដីធ្លី​ដែល​មាន​ភាព​ចម្រូងចម្រាស​ដ៏​រ៉ាំរ៉ៃ​នេះ។

ការ​រក​ឃើញ​របស់​​អង្គការ​សង្គម​ស៊ីវិល​បង្ហាញ​ថា យន្តការ​ដែល​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ដំណើរ​ការ​ដោយ​មិន​កំណត់​ពេល​លើ​ការ​ប្រមូល​ពន្ធ​​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​បង់​ថ្លៃ​ជួល​ដី​ចំនួន ៥​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ហិកតារ បន្ទាប់​ពី​មាន​ការ​វិនិយោគ​បាន ៦​ឆ្នាំ។

លោក សួន ប៊ុនសាក ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​កំពុង​តាក់តែង​គោល​នយោបាយ​លើ​ប្រព័ន្ធ​ដី​ធ្លី​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាមទារ​ប្រជាប្រិយភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជា​ជាង​ឆន្ទៈ​នយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​ដីធ្លី​មួយ​ដ៏​ជាក់លាក់ និង​ត្រឹម​ត្រូវ ដែល​មាន​ជម្លោះ​ជាង ៣​ទសវត្សរ៍​មក​ហើយ​នេះ។

លោក សួន ប៊ុនសាក៖ «ជា​ហេតុផល​នយោបាយ​ដែរ​តាម​រយៈ​ការ​បង្ហាញ​ទៅ​ដល់​សាធារណជន​កម្ពុជា ដើម្បី​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​​មិន​បាន​នៅ​ទំនេរ​អំពី​រឿង​បញ្ហា​ដីធ្លី​ទេ ណា​មួយ​ជិត​ដល់​ពេល​រដូវ​បោះ​ឆ្នោត​ផង រដ្ឋាភិបាល​គាត់​បង់​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ​របស់​គាត់​ក្នុង​ការ​កែទម្រង់​នេះ។ សរុប​ទៅ​គឺ​​​វា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​ដែរ​មែន​ទែន​ទៅ»

លោក បេង ហុងសុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា ការ​យក​ពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​ជា​ទូទៅ។ លោក​បន្ត​ថា ដំណាក់កាល​ដំបូង ដី​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​នៅ​មិន​ទាន់​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​អ្នក​វិនិយោគ​ទេ ប៉ុន្តែ​នៅ​ពេល​ដំណាក់​កាល​ណា​មួយ​ដី​វិនិយោគ​ទាំង​នោះ​នឹង​ផ្ដល់​ផល​ចំណេញ​ឲ្យ​អ្នក​វិនិយោគ​វិញ ហើយ​អ្នក​វិនិយោគ​ត្រូវ​បែង​ចែក​ផល​ចំណេញ​ខ្លះ​មក​ឲ្យ​រដ្ឋ​តាម​រយៈ​ការ​បង់​ពន្ធដារ​លើ​ដី​វិនិយោគ​នេះ។

លោក​បន្ត​ថា៖ «ថវិកា​ជាតិ​នឹង​កើន​ឡើង ពីព្រោះ​ថា រយៈពេល​មួយ​គេ​ឲ្យ​ថា taxes break តែ​នៅ​ពេល​ដែល​ចប់​ពេល​វេលា​ហ្នឹង​ទៅ សម្បទាន​ហ្នឹង​មាន​កាតព្វកិច្ច​បង់​ពន្ធ​ភាគរយ​ហើយ​ពន្ធ​នឹង​កើន​ឡើង។ ហេតុ​អី​ក៏​កើន​ឡើង? ព្រោះ​ផលិតផល​របស់​ដី​ដើម្បី​រក​ចំណេញ​មក​ជូន​អ្នក​វិនិយោគ ក៏​មាន​កើន​ឡើង​ទៅ​តាម​ពេល​វេលា​ដែរ ក្រោយ​ពេល​ដែល​ដី​នោះ​ធ្វើ​ផលិតកម្ម​ពេញ​កម្លាំង»

នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច ត្រូវ​បង់​ថ្លៃ​ឈ្នួល​ដី​ចំនួន ៥​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ ចាប់​ពី​ឆ្នាំ​ទី​៦ នៃ​ការ​វិនិយោគ​ដោយ​មិន​រើសអើង បែង​ចែក​ប្រភេទ​ដី​ដែល​ត្រូវ​ធ្វើ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម ឬ​ដី​ប្រភេទ​ផ្សេង​ឡើយ។

លោក យី សុខសាន្ត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (Adhoc)។ លោក​ហាក់​​ពុំ​មាន​ជំនឿ​​ថា ប្រសិទ្ធភាព​នៃ​យន្តការ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដំណើរ​ការ​នេះ​អាច​ឆ្លើយ​​តប​ទៅ​តាម​តម្រូវ​ការ​ចាំបាច់​ពិត​ប្រាកដ និង​ជោគជ័យ​តាម​ផែនការ​នោះ​ទេ ពីព្រោះ​ការ​ប្រឈម​បណ្ដាល​ពី​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​តែង​មិន​ទទួល​បាន​ដំណោះស្រាយ​ម្ដង​ណា​នោះ​ឡើយ​សម្រាប់​ជន​រងគ្រោះ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី។

លោក យី សុខសាន៖ «ប៉ុន្តែ​ធ្វើ​បាន​កម្រិត​ណា​នេះ គឺ​យើង​មិន​ទាន់​ពិនិត្យ​ឃើញ​ច្បាស់​ថា តើ​លោក​ត្រូវ​បាន​ជោគជ័យ ឬ​មួយ​ក៏​សូម្បី​តែ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ហ្នឹង ភាគ​ច្រើន​គឺ​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជន​ប្រជាជន​ទេ ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ដីធ្លី​ហ្នឹង​ជា​ច្រើន​មក​លើ​ប្រជាពលរដ្ឋ»

យ៉ាង​ណា​ក៏​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ថ្លៃ​ឈ្នួល​ដី​ចំនួន ៥​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ហិកតារ​នេះ នឹង​ត្រូវ​កើន​ឡើង ១​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ។ បើ​ទោះ​ជា​បែប​ណា​ ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​គណៈរដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ប្រមូល​ពន្ធ ថា​អាច​ចាប់​ផ្ដើម​ឡើង​នៅ​​ពេល​ណា​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​គិត​ថា អ្វី​ដែល​ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន ប្រើប្រាស់​ចំណាត់​ការ​លើ​ប្រព័ន្ធ​គ្រប់គ្រង និង​កែ​ទម្រង់​ដីធ្លី​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ដូច​ជា​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ ការ​កំណត់​ព្រំប្រទល់​ដី និង​ការ​ទារ​ថ្លៃ​ពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច។ មធ្យោបាយ​នេះ បំណង​តែ​មួយ​ប៉ុណ្ណោះ​គឺ​ស្តា​ភាព​បរាជ័យ​ឡើង​វិញ​លើ​គោលនយោបាយ​​គ្រប់​គ្រង​ដី​ធ្លី​ដែល​រង​ការ​រិះគន់​ថា មាន​ភាព​សកម្ម និង​ដើម្បី​ទាញ​យក​សំឡេង​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចំអក​ឡកឡឺយ​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​​ដែល​តែង​រិះគន់​លើ​នយោបាយ​នេះ​ថា ប្រសិន​បើ​ការ​ធ្វើ​នយោបាយ​មិន​ដើម្បី​ជោគ​ជ័យ​ទេ នោះ​មាន​ន័យ​នៅ​ស្ងៀម​ជា​ជាង​ធ្វើ។

បើ​ទោះ​ជា​បែប​ណា​សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​នេះ​មាន​ប្រសិទ្ធភាព​ នោះ​ចំណូល​ដែល​បាន​មក​ពី​វិស័យ​មួយ​នេះ អាច​នឹង​បង្កើន​ពន្ធ​ចូល​រដ្ឋ​បាន​ច្រើន​បន្ថែម​ទៀត។

អ្នកវិភាគ​សេដ្ឋកិច្ច​លោក ហេង ឌីណា ហៅ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នេះ​ថា គឺ​ការវិវត្តន៍​ថ្មី​មួយ​ទៀត​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក​គិត​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដី​សម្បទា​សេដ្ឋកិច្ច​នេះ នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ការ​វិនិយោគ​ណា​មួយ​សម្រាប់​កម្ពុជា នោះ​ទេ។

លោក​ចាត់​ទុក​ថា កម្រិត​ពន្ធ​ដែល​ត្រូវ​បង់​ចូល​រដ្ឋ​នេះ​ថ្មី​ត្បិត​ជា​ផ្នែក​មួយ​ដែល​មាន​ចំនួន​តិចតួច តែ​អាច​រក្សា​បាន​នូវ​ស្ថិរ​ភាព​នយោបាយ និង​បង្កើន​ទំនុក​ចិត្ត​បន្ថែម​ទៀត​សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា៖ «បើ​សិន​ជា​យើង​មើល​តម្លៃ​ក្នុង​ទីផ្សារ ៥​ដុល្លារ​ក្នុង​មួយ​ហិកតារ​ហ្នឹង​គឺ​មាន​កម្រិត​ទាប ហើយ​អ្នក​ដែល​ចង់​បាន​ដី​ដើម្បី​វិនិយោគ​នៅ​មាន​ច្រើន ហើយ ៥​ដុល្លារ​ក្នុង​មួយ​ហិកតារ​ក្នុង​រយៈពេល ៦​ឆ្នាំ​ដោយ​ការ​វិនិយោគ​​ហ្នឹង គឺ​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​ចំពោះ​ការ​វិនិយោគ អ៊ីចឹង​​អាច​ជា​ចំណុច​វិជ្ជមាន។ ក្នុង​ន័យ​ហ្នឹង​ធ្វើ​គាត់​​គាត់​អើ​​បាន ពីព្រោះ​ដី​ហ្នឹង​ត្រូវ​ខិតខំ​បង្កបង្កើន​ផល​ដើម្បី​បាន​ចំណូល​​ក្នុង​ការ​បង់​ពន្ធ​ចូល​រដ្ឋ បើ​គាត់​អត់​មាន​ការ​ផលិត​គាត់​ត្រូវ​ខាត​ច្រើន​បើ​សិន​បើ​អើ​មាន​ការ​យក​ពន្ធ​អ៊ីចឹង»

ស្ថិតិ​ក្រុម​ហ៊ុន​វិនិយោគ​ដីសម្បទាន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ បង្ហាញ​ថា មាន​ក្រុមហ៊ុន​ចំនួន ១១៧ ក្រុមហ៊ុន ដែល​វិនិយោគ​លើ​ផ្ទៃ​ដី​ចំនួន​ជាង ១​លាន​ហិកតារ (១.១៨១.៥២២​ហិកតារ)។ ក៏​ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​​ដែល​រដ្ឋាភិបាល​ផ្ដល់​ការ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន​ទំហំ​ច្រើន​ជាង​នេះ។ តួលេខ​នេះ​មាន​ចំនួន​ជាង ២​លាន​ហិកតារ ជិត​ពាក់​កណ្ដាល​នៃ​ផ្ទៃដី​ដែល​អាច​ដាំ​ដុះ​បាន​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​បន្ត​ថា មនុស្ស​ជាង ៤០​ម៉ឺន​នាក់​ក្នុង​ចំណោម ១២​ខេត្ត ក្រុង បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​វិនិយោគ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។