ពលរដ្ឋ​មាន​ទំនាស់​ដី​ចំនួន​១៥​ខេត្ត​ក្រុង​​រក​កិច្ច​អន្តរាគមន៍

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​ក្រុង​ចំនួន ១៥ នៅ​កម្ពុជា ដែល​ខ្លះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ និង​ចាប់​ខ្លួន បាន​នាំ​គ្នា​មក​ដាក់​ញាតិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ឲ្យ​ជួយ​អន្តរាគមន៍។

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​មក​ពី​ខេត្ត​ក្រុង​ចំនួន ១៥ ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​អស់​សង្ឃឹម​ចំពោះ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ថា អសមត្ថភាព​មិន​អាច​ដោះស្រាយ​ឲ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌ ហើយ​ពលរដ្ឋ​បែរ​ជា​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ និង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​វិញ។

លោក សឿ យ៉ារ៉ាត ជនជាតិ​ដើម​ភាគ​តិច​ទំពួន រស់នៅ​ភូមិ​សាយ៉ស់លើ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី បាន​ថ្លែង​ថា ទំនាស់​ដីធ្លី​របស់​អ្នក​ភូមិ ២៣​គ្រួសារ លើ​ផ្ទៃ​ដី​ចំនួន ២៣០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន ឌី.អឹម គ្រុប មក​ឈូស​ឆាយ​យក​តាំង​ពី​ឆ្នាំ​២០០៦។ ហើយ​នៅ​ឆ្នាំ​២០០៩ រូប​គាត់​ផ្ទាល់​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​យាម​ដី​ឲ្យ​ក្រុមហ៊ុន​បាញ់​ឲ្យ​បាក់​ជើង នៅ​ពេល​ចូល​ទៅ​ធ្វើ​ចម្ការ​លើ​ដី​ទំនាស់ ប៉ុន្តែ​ពុំ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​មន្ត្រី​ស្ថាប័ន​ណា​មួយ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «មើល​តែ​ជើង​ខ្ញុំ​ទៅ អត់​មាន​ភូត​ទេ ជាក់ស្ដែង​គឺ​ក្រុមហ៊ុន ឌី.អឹម គ្រុប បាញ់​ខ្ញុំ រហូត​គេ​ថា អង្គការ​អាដហុក សិទ្ធិ​មនុស្ស​ហ្នឹង​ជា​អ្នក​ស្ល ខាង​ពួក​អាស៊ីសេរី​ជា​មាន់​អាំង។ អាជ្ញាធរ​ដែនដី តុលាការ ក្រសួង គ្រប់ស្ថាប័ន អភិបាល​ស្រុក មេ​ឃុំ មេ​ភូមិ ខ្ញុំ​ថា អត់​សង្ឃឹម​ទេ ខ្ញុំ​លើក​ដៃ​សំពះ ពីព្រោះ​ពុករលួយ​ខ្លាំង​ណាស់ តុលាការ​ថា ខ្ញុំ​អត់​ដឹង​ទេ​រឿង​ក្រុមហ៊ុន»

ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង គឺ​អ្នកស្រី ហែម សុខន បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​ចំនួន ៥​រូប ដែល​ក្នុង​នោះ​មាន​អ្នកស្រី​ម្នាក់​ដែរ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ តែ​ឥឡូវ​ពួកគាត់​កំពុង​គេច​ខ្លួន ៖ «មិន​ដោះស្រាយ​ទេ អ្នក​មាន​លុយ​មាន​អំណាច បើ​គេ​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ គឺ​គេ​ទទួល​លឿន​ណាស់ ស្រាប់​តែ​គេ​កសាង​សំណុំ​រឿង​ថា យើង​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន»

ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​ការ​ចោទ​ប្រកាន់​ការ​ចាប់​ខ្លួន​អ្នក​ក្រីក្រ​ក្នុង​រឿង​ទំនាស់​ដីធ្លី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ មិថុនា នៅ​ទី​ស្នាក់​ការ​សមាគម​អាដហុក រាជធានី​ភ្នំពេញ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក បេងហុង សុជាតិខេមរ៉ូ បាន​ថ្លែង​ថា សព្វ​ថ្ងៃ​នេះ​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន ក៏​ប៉ុន្តែ​ដោយសារ​បញ្ហា​ថវិកា និង​ខ្វះ​ធនធាន​មនុស្ស​ទើប​បង្ក​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី។

លោក បេងហុង សុជាតិខេមរ៉ូ បន្ត​ដូច្នេះ ៖ «រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ហ្នឹង គឺ​យើង​បាន​បង្កើត​ក្រុម​ចល័ត​ដើម្បី​ជំរុញ​ការងារ​ហ្នឹង។ ក្រុម​ចល័ត​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ទៅ​ជួយ​កន្លែង​ដែល​មាន​បញ្ហា​ហ្នឹង​ឯង។ ប្រជាពលរដ្ឋ​គាត់​អាច​ទាក់ទង​តាម​ការិយាល័យ​សុរិយោ​ដី​ហ្នឹង ពី​គណៈកម្មការ​រដ្ឋបាល​មូលដ្ឋាន»

របាយ​ការណ៍​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១១ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ចំនួន ១២៤​នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ និង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ហើយ​ក្នុង​នោះ​មាន ៣៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១៨​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង ៨៨​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​តុលាការ​ក្នុង​រឿង​ទំនាស់​ដីធ្លី។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​ក្រីក្រ និង​ស្លូតត្រង់​ពី​បទ​ព្រហ្មទណ្ឌ​របស់​តុលាការ ​តាម​ការ​ស៊ើបអង្កេត​របស់​លោក​បាន​រក​ឃើញ​ថា ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ដោយសារ​តែ​ពលរដ្ឋ​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​ខ្លួន​តាម​ច្បាប់ ៖ «គឺ​ខ្ញុំ​ចង់​ទទូច​ទៅ​រដ្ឋាភិបាល ក៏​ដូច​ជា NGOក្នុង​ស្រុក​ដែរ ពួកគាត់​មាន​ដីកា​មាន​អី​គាត់​ត្រូវ​ការ​អង្គការ​ជាតិ និង​អន្តរជាតិ គួរ​តែ​ចាប់​អារម្មណ៍​នោះ យើង​នឹង​សហការ​គ្នា​ដើម្បី​ធ្វើការ»

តំណាង​អ្នក​ភូមិ​ជិត ៦០​នាក់ មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​មក​ពី​ខេត្ត​ចំនួន ១៥ ដូចជា​ខេត្ត​កណ្ដាល ព្រៃវែង កំពង់​ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ ជាដើម បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដើម្បី​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌ និង​ដោះស្រាយ​ជូន​ពួកគាត់៕